ព័ត៌មានជាតិ

ប្រធានការិយាល័យ «លេខាធិការដ្ឋាននៃអគ្គលេខាធិការដ្ឋាន គ.ជ.ប» ជិះម៉ូតូបុកគូទរថយន្តកុងតឺន័រ បណ្ដាលឲ្យស្លាប់មួយរំពេច

ភ្នំពេញ: បុរសវ័យចំណាស់ម្នាក់ បានស្លាប់បាត់បង់ជីវិត បន្ទាប់ពីជិះម៉ូតូយ៉ាងលឿនទៅបុកគូទរថយន្តកុងតឺន័រ កាលវេលា ម៉ោង១២និង៣០នាទីយប់រំលងអធ្រាត្រ ឈានចូលថ្ងៃច័ន្ទ ទី២០ ខែមករា ឆ្នាំ២០២០ ត្រង់ចំណុចជាប់របងផែស្ងួត សូងួន តាមបណ្តោយផ្លូវវេងស្រេង ក្នុងសង្កាត់ចោមចៅទី២ ខណ្ឌ ពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

ជនរងគ្រោះឈ្មោះ ហ៊ី តិនសៀង ភេទប្រុស អាយុ៦៣ឆ្នាំ ជនជាតិខ្មែរ មុខរបរ ប្រធានការិយាល័យ លេខាធិការដ្ឋាននៃអគ្គលេខាធិការដ្ឋាន គ.ជ.ប ទីលំនៅអចិន្រ្តៃយ៍ផ្ទះ១៨អឺ២ ផ្លូវ១២៤ សង្កាត់មនោរម្យ ខណ្ឌ៧មករា រាជធានីភ្នំពេញ (ស្លាប់) ជិះម៉ូតូម៉ាកឌ្រីម សង់ C125 ស៊េរីឆ្នាំ២០១៨
ពណ៌ខ្មៅ ពាក់ផ្លាកលេខ ភ្នំពេញ1HB-9615។ ចំណែកឯរថយន្តកុងតឺន័រ ពណ៌ស ពាក់ផ្លាកលេខ ខាងមុខ ព្រះសីហនុ 3A-3522 និងខាងក្រោយ ពាក់ផ្លាកលេខ ស្វាយរៀង 4A-0005។

ដំណើររឿង៖ ដំបូងឡើយគេឃើញរថយន្តកុងតឺន័រ បានចតនៅលើផ្លូវមិនបានដាក់ភ្លើងសញ្ញានោះទេ បែរក្បាលទៅទិសខាងលិច រំពេចនោះ ក៏មានបុរសវ័យចំណាស់ម្នាក់ បានជិះម៉ូតូខាងលើ យ៉ាងលឿនតាមបណ្ដោយផ្លូវវេងស្រេង ទិសដៅស្របគ្នា។ មកដល់ចំណុចកើតហេតុ បានបុកចំកាងដែក រថយន្តខាងក្រោយ បណ្ដាលឲ្យដួលរងរបួសធ្ងន់ ភ្លាមៗនោះ ក៏មានរថយន្តគ្លីនិកឯកជនដឹកយកទៅសង្គ្រោះនៅឯ មន្ទីរពេទ្យលោកសង្ឃ តែជាអកុសលដល់មន្ទីរពេទ្យជនរងគ្រោះ បានដាច់ខ្យល់ស្លាប់បាត់ទៅ ចំណែកតៃកុងរថយន្ត បានគេចខ្លួន បាត់ស្រមោល។

ក្រោយកើតហេតុ សមត្ថកិច្ចជំនាញចុះមកវាស់វែងយក រថយន្តនិងម៉ូតូ ទៅរក្សាទុករង់ចាំដោះស្រាយគ្នាពេលក្រោយ ចំណែកសព ត្រូវបានតម្កល់ទុកនៅក្នុងមន្ទីរពេទ្យ រង់ចាំស្រាវជ្រាវរកសាច់ញាតិ មកទទួលយកទៅធ្វើបុណ្យតាមប្រពៃណី៕

មតិយោបល់