ភ្នំពេញៈ តារាចម្រៀងរបស់ផលិតកម្មហង្សមាស កញ្ញា សុខ សីឡាលីន ត្រូវបានតារាប្រុសម្នាក់សរសើរមិនដាច់ពីមាត់ថា ចរិកបាន មិនឆ្មើងមិនឆ្មៃ ទោះស្ថិតក្នុងកាលៈទេសៈណាមួយក៏ដោយនោះ។
គេស្គាល់តារាចម្រៀង ហង្ស មាស កញ្ញា សុខ សីឡាលីន ច្បាស់បំផុត តាមរយៈបទចម្រៀង «Cambodia Kingdom of Wonder» ដែលបទនេះនាងច្រៀងឲ្យក្រសួងទេសចរណ៍ ។
សុខ សីឡាលីន ពិតជាមានចរិក រួសរាយរាក់ទាក់ ដោយនាងមិនប្រកាន់ថា តារាចូលមុន តារាចូលក្រោយក្នុងរង្វង់សិល្បៈនោះទេ គឺនាងតែងតែបញ្ចេញស្នាមញញឹម និងនិយាយលេងសើចទៅកាន់អ្នកទាំងនោះ ដែលស្ថិតក្នុងរង្វង់សិល្បៈ ដែលខុសពីតារាល្បីៗមួយចំនួន វាយឬក សូម្បីតែមើលមុខ មិនមើលផងពេលខ្លះ ។ នេះគឺជាសម្តី តារាសម្តែង ផាប់ ឃីស ដែលបានផ្តល់បទសម្ភាសន៍ឲ្យ Post News នៅរសៀលថ្ងៃទី៣០ កក្កដា ។
ផាប់ ឃីស បានបញ្ជាក់ថា ជាក់ស្តែង កាលពីថ្ងៃទី២៩ ខែកក្កដា ក្នុងកម្មវិធីតន្ត្រីនៅស្ថានីយ៍ទូរទស្សន៍ស៊ីធីអិន សុខ សីឡាលីន បានបង្ហាញអត្តចរិក សាកសមជាតារាខ្មែរ ប្រកបដោយអត្តចរិកសមសួន ជាទីបំផុត។
ផាប់ ឃីស ថា«ធាតុពិតសម្រាប់ខ្ញុំ និង សុខ សីឡាលីន មិនស្និទ្ធស្នាលនិងគ្នានោះទេ ប៉ុន្តែរាល់ពេលដែល ជួបគាត់ មិនសរសើរមិនបាន ហើយចំណុចនេះ មិនមែនគាត់បង្ហាញសម្រាប់ខ្ញុំនោះទេ ដែលគាត់(សុខ សីឡាលីន) សូម្បីតែតារាផ្សេងៗទៀត ក៏គាត់បង្ហាញអត្តចរិកយ៉ាងដូច្នោះដែរ» ។
ផាប់ ឃីស បានអំពាវនាវ និងសង្ឈឹមយ៉ាងមុតមាំថា សូមឲ្យតារាៗខ្មែរ រាក់ទាក់គ្នា ធ្វើការជាធ្លុងមួយ ដើម្បីជួយឲ្យ សង្គមសិល្បៈ ខ្មែរ រីកចម្រើនទៅមុខ ជាលំដាប់ កុំពិភពលោកមើលងាយខ្មែរ ៕
មតិយោបល់