ព័ត៌មានសិល្បៈ និងកម្សាន្ត

សេម ស្ងាត់អាជីពចម្រៀង លេចមុខតួឯកក្នុងរឿង « វិញ្ញាណតៃហោង »

មួយរយ:ចុងក្រោយ គេកត់សម្គាល់ថា តារាចម្រៀងលោក សេម ស្ទើរតែគ្មានបទផ្ទុះ ដើម្បីកញ្ឆក់អ្នកគាំទ្រឲ្យខ្លាំងក្លាដូចមុន។ ប៉ុន្តែតារារូបនេះ បែរជាមានទីផ្សារក្នុងការសម្ដែងជំនួសវិញ។ ក្រៅពីទទួលបានឱកាសថតស្ពត លោកក៏ត្រូវគេឃើញលេចមុខ ជាតួឯកក្នុងខ្សែភាពយន្ដខ្នាតធំរឿង « វិញ្ញាណតៃហោង » របស់ផលិតកម្មបាដិហារ្យ ដែលធ្វើពិធីសម្ពោធ កាលពីរាត្រីថ្ងៃទី ២ ខែមីនា ឆ្នាំ ២០២០ នោះផង។

លោក ស៊ុម ភារិន ជាអ្នកនិពន្ធ និងជាផលិតករនៅក្នុងរឿងនេះ បានមានប្រសាសន៍ថា ភាពយន្តខ្នាតធំមួយនេះ គឺត្រូវបានចំណាយពេល នៅក្នុងការថតចំនួន ៦ខែទើបបានចប់ជាស្ថាបពរ ដោយលោកសម្រេចជ្រើសយកតារាចម្រៀងសេម ឲ្យសម្ដែងតួឯកជាថ្មី បន្ទាប់ពីលោកផ្ដល់ឱកាសឲ្យសម្ដែងជាតួឯកក្នុងរឿងរបស់ខ្លួនលើកមុន ហើយទទួលជោគជ័យ។

តារាចម្រៀង លោក សេម និយាយថា រឿងនេះលោកថាចុះថតនៅតាមបណ្ដាខេត្ត ហើយអ្វីដែលជាផលវិបាកនោះ គឺមានការថតនៅក្នុងព្រៃរហូតដល់យប់ជ្រៅ ឬទល់ភ្លឺក៏មាន ចំណែកឯថវិការ ក្នុងការផលិតក៏ច្រើនគួរសម ប្រហាក់ប្រហែលទៅនឹងភាពយន្តមុនៗ ដែលលោកបានផលិត។ មិនត្រឹមតែពង្រឹងគុណភាពផ្នែកផលិត ពិសេសនោះ គឺការរៀបចំប្លង់ថត និងប្រព័ន្ធភ្លើងកាមេរ៉ា លោកក៏បានបង្ហើបថា មានការខិតខំកែឆ្នៃ និងតម្លើងបច្ចេកទេសថ្មីៗ ដើម្បីឱ្យកាន់តែមានភាពច្បាស់ត្រជាក់ភ្នែក ព្រមទាំងចម្រាញ់យកនូវតួសម្ដែងវ័យក្មេងល្បីៗ ក្នុងនោះមាន កញ្ញា ហ្វា ហ្វា និងកញ្ញា សុខលីន ដែលត្រូវបានគេស្គាល់ថាជាតារា TikTok កំពុងមានឈ្មោះបោះសំទ្បេងចូលរួមសម្ដែង ជាមួយលោកផងដែរ។ មិនតែប៉ុណ្ណោះ ក្រោយបញ្ចប់ការថតខ្សែរភាពយន្តនេះ រួចមក ខាងផលិតកម្ម ក៏នឹងត្រៀមថតខ្សែភាពយន្តចំនួនបី រឿងជាបន្តបន្ទាប់ផងដែរ។

ងាកមកចាប់អារម្មណ៍អំពីសាច់រឿង «វិញ្ញាណតៃហោង » វិញគឺនិយាយអំពីផ្ទះចំណាស់មួយ ដែលគេទុកចោលកណ្ដាលព្រៃជ្រៅ តាំងពីឆ្នាំ ១៩៩០ ដែលពោរពេញទៅដោយវិញ្ញាណអាថ៍កំបាំងដ៏កាចសាហាវ។ ជាង ២០ ឆ្នាំកន្លងផុតទៅ ផ្ទះនេះមានសភាពស្ងប់ស្ងាត់ ដោយមិនមានអ្នកហ៊ានទៅក្បែរ តែពេលនេះ ព្រោះតែសេចក្ដីប្រមាថរបស់ក្មេងមួយក្រុម ហាក់ដូចជាទង្វើ ដែលដាស់វិញ្ញាណទាំងនោះ ឲ្យក្រោកឡើងវិញ លទ្ធផលចុងក្រោយ អ្នកខ្លះមិនសល់ទាំងជីវិត ត្រឡប់មកវិញផង។

ភាពបែបកំប្លែង និងរន្ធត់នេះ នឹងដាក់បញ្ចាំងចាប់ពីថ្ងៃទី៥ មីនា ២០២០ តទៅ នៅគ្រប់រោងភាពយន្តទំនើប៕

មតិយោបល់