កាលពីថ្ងៃទី១០ កុម្ភៈ ឆ្នាំ២០២០ គ្រួសារតារាកម្ពុជា បានដឹកនាំសប្បុរសជន និង ជំនួយជួយដល់ សមាគមក្មេងកំព្រាស្នាមញញឹមនៃក្ដីសង្ឃឹមរបស់កុមារ ដែលមានទីតាំងនៅតាមបណ្ដោយផ្លូវជាតិលេខ២ ក្នុងស្រុកកណ្ដាលស្ទឹង ចម្ងាយប្រមាណជា៥គីឡូម៉ែត្រពីរង្វង់មូលគួរស្រូវ យ៉ាងសន្ធឹក។ អំណោយទាំងនោះ រួមមានភេសជ្ជៈ តែបៃតងជិត៣០កេស ទឹកសុទ្ធជាច្រើនកេស មីសរុបជាង១០កេស ត្រីខសរុបជាង២កេសធំ អង្ករ៦បេ ទឹកត្រីទឹកស៊ីអ៊ីវ សំលៀកបំពាក់ នំ និងថវិកាសរុបជិត៣លានរៀល ដែលសុទ្ធតែបានពីកម្លាំងសាមគ្គី។ ក្នុងនោះសប្បុរសជន ដែលចូលរួមដោយផ្ទាល់ ក៏បានប្រកាសផ្ដល់ម៉ាស៊ីនចម្រោះទឹកស្អាត អំពូលសុឡាបំភ្លឺផ្លូវចូលសម្រាប់ក្មេងៗ និងប្រកាសផ្ដល់ក្នុងមួយខែ១៥០០ដុល្លារ ដើម្បីបំពេញកង្វះខាតផ្នែកម្ហូបអាហាររបស់សមាគមផងដែរ។
អ្នកស្រី ប៉ូ ស្រូគង់ ប្រធានសមាគមស្នាមញញឹមនៃក្ដីសង្ឃឹមរបស់កុមារកម្ពុជា បានបង្ហាញសេចក្ដីសោមនស្សរីករាយយ៉ាងខ្លាំង ដោយអ្នកស្រីប្រាប់ថា នេះជាអំណោយទ្រង់ទ្រាយធំមួយ ដែលសមាគមខ្លួនទទួលបានតាមរយៈគ្រួសារតារាកម្ពុជា។ អ្នកស្រីថាក្មេងៗ ដែលសុទ្ធសឹងតែឪពុកម្ដាយស្លាប់ចោល និងបោះបង់ចោលសរុបជាង៤០នាក់ នៅមានកង្វះខាតច្រើនណាស់ ជាពិសេសលើតម្រូវការក្នុងការសិក្សា ស្បែកជើង មធ្យោបាយទៅសាលា ថ្លៃព្យាបាលនៅពេលសមាជិកណាមួយឈឺ ថវិកាផ្គត់ផ្គង់អាហារប្រចាំថ្ងៃ និង កន្លែងស្នាក់នៅរបស់ក្មេងៗជាដើមៗ។ អ្នកស្រីថា ខ្លួនសុខចិត្តធ្វើនំលក់អោយរោងចក្រ ដើម្បីជីវភាពក្មេងៗ ដោយមិនសុខចិត្តបិទសមាគមហើយអោយក្មេងៗតែលតោលត្រលប់ទៅស្រុកវិញឡើយ។ អ្នកស្រីសប្បាយចិត្ត ដែលគ្រួសារតារាកម្ពុជា យល់ព្រមទទួលសំណើររបស់ខ្លួន ហើយកៀរគរបានសប្បុរសជនផ្ដល់ជាជំនួយយ៉ាងច្រើន ដែលអ្នកស្រីមិននឹកស្មាននោះ។
លោក ទួន ប៉ូលី អ្នកគ្រប់គ្រងទូទៅរបស់ក្រុមហ៊ុនតែបៃតងថេនសៃ បានថ្លែងបញ្ជាក់ថា ក្រុមហ៊ុនរបស់លោកពិតជាមានអារម្មណ៍សប្បាយរីករាយយ៉ាងខ្លាំង ដែលបានរួមចំណែកនូវថវិកា១លានរៀល ភេសជ្ជៈថេនសៃ២៥កេស មី៦កេស ត្រីខមួយកេសធំ និងទឹកត្រីទឹកស៊ីអ៊ីវ ជាច្រើនយួរជាមួយគ្រួសារតារាកម្ពុជា ដើម្បីជួយសម្រួលដល់ការលំបាករបស់សមាគមនេះ។ លោកថានេះជាលើកទី១ ដែលក្រុមហ៊ុនសហការ ជាមួយគ្រួសារតារាកម្ពុជា ហើយឃើញតារាសិល្បៈ ទាំងនេះ រួមគ្នាទិញជាសម្ភារៈ និង គ្រឿងឧបភោគបរិភោគជាច្រើនទៀត ធ្វើអោយជំនួយនៅក្នុងថ្ងៃនោះ មានកម្រិតធំ។ លោកប្រកាសជំហរថា នឹងបន្តសហការ ជាមួយគ្រួសារតារាកម្ពុជា អោយបានច្រើន ដើម្បីការងារសង្គម។
លោក ផាត់ តារារដ្ឋ ស្ថាបនិកគ្រួសារតារាកម្ពុជា ថ្លែងថា អំណោយដែលបានប្រគល់ជូននេះ មានចំនួន៣ផ្នែក មួយផ្នែកជាការចូលរួម របស់ក្រុមហ៊ុនតែបៃតងថេនសៃ មួយផ្នែកជាការកៀរគរ និងការបរិច្ចាគផ្ទាល់ពីតារាសិល្បៈរបស់់គ្រួសារតារាកម្ពុជា និង មួយផ្នែកទៀត គឺជាការផ្ដល់ដោយលោកឧកញ៉ាបណ្ឌិត គាង សេង ប្រធានក្រុមហ៊ុនគាងសេង ដែលជួយជាផ្ទាំងសុឡាបំភ្លឺផ្លូវ ថវិកា១លានរៀល និងសន្យារកជំនួយជូន ក្នុងមួយខែ១៥០០ដុល្លារ ផ្គត់ផ្គង់ថ្លៃម្ហូប និងតម្រូវការ ទើបធ្វើអោយជំនួយ ដែលយកទៅប្រគល់ជូននោះមានចំនួនច្រើន។ លោកក៏ថ្លែងអំណរគុណយ៉ាងពិសេស ចំពោះម្ចាស់ជំនួយ និងតារាសិល្បៈផងដែរ ដែលមិនត្រឹមតែលះបង់ពេលវេលា និងលុយកាក់ប៉ុណ្ណោះទេ ប៉ុន្តែក៏បានបង្កភាពរីករាយដល់ក្មេងៗយ៉ាងជិតស្និទ្ធិ មុនទិវារនៃក្ដីស្រទ្បាញ់មកដល់នោះផង៕
មតិយោបល់