ភ្នំពេញៈប្រកាសជំហរវិលចូលក្នុងរង្វង់សិល្បៈវិញ កវីនិពន្ធ សាន សេកសុខុម បានឲ្យដឹងថា សម្រាប់តារាៗ និងផលិតកម្មមួយចំនួន អាចនឹងទទួលបានបទចម្រៀង Original Song ពីលោក ក្នុងលក្ខណ្ឌ មិនគិតកម្រៃ។
ការផលិតបទថ្មី ស្នាដៃកូនខ្មែរ ឬ Original Song គឺចំណាយទុនច្រើនក្នុងការផលិត ដែលជាហេតុ ធ្វើឲ្យផលិតកម្មក្នុងស្រុកកន្លងមក មិនផ្តោតអារម្មណ៍នោះទេ សុខចិត្តយកបទប្រទេសជិតខាងមក ធ្វើឲ្យបន្ទាន់សម័យ ស្រួលហើយ ចំណេញទៀត ។
ពាក់ព័ន្ធនឹងចំណុចនេះ លោក សាន សេកសុខុម បានលើកឡើងថា បើទោះបីជាយើងចង់លើកមុខមាត់ប្រទេសជាតិ តាមរយៈបទ Original Song ប៉ុន្តែក្នុងអំឡុងពេលមុនៗ ដែលលោក ស្ថិតក្នុងរង្វង់សិល្បៈ ខាងផលិតកម្មគេមិនគិតដូចលោកនោះទេ គិតរឿងចំណេញ និងខាតតែប៉ុណ្ណោះ ។
លោក សាន សេកសុខុមថា«ដើម្បីលើកស្ទួយសិល្បៈខ្មែរ ខ្ញុំនៅតែបើកចំហរសម្រាប់អ្នកចម្រៀង ផលិតកម្មធំៗក្នុងស្រុក ដែលចង់បានបទចម្រៀងឲ្យអ្នកចម្រៀងគាត់ច្រៀង ដោយ Melody ថ្មី មកទាក់ទងខ្ញុំ នោះខ្ញុំនឹងចែករំលែក ហើយហេងស៊យ ខ្ញុំអាចឲ្យដោយមិនគិតថ្លៃផង សម្រាប់ តារាច្រៀង ដែលជា Idol របស់ខ្ញុំមួយចំនួន ដែលខ្ញុំពេញចិត្តគាត់ តែសូមរក្សាសិទ្ធនូវបទខ្ញុំផង» ។
លោក សាន សេកសុខុម បានអះអាងថា បទច្រៀង ដែលស្ថិតក្នុងដៃលោក មិនក្រោម ៣០បទនោះទេ ដែលជាបទ Original Song ដោយនិពន្ធរួចរាល់ហើយ ដោយរងចាំ តែតារាៗ ឬផលិតកម្ម យកទៅរៀបចំ ឲ្យតារាខ្លួន ច្រៀងតែប៉ុណ្ណោះ៕
មតិយោបល់