ព័ត៌មានជាតិ

បើស្រវឹង សូមកុំបើកបរ! រថយន្តហាយទ្បែនឌ័រ បើកបំពានភ្លើងស្តុប ទៅបុករថយន្តសណ្តោងធុនធំ រងការខូចខាត

ភ្នំពេញ: បុរសម្នាក់ស្រវឹងស្រា បានបើករថយន្ត១គ្រឿងយ៉ាងលឿន ទាំងបំពានភ្លើងសញ្ញាចរាចរណ៍ មិនប្រយ័ត្នក៏ជ្រុលទៅបុករថយន្តសណ្តោងធុនធំ ១គ្រឿងទៀត កំពុងឆ្លងផ្លូវ។

ហេតុការណ៍នេះ កើតទ្បើងកាលពីវេលាម៉ោង ១២និង១០នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃទី៣ ខែមីនា ឆ្នាំ២០២០ ត្រង់ចំណុចស្តុបខាងក្រោមស្ពានអាកាសផ្សារដីហុយ តាមបណ្ដោយផ្លូវហាណូយ កែងនិងផ្លូវសហព័ន្ធរុស្ស៊ី ស្ថិតក្នុងសង្កាត់ទឹកថ្លា ខណ្ឌសែនសុខ។

ដំណើររឿង៖ នៅមុនកើតហេតុ គេឃើញបុរសពីរនាក់ បើកបររថយន្ត១គ្រឿង ម៉ាកហ្វូយហ្សូរ ពណ៌ស ជាប្រភេទសណ្តោងដឹកបង្គោលភ្លើង ពាក់ផ្លាកលេខ កំពង់ចាម 3A-2784 ធ្វើដំណើរតាមបណ្តោយផ្លូវហាណូយ ក្នុងទិសដៅពីជើងទៅត្បូង។ លុះមកដល់ចំណុចស្តុបកើតហេតុ រថយន្តខាងលើ បានបើកឆ្លងកាត់ផ្លូវសហព័ន្ធរុស្ស៊ី ស្របគ្នានោះ ក៏មានរថយន្ត១គ្រឿងទៀត ម៉ាកហាយឡែនឌ័រ ពណ៌ស ពាក់ផ្លាកលេខ ភ្នំពេញ 2I-9852 បើកបរដោយបុរសម្នាក់ ក្នុងស្ថានភាពស្រវឹង ធ្វើដំណើរតាមបណ្ដោយផ្លូវសហព័ន្ធរុស្ស៊ី ជាមួយល្បឿនយ៉ាងលឿន ទាំងបំពានភ្លើងស្តុបសញ្ញាចរាចរណ៍ មិនប្រយ័ត្នក៏ជ្រុលទៅបុករថយន្តសណ្តោងធុនធំពេញទំហឹង បណ្តាលឲ្យរងការខូចខាតទាំងសងខាង តែសំណាងល្អ មិនមាននរណាម្នាក់រងរបួសនោះទេ។

ក្រោយកើតហេតុភាគីទាំងពីរ ក៏បានចរចាសម្របសម្រួលគ្នា ដោយមិនចង់មានរឿងវែងឆ្ងាយ ភាគីទាំងពីរក៏ព្រមយករថយន្ត ទៅជួសជុលរៀងៗខ្លួន៕

មតិយោបល់