ភ្នំពេញៈ ជនសង្ស័យម្នាក់ ត្រូវកម្លាំសមត្ថកិច្ចជំនាញ និងប៉ុស្ដិ៍នគរបាលរដ្ឋបាលទួលស្វាយព្រៃទី២ ធ្វើការឃាត់ខ្លួន ករណីលួចទូរស័ព្ទដៃ នៅថ្ងៃទី០២ខែ មីនាឆ្នាំ២០២០ វេលាម៉ោង១៤និង៣០ នៅចំណុចផ្ទះគ្មានលេខ ផ្លូវស្ពានឈើ (បឹងឈូក) សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានី ភ្នំពេញ ។
ជនសង្ស័យឈ្មោះ សេង សុភ័ក្រ ភេទ ប្រុស អាយុ ៣០ឆ្នាំ ជនជាតិខ្មែរ ស្នាក់នៅផ្ទះគ្មានលេខ ផ្លូវ ២៧១ ភូមិបុរីកម្មករ សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ មុខរបរមិនពិតប្រាកដ (ប្រើប្រាស់នូវសារធាតុញៀន)។ ចំណែកជនរងគ្រោះ ឈ្មោះ ចិន វៃម៉ីង ភេទប្រុស អាយុ ៣៦ឆ្នាំ ជនជាតិចិន ស្នាក់នៅផ្ទះលេខ ២៩៦ ផ្លូវម៉ៅសេទុង ក្រុម២៨ ភូមិ៦ សង្កាត់ទួលស្វាយព្រៃទី២ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ មុខរបរអ្នកគ្រប់គ្រងហាងម៉ាស្សា-ស្ប៉ា ។
សមត្ថកិច្ច បានបន្តទៀតថា នៅមុនកើតហេតុនៅថ្ងៃទី០១ ខែមីនា ឆ្នាំ២០២០ វេលាម៉ោង១១និង៣០នាទី ជនរងគ្រោះ បានដាក់ទូរស័ព្ទសាកថ្ម នៅលើតុ ម៉ាក IPhone 6 ពណ៌ទឹកមាស មិនចាំលេខស៊ីម ក្នុងហាងម៉ាស្សា-ស្ប៉ា នៅទីតាំងកើតហេតុ។ លុះដល់ម៉ោង១៨ និង០០នាទី ជនរងគ្រោះ បានមករកទូរស័ព្ទរបស់ខ្លួន ស្រាប់តែមិនឃើញ ក៏បានបើកកាំមេរ៉ាសុវត្ថិភាពមើល ក៏ឃើញជនសង្ស័យម្នាក់ ដើរចូលទៅលួចទូរស័ព្ទ បន្ទាប់មកជនរងគ្រោះ បានផ្ញើរូបភាពជនសង្ស័យ ទៅឈ្មោះ តួ ស៊ីវ៉ាន់ធឿន ដែលជាប្រធានសន្ដិសុខ ឯកជន(មានរិទ្ធ) ក៏ស្គាល់ភិនភាគ និងអាស័យដ្ឋានជនសង្ស័យ ទើបនៅថ្ងៃទី០២-០៣-២០២០ វេលាម៉ោង១៤និង០០នាទី បានសហការជាមួយសមត្ថកិច្ចមូលដ្ឋាន ចុះឃាត់ខ្លួនជនសង្ស័យ នៅផ្ទះគ្មានលេខ ផ្លូវស្ពានឈើ (បឹងឈូក) សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រួចក៏នាំជនសង្ស័យទៅប៉ុស្ដិ៍នគរបាលរដ្ឋបាលទួលស្វាយព្រៃ២ ដើម្បីសាកសួរតែម្ដង។
នៅចំពោះមុខសមត្ថកិ្ចច ជនសង្ស័យ បានសារភាពថា ខ្លួនពិតជាបានចូលលួចទូរស័ព្ទ ក្នុងហាងម៉ាស្សា-ស្ប៉ាខាងលើប្រកដមែន ប៉ុន្ដែទូរស័ព្ទនោះ ខ្លួនបានដាក់បញ្ចាំឲ្យឈ្មោះ ឌឿន ចំនួន៣០០០០រៀល ( បីម៉ឺនរៀល)។
បច្ចុប្បន្នជនសង្ស័យ ត្រូវបានសមត្ថកិច្ច ឃាត់ខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌបឹងកេងកង ដើម្បីធ្វើការសាកសួរបន្ដ និងចាត់ការតាមនីតិវិធីច្បាប់ ៕
មតិយោបល់