ព័ត៌មានសិល្បៈ និងកម្សាន្ត

នូ សុភេន បន្តជំហរកៀរគរសប្បុរសជន ជួយដល់សហគមន៍ ក្នុងខេត្តព្រះវិហារ

មកទល់ពេលនេះ គេកត់សម្គាល់ថា ផលិតករកម្មវិធី និងជាអ្នកច្នៃឈុតបុរាណល្បីឈ្មោះ លោក នូ សុភេន នៅតែសកម្មក្នុងការចែករំលែកក្ដីស្រទ្បាញ់ និង បញ្ចេញស្នាដៃលើរចនាបែបខ្មែរ ប៉ុន្តែលោកច្រើនតែធ្វើដើម្បីជាប្រយោជន៍របស់សហគមន៍ក្នុងខេត្តព្រះវិហារប៉ុណ្ណោះ ដោយលោកបញ្ជាក់ថា ទីនោះ គឺជាស្រុកកំណើត និង ម្យ៉ាង មិនសូវមានអ្នកចាប់អារម្មណ៍ច្រើន។ ជាក់ស្ដែងកាលពីថ្ងៃទី២៣ កុម្ភៈ មុននេះ លោកក៏បានកៀរគរជំនួយពីសប្បុរសជននានា ជួយដល់សិស្សសាលាមួយកន្លែង ក្នុងខេត្តព្រះវិហារផងដែរ ដោយលោកប្រកាសជំហរថា នឹងបន្តគៀរគររកជំនួយជួយដល់ក្មេងៗ និង សហគមន៍នៅក្នុងខេត្តនេះ ទៅតាមលទ្ធភាពបន្តទៀត ដើម្បីចូលរួមអភិវឌ្ឍន៍ស្រុកកំណើត។

អំណោយដែលលោកនាំយកទៅចែកជូននេះ គឺជាជំនួយឧបត្ថម្ភរបស់លោកឧកញ៉ា សួរ វិរៈ អគ្គនាយកក្រុមហ៊ុនវីរៈប៊ុនថាំ និងលោកជំទាវ ប៊ុន ចន្ធូ ជូនដល់សិស្សានុសិស្សសិស្សសរុបចំនួន ១០០ នាក់ ដែលកំពុងសិក្សានៅសាលាបឋមសិក្សាភូមិទំនប់ ដែលសាលានេះ ស្ថិតនៅក្នុងភូមិទំនប់សង្កាត់ប៉ាល់ហាល ក្រុងព្រះវិហារ ខេត្តព្រះវិហារ។ លោក នូ សុភេន បានថ្លែងបញ្ជាក់ថា ក្មេងៗសិស្សសាលា នៅខេត្តព្រះវិហារភាគច្រើន នៅមានជីវភាពខ្វះខាត ទើបលោករមែងកៀរគរដល់សប្បុរសជន ដើម្បីប្រមូលជាមូនិធិជួយដល់អ្នកស្រុក នៅស្រុកកំណើតរបស់លោក តាមតែលោកធ្វើទៅបាន។

លោកថាដោយយោងទៅលើភាពខ្វះខាតរបស់បងប្អូន ដែលមានកូន កំពុងសិក្សាហើយកំពុងត្រូវការសម្ភារៈសិក្សា ដើម្បីបន្តការសិក្សាឲ្យបានចប់ជោគជ័យ ទៅថ្ងៃអនាគត នៅក្នុងសហគមនៃសាលាបឋមសិក្សា នៅខេត្តព្រះវិហារ ទើបលោកកៀរគរជំនួយ យកទៅចែករំលែក។
នេះមិនមែនជាលើកទី១នោះទេ ដោយពេលកន្លងមកលោក បានកៀរគរជំនួយបែបនេះ ជួយតាមលទ្ធភាពច្រើនដងមកហើយ ពីសប្បុរសជន ដែលលោកបានស្គាល់ ដល់សហគមន៍ និងសិស្សខ្វះខាតនៅខេត្តព្រះវិហារ៕

មតិយោបល់