បាត់មុខពីសិល្បៈមួយរយៈ តារាសម្ដែងវ័យក្មេង លោក គីម ផាន់ណាវីត ទើបតែវិលមកកាន់ការសម្ដែងប្រមាណជាមួយឆ្នាំចុងក្រោយប៉ុណ្ណោះ ប៉ុន្តែគេកត់សម្គាល់ថា ទីផ្សារសិល្បៈរបស់លោករីកលូតលាស់ដាច់ឆ្ងាយពីការសស្រាក់សស្រាំលើកមុនៗ។ អ៊ីចឹងហើយ ទើបក្នុងពិធីខួបកំណើតរបស់លោកកាលពីថ្ងៃទី៣ កុម្ភៈ ឆ្នាំ២០២០ មានសិល្បករចូលរួមច្រើន។
លោក គីម ផាន់ណាវីត និយាយថាកន្លងមកលោកធ្លាប់តែធ្វើខួបកំណើតតូចៗជាលក្ខណៈគ្រួសារតែប៉ុណ្ណោះ ទើបលោកសប្បាយចិត្តនៅពេលលោកធ្វើខួបធំ ហើយមានតារាសិល្បៈ និងភ្ញៀវកិត្តិយសចូលរួមកុះករ។ ពិធីក៏ដើម្បីជួបជាអ្នកសិល្បៈ និងដើម្បីពង្រីកកេរ្តិ៍ឈ្នះរបស់លោកក្រោយពេលឡើងកូដផងដែរ។ លោកក៏ប្រកាស នឹងធ្វើខួបអោយធំនៅឆ្នាំក្រោយ ប្រសិនបើការងារសិល្បៈរបស់លោកកាន់តែមានការឈានឡើងនោះផងដែរ។
លោក គីម ផាន់ណាវីត បន្តថា ចាប់ពីពេលនេះតទៅ លោកនឹងទទួលការងារសិល្បៈអោយពេញទំហឹង មិនឈប់បាត់មុខទៀតទេ បន្ទាប់ពីលោកសម្រេចចិត្ត ព្យួរចោលការសិក្សាផ្នែកទីផ្សារត្រឹមឆ្នាំទី២ ដោយលោកបញ្ជាក់ថា ដើម្បីមានពេលរកលុយ និងសាងកេរ្តិ៍ឈ្មោះនៅក្នុងពិភពសម្ដែង។ ក្នុងនោះលោកក៏ត្រៀមបើកហាងផាប់ និងហាងលក់អាហារ បន្ទាប់ពីបញ្ចប់ពិធីខួបកំណើតផងដែរ ដើម្បីមានចំណូលទប់នឹងការងារសិល្បៈ។ លោកទើបតែបានថតបញ្ចប់រឿង “មន្តស្នេហ៍នាងដារីយ៉ា” ដែលជារឿងភាគរបស់ផលិតកម្មក្លាស៊ីក ត្រៀមនឹងដាក់បញ្ចាំងនៅTVK ខណៈដែលក្នុងពេលនេះ លោកក៏មានឱកាសថត MV និង បទចម្រៀងអោយផលិតកម្មហង្សមាសជាដើម ដែលធ្វើអោយលោកមើលឃើញ ពីការឈានឡើងក្នុងសិល្បៈ។ ដោយឡែកក្នុងពិធីខួបរបស់លោក គេឃើញមានវត្តមានតារាថ្មីៗជាច្រើនរូប ដោយតារាល្បីៗ ក៏មានវត្តមានចូលរួមមិនតិចនាក់ផងដែរ៕
មតិយោបល់