ព័ត៌មានសិល្បៈ និងកម្សាន្ត

នាវា​យក្ស TITANIC នាវា​ផលិត​នៅ​ប្រទេស​ចិន នឹង​បង្ហាញ​ខ្លួន​នៅ​ឆ្នាំ ២០១៦

​មហាសេដ្ឋី​ជនជាតិ​អូស្ត្រាលី​ម្នាក់ បាន​សម្រេចចិត្ត​បង្កើតឡើង​វិញ នូវ​វា​នា​យក្ស​«​ទី​តានី​ក (Titanic)»​។ គម្រោង​នេះ ទំនង​ជា​ចេញ​ជា​រូបរាង នៅ​ឆ្នាំ​២០១៦​ខាងមុខ​។ ចុះ​តម្លៃ​សំបុត្រ​វិញ បើ​មាន​អ្នក​ចង់​ជិះ​កំសាន្ដ …? ១​លាន​ដុល្លា !!!

​នៅ​ថ្ងៃ​ទី​១៤​មេសា​ឆ្នាំ​១៩១២ នាវា​ទី​តានី​ក បាន​លិច​ចុះ ទៅ​បាត​មហាសមុទ្រ​អា​ត្លង់​ទីក​។ ៨៥​ឆ្នាំក្រោយ គឺ​នៅ​ឆ្នាំ​១១៩៧ ព្រឹត្តិការណ៍​ដ៏​សោកសៅ​នេះ ត្រូវបាន​សមិទ្ធិ​ករ​ភាពយន្ដ​នៅ​ហូលីវូដ លោក ជេម កា​មេ​រូ​ន (James Cameron) យក​មក​ឆ្នៃប្រឌិត ទៅ​ជា​ភាពយន្ដ​មួយ យកឈ្មោះ «​ទី​តានី​ក​»​ដដែល មក​ដាក់​ជា​ចំណងជើង​។ ដូច្នេះ នរណា​ទៅ​ដែល​អាច​ជឿ​បាន ថា​មួយ​សតវត្ស​ក្រោយ នៃ​ព្រឹត្តិការណ៍​លិចលង់​នេះ ត្រូវបាន​មនុស្ស​ជាច្រើន​នាក់​ផ្សេងទៀត នៅលើ​ភពផែនដី​យើង ត្រៀមខ្លួន​នឹង​ធ្វើដំណើរ​ជាមួយនឹង​នាវា​យក្ស «​ទី​តានី​ក​២» សារជាថ្មី​?
https://i1272.photobucket.com/albums/y389/domneng/20130226-titanic-peinture_728x728_zps3831d2bf.jpg
​ចម្លើយ​៖ មិន​មាន​នរណា​ផ្សេង​ច្រើន​ទេ ក្រៅពី​មហាសេដ្ឋី​ម្នាក់ នៅ​ប្រទេស​អូស្ត្រាលី ដែល​ចង់​សម្រេច​អោយបាន នូវ​សេចក្ដី​ស្រមៃ​មួយ​នេះ កើត​ជា​រូបរាង គឺ​សាងសង់​ឡើង​វិញ នូវ​ទី​តានី​កមួយ​ថ្មី ដូច​វា​នា​ចាស់​ពី​មុន​។ ក្លា​វ ផាលម័​រ (Clive Palmer) ដែល​ជា​កំពូល​អ្នកមាន​ម្នាក់ ខាង​ការរុករក​រ៉ែ​គ្រប់​ប្រភេទ បាន​ចុះហត្ថលេខា​មួយ កាលពី​ពេល​ថ្មីៗ​នេះ ជាមួយនឹង ស៊ី​អេស៊ី ជីន​លីង (CSC Jinling) ក្រុមហ៊ុន​រដ្ឋ​ខាង​សាងសង់​នាវា របស់​ប្រទេស​ចិន ដើម្បី​ដាក់​គម្រោង​នៃ​ក្ដី​ស្រមៃ​របស់គាត់ អោយ​ឃើញ​ពន្លឺ​ថ្ងៃ​។​

​ជានា​វា​ដូច​ពីមុន តែ​មាន​ភាពទំនើប​ជាង​។ ជា​ការពិត​ហើយ ១០០​ឆ្នាំ​ក្រោយ​ពី​នាវា​នេះ​លិចទៅ បច្ចេកវិទ្យា និង​វិទ្យាសាស្ត្រ បាន​រីកចម្រើន​ទៅ​មុខ​យ៉ាង​ច្រើន​។ នាវា​«​ទី​តានី​ក​២» នឹង​បំពាក់​ដោយ​សម្ភា​រះ នាវាចរណ៍​យ៉ាង​សម​ប្រកប ត្រូវ​នឹង​សម័យកាល​ថ្មី​។ អ្នកជំនាញ ខាង​ប្រវត្តិសាស្ត្រ​ជាច្រើន​នាក់ នឹង​ត្រូវបាន​គេ​អញ្ជើញ អោយ​មក​ផ្ដល់​យោបល់ ពី​រចនាបថ​ដើម របស់​នាវា​ទីមួយ​។ ប៉ុន្តែ​លើក​នេះ ក្រុម​អ្នក​មាន​ប្រាក់​ទាំងឡាយ ប្រហែល​ជា​សប្បាយ​ចិត្ត​ជា​ង​មុន ដោយសារ​តែ​បន្ទប់ សម្រាប់​អ្នក​មិន​សម្បូរ​ទ្រព្យ​ធន់ (​ចំណាត់ថ្នាក់​ទី​៣) នឹង​អាច​ត្រូវ​គេ​លប់ចោល ហើយ​គ្រប់គ្នា​នៅ​លើ​នាវា នឹង​មាន​មួយកន្លែង​ម្នាក់ នៅក្នុង​ទូក​ជួយសង្គ្រោះ​តូចៗ របស់​នាវា​។ «​ស្ត្រី​និង​កុមារ នឹងត្រូវ​គេ​ជួយ​សង្គ្រោះ​មុនគេ​» តែ​សម្រាប់​នាវា​ទី​តានី​ក​ទី​២ ទ្រី​ស្ដី​នេះ​នឹង​ត្រូវ​គេ​យកមក​គិត នៅពេល​ក្រុម​អ្នក​ពិសេស «VIP» ត្រូវ​បាន​ជួយ​សង្គ្រោះ​រួច​អស់​។​

​បំពង់​ផ្សែង មាន​ការតុបតែង​ពិសេស​

​លោក ក្លា​វ ផាលន័​រ ចង់​សម្រេច​ក្ដី​ស្រមៃ​របស់លោក ទៅ​ដល់​ចុង​បំផុត​នៃ​ពិភពលោក​។ ជា​ការពិត ព្រោះ​លោក​បាន​បង្កើត ក្រុមហ៊ុន​ខាង​ដំណើរ​សមុទ្រ​មួយ ឈ្មោះ​«​ប្លូរ​ស្ដា​រឡាញ (Blue Star Line)» ដើម្បី​ជា​ម្ចាស់​របស់​ទី​តានី​ក ជំនួស​អោយ​ម្ចាស់​ទី​តានី​កចាស់ ដែល​មានឈ្មោះ​ថា «​វ៉ា​យ​ស្តា​ឡាញ (White Star Line)»​។ ដូច្នេះ គឺ​«​ប្លូរ​ស្ដា​រឡាញ​» ដែល​នឹង​ទទួល​ការ​កក់​សំបុត្រ​របស់​មហាសេដ្ឋី​ទាំងឡាយ ក្នុង​ពិភពលោក ដើម្បី​ចង់​ឃើញ​ឡើងវិញ នូវ​ប្រវត្តិសាស្ត្រ​ដ៏​អស្ចារ្យ​នៃ​នាវា​យក្ស​ទីមួយ ដែល​ធ្លាប់​ដំណើរការ​បាន​តែ​មួយ​ជើង ហើយក៏​បាន​ស្លាប់​ទៅ​វិញ ដោយ​គ្រាន់តែ​ឆ្លង​សមុទ្រ នៅ​លើក​ដំបូង​របស់​ខ្លួន​។ ប៉ុន្តែ​សូម​កុំ​ច្រឡំ នឹង​ក្រុមហ៊ុន​មួយទៀត ដែល​នៅក្នុង​ប្រវត្តិសាស្ត្រ​ឆ្នាំ​១៩១១ មានឈ្មោះ​ថា «​ប្លូរ​ស្ដា​រឡាញ​» ដូចគ្នា ហើយ​ធ្លាប់​មាន​បេសកកម្ម ក្នុង​ការដឹក​គ្រឿងឧបភោគ​បរិភោគ រវាង​ប្រទេស​ចិន និង​ចក្រភព​អង់គ្លេស​។​

​មាន​ការបង្កើត​ថ្មី​ខ្លះ​ដែរ ដូចជា​ម៉ាស៊ីន​គ្រឿងចក្រ នឹង​លែង​មាន​ដំណើរការ​ជាមួយនឹង​ធ្យូង ដូច​លើក​មុន​ហើយ តែ​ជាមួយ​នឹង​ប្រេងម៉ាស៊ូត ដែល​ធ្វើអោយ​សរសរ​បំពង់ផ្សែង​ទាំង​បួន ដាក់​តាំង​នៅ ដោយ​គ្មាន​ប្រយោជ​អ្វី​សោះ​។ តែ​ដើម្បី​សាងសង់​អោយ​ដូចនឹង​នាវា​ទីមួយ សរសរ​បំពង់ផ្សែង​ទាំងនេះ នឹងត្រូវ​គេ​ដាក់​នៅ​កន្លែង​ដដែល ហើយ​ត្រូវ​បន្ថែម​នូវ​រចនាបថ យ៉ាង​ល្អ​ប្រណិត​ផ្សេងៗ​។​

​គុណភាព​ចិន ដែល​នៅ​មាន​សង្ស័យ​

​ប្រធាន​ការដ្ឋាន​សាងសង់​នាវា​រដ្ឋ​ចិន លោក​ជឺ បាវ (Ge Biao) បាន​ថ្លែង​ប្រាប់​ភ្នាក់ងារ​សារព័ត៌មាន​ចិន​ថា នៅតែ​មាន​ការពិបាក ក្នុង​ការសាងសង់​នាវា​មួយ «​អោយ​ដូច​» នាវា​យក្ស​ដ៏​ប្រណិត​មុន​មួយទៀត បើទោះជា​ចិន​មាន​ជំនាញ និង​កម្មករ​ប្រកបដោយ​គុណភាព​នោះ​ក៏ដោយ​។ នោះ​ជា​អ្វី ដែល​កាសែត​វ៉ាស៊ីនតោន​ប៉ុស្ដ៍ បាន​សម្ដែង​ការព្រួយបារម្ភ​ដូចគ្នា ជាពិសេស​ពី​«​ជំនាញ​តាម​បែប​ចិន​» រាប់​ទាំង​ស្ថានភាព​ពលកម្ម​ដ៏​អាក្រក់ នៅក្នុង​ប្រទេស​ចិន​នោះ​ផង​។​

​នៅក្នុង​វិស័យ​សាងសង់​នាវាចរណ៍ ចិន​ជា​ប្រទេស​មួយ​ជំនាញ ខាង​សម្រេច​កិច្ចការ​បាន​លឿន និង​ថោក តែ​ជារឿយៗ ចិន​តែង​យក​សម្ភា​រះ ដែល​មាន​គុណភាព​ទី​ពីរ (​និយាយ​អោយ​ខ្លី​៖​អន់​) មកប្រើប្រាស់​ក្នុង​ការសាងសង់​នាវា​។ ម្យ៉ាងទៀត នៅក្នុង​វិញ្ញាសារ​សាងសង់ «​នាវាចរណ៍​សមុទ្រ​»៖ បណ្ដា​ប្រទេស​នៅ​អ៊ឺរ៉ុប បាន​ផលិត​ចេញ នូវ​នាវា​ក្នុង​តួលេខ ៧០% នៃ​នាវា​ទេសចរណ៍​ទាំងអស់ ក្នុង​ពិភពលោក ខណៈ​ចិន​ផលិត​បាន​តែ ៣%​ប៉ុណ្ណោះ​។​

​តម្លៃ​ចំណាយ​ពិតប្រាកដ នៅ​មិន​ទាន់​លាតត្រដាង​អោយ​ដឹង​នៅឡើយ ដោយ​គេ​គ្រាន់តែ​ដឹងថា ទំហំ​នៃ​ការសាងសង់​នេះ អាច​នឹង​ត្រូវ​អស់​ទឹកប្រាក់​ប្រមាណ​ជា ២០០​លាន​ដុល្លា​។ នាវា​នឹង​អាច​ទទួល​អតិថិជន​ចំនួន ២៤០០​នាក់ សង់​ជា​៩​ជាន់ ចែកជា​៨៤០​បន្ទប់ និង​មាន​បន្ទប់​កាយ​វប្បកម្ម អាង​ហែល​ទឹក បណ្ណាល័យ ឬ​ភោជនីយដ្ឋាន​ពិសេស​។ បុគ្គលិក​នៅ​លើ​នាវា នឹង​មាន​ចំនួន​ដល់​ទៅ ៩០០​នាក់ ដែល​សុទ្ធសឹងតែ​មាន​ជំនាញ​ពិតប្រាកដ ហើយ​នឹង​ត្រូវ​ចាប់ផ្ដើម​បើក​សេវាកម្ម​របស់​ខ្លួន នៅ​ឆ្នាំ​២០១៦​ខាងមុខ​។​

​សំនួរ​ដែល​នៅ​សេសសល់ នឹង​សួរថា តើ​នាវា​នឹង​ឆ្លង​សមុទ្រ​ពី​ណា ហើយ​ទៅ​ណា​? តែ​យ៉ាងណាក៏ដោយ ក៏​គេ​សង្ឃឹម​យ៉ាង​មុតមាំ​ថា ដំណើរ​ចរណ៍​របស់​នាវា នឹង​មិន​ទៅ​កាត់​ផ្លូវ​មួយ រួច​បុក​«​ផ្ទាំង​ទឹកកក​» ដូច​ក្នុង​ប្រវត្តិ​ដើម​របស់​វា ទៀត​នោះ​ទេ​៕​

មតិយោបល់