ព័ត៌មានសិល្បៈ និងកម្សាន្ត

ថតកម្មវិធីសមាគមន៍ទូរទស្សន៍ឆ្នាំនេះ សិល្បករល្បីៗបាត់មុខច្រើន

អាចជាចំហាយពីការខ្លាចរអារនៃជំងឺកូរ៉ូណា ឬ ជាហេតុផលសិល្បករល្បីៗ ជាប់រវល់ ទើបគេកត់សម្គាល់ថា សកម្មភាពថតអបអរចូលឆ្នាំរបស់សមាគមទូរទស្សន៍កម្ពុជា កាលពីថ្ងៃទី១០ មីនា ឆ្នាំ២០២០ វត្តមានតារាចម្រៀង និងតារាសម្ដែងល្បីៗ មានមុខមិនច្រើន។ គេឃើញតែពិធីករពិធីការិនី និងតារារះថ្មី ខណៈដែលតារាល្បី មិនសូវមានទីផ្សារយុវវ័យ ក៏ជាអ្នកបង្ហាញវត្តមានជំនួស។

កម្មវិធីដែលបានថត នៅក្នុងទូរទស្សន៍បាយ័នស្ទឹងមានជ័យនេះ តារាថ្មីៗលំដាប់យុវ័យប្រចាំផលិតកម្ម បង្ហាញមុខតិចមែនទែន។ យ៉ាងណាមិញ វត្តមានតារានៅតែមានចំនួនច្រើន បើទោះជាភាគច្រើន គឺជាតារាក្លិប និង ជាយុវជនស្ម័គ្រចិត្ត។ តែគេនៅតែឃើញ តារាដែលចូលរួមខ្លះ គឺមិនបានឡើងច្រៀង ដោយត្រូវតារាដែលអន់ចិត្តលើកឡើងថា រៀបចំលើកមុខតែតួខ្សែរយៈ ឬ អ្នកមានមុខខ្លាំង។ ប្រភពពីតារាដែលអន់ចិត្តថ្លែងថា ដោយសារតែកម្មវិធីនេះ លើកតែមុខមាត់តារាល្បី និងរៀបចំតែតារាជាខ្សែទុយោឲ្យបានច្រៀង និង ឲ្យឈររចំកន្លែងកាមេរ៉ាចាប់មុខនេះហើយ ទើបតារាមួយចំនួនលែងចង់ជួយ ខណៈដែលតារាល្បីៗ ក៏មិនសូចចង់ចំណាយពេល ព្រោះអាងថា ខ្លួនល្បីហើយ។
តារាល្បីមធ្យមៗ ដែលខ្វះខ្សែរយៈ ជាមួយអ្នកមានឥទ្ធិពល ក្នុងកម្មវិធីនេះ មិនតិចទេ នៅតែយល់ថា ហេតុផលការផ្ទុះឡើង នៃជំងឺកូវីត១៩ មិនមែនជាហេតុផលតារាល្បីៗបាត់មុខទេ តែបណ្ដាលមកពីការលើកមុខតួឲ្យគ្នាមានមុខ នៅតែមិនស្មើភាពចំពោះតារា ដែលខំលះបង់ពេលវេលាទៅជួយ ទើបតារាភាគច្រើនចាប់ផ្ដើមបាត់មុខ។

កម្មវិធីនេះ សម្រាប់តារាល្បីៗ គឺបង្ហាញខ្លួនដូចអំពិលអំពែក ផ្ទុយទៅវិញតារារះថ្មី គឺនៅត្រាំត្រែង ប៉ុន្តែតារាទាំងនោះ ហាក់ត្រូវបានគេរៀបចំឲ្យតែឃើញច្រើនៗក្នុងពិធី ដោយមិនមានការរៀបចំ កំណត់ឲ្យឆ្លាស់គ្នាឈរលើឆាក ឬ នៅកន្លែងដែលជិតតួល្បីៗ ដើម្បីឲ្យគ្មានបានចេញមុខនោះទេ ដែលមាននៃថា អ្នកល្បីនៅតែផ្ដុំជាមួយអ្នកល្បី ហើយអ្នកមិនល្បីក៏បានត្រឹមតែកំដរឆាក។
យ៉ាងណាមិញ អ្នករៀបចំកម្មវិធីបានលើកឡើងថា នេះជាកម្មវិធីពិបាករៀបចំ ជាពិសេសក្នុងពេលតារាមានមុខខ្លះ ដណ្ដើមគ្នាឡើងឆាក និងឈរចំប្លង់ល្អៗអស់ហើយ បើស្នើឲ្យតារាផ្សេងឈរម្ដង ដើម្បីចែកគ្នាមានមុខ គឺពិតជាតារាទាំងនោះអន់ចិត្ត ទើបអ្នករៀបចំបានត្រឹមតែចាត់ចែងឲ្យរាំឲ្យបានល្អ ចំណែករឿងលើកមុខតួឲ្យឆ្លាស់គ្នា លើកឆាកអីជាដើម គឺមិនអាច។ អ្នករៀបចំកម្មវិធីនៅតែអះអាងថា កម្មវិធីថតចូលឆ្នាំមុននេះ មានតារាចូលរួមកុះករ ដោយតារាល្បី គឺមិនសូវមកចូលរួមច្រើនបែបនេះស្រាប់ហើយ៕

មតិយោបល់