ព័ត៌មានសិល្បៈ និងកម្សាន្ត

តារា១៥រូប ត្រូវបានប្រកាសជាតារាកុងត្រាផលិតកម្មហ្គោល

កាលពីថ្ងៃទី២៦ កុម្ភៈ ឆ្នាំ២០២០ ផលិតកម្មហ្គោល ដែលបើកដំណើរការបាន១ឆ្នាំមកហើយ បានធ្វើជួបជុំអាហារសាមគ្គី និងបង្ហាញមុខតារាចម្រៀងកុងត្រារបស់ខ្លួន ដោយក្នុងពិធីនោះ ក៏មាន កញ្ញា យ៉េយ៉េ និង តារាសម្ដែងមួយចំនួន ដែលធ្លាប់បានសម្ដែងក្នុងបទរបស់ផលិតកម្មនេះ ចូលរួមជាកិត្តិយសផងដែរ។ អ្វីដែលកត់សម្គាល់ គឺផលិតមួយនេះ ប្រមូលបានតារាចម្រៀង១៥រូបហើយ ដោយក្នុងនោះក៏មានតារាសម្ដែងក្មេងៗ ជាធនធានផងដែរ។

លោក យាំង បូរិន្ទ អ្នកគ្រប់គ្រងទូទៅ ប្រចាំផលិតកម្មហ្គោល បានថ្លែងបញ្ជាក់ថា រយៈពេលមួយឆ្នាំក្រោយបង្ហាញខ្លួននៅលើទីផ្សារ ផលិតកម្មហ្គោល ដែលបោះទុនវិនិយោគដោយអនិកជនក្រៅស្រុកមួយរូប ប្រមូលបានតារាចម្រៀងល្អៗជាសមាជិកកុងត្រាបានសរុប១៥រូបហើយ។ ផលិតកម្មទាំងមូលនៅមិនទាន់សម្រេចបិទឱកាសឈប់ទទួលតារាថ្មីៗនោះទេ ដោយនៅតែបន្តទទួលអ្នកមានសមត្ថភាពបន្ត ជាពិសេសតារាពន្លកថ្មី ដែលមានសំលេងល្អហើយចេញពីការប្រលង។ មកទល់ពេលនេះ លោកថា ផលិតកម្មផលិតបានបទចម្រៀងទាំងOriginal Song និងបទកែសម្រួលបានជាង៩០បទហើយ ដោយក្នុងពេលខាងមុខ ក៏មានគម្រោងផលិតជាភាពយន្តផងដែរ ដើម្បីវាយលុយទីផ្សារ។ លោកថាបទចម្រៀងល្អៗ ដែលមានការទទួលស្គាល់ គឺបទ ប្ដីគេទេអូន កុំស្រលាញ់ប្ដីខ្ញុំ រាំក្បែរទ្រង់ជ្រូក និងបទជាច្រើនទៀត។ ក្នុងនោះសម្រាប់ការបែងចែកបទចម្រៀង ក៏នឹងធ្វើអោយបានល្អផងដែរ ដោយមិនអោយមានបាតុភាពច្រណែនគ្នារឿងអ្នកនេះបានបទតិច ឬ ច្រើននោះទេ។

លោក សុគន្ធ ដេវីដ ដែលកុងត្រាជាមួយផលិតកម្មនេះចំនួន៣ឆ្នាំ បានអះអាងថា ខ្លួនមានភាពកក់ក្ដៅ ដោយរយៈពេលនៃការកុងត្រា មកទល់ពេលនេះ គឺផលិតកម្មមានការយកចិត្តទុកលើរូបលោកគ្រប់បទចម្រៀង មិនថាញាក់ ឬ បទមនោសញ្ចេតនា ដែលធ្វើអោយសន្ទុះទីផ្សារចម្រៀងរបស់លោកឈានឡើង។
មិនខុសគ្នាដែរ តារាវ័យក្មេង កញ្ញា អាង សុជាតា ហៅឈូឈូ ក៏បានកុងត្រាជាតារាចម្រៀងផ្ដាច់មុខ របស់ផលិតកម្មនេះផងដែរ។ នាងថាគ្រប់តារាកុងត្រាទាំងអស់ មានសិទ្ធិថត សម្ដែង និងដើរម៉ូដនៅក្រៅផលិតកម្មទាំងអស់ គឺលើកលែងតែច្រៀងមួយគត់ ដែលផលិតកម្មហាមប្រាម។ រយៈពេលកន្លះឆ្នាំមកនេះ កញ្ញាទទួលបាន៥បទ ដោយក្នុងចំណោមបទទាំងនោះ ក៏មានបទមួយចំនួនផងដែរទទួលបានការគាំទ្រ៕

មតិយោបល់