ភ្នំពេញៈ លោកវរសេនីយ៍ទោ សែម រតនា នាយការិយាល័យចរាចរណ៍ផ្លូវគោក បានបញ្ជាក់ថា ដោយមានការឯកភាពយល់ព្រម ពីលោកព្រះរាជអាជ្ញា អមសាលាដំបូងរាជធានីភ្នំពេញ ជនបង្កដែលបើកបររថយន្តក្នុងស្ថានភាពស្រវឹងខ្លាំងឈ្មោះ ឆាយ គឹមហួង អនុប្រធានការិយាល័យ ក្រសួងទេសចរណ៍ ដែលបើកបុកសមត្ថកិច្ចកំពុងអនុវត្តការងាររឹតបន្តឹងច្បាប់ចរាចរណ៍ នៅតាមបណ្តោយមហាវិថីព្រះមុនីវង្ស មុខវត្តកោះ ក្នុងខណ្ឌដូនពេញ នឹងត្រូវបញ្ជូនទៅតុលាការ ដើម្បីអនុវត្តបន្តតាមនីតិវិធីច្បាប់ ដោយយោងលើមាត្រា៨៣ នៃច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក ត្រូវផ្តន្ទាទោសចាប់ពី ៦ខែ ដល់២ឆ្នាំ និងពិន័យជាប្រាក់ចាប់ពី ២លាន ដល់ ១០លានរៀល ។
នៅយប់ថ្ងៃពុធ ទី១១ ខែមីនា ឆ្នាំ២០២០ នៅពេលដែលក្រុមការងារត្រួតពិនិត្យរឹតបន្តឹងចរាចរណ៍ផ្លូវគោក នៅក្នុងទឹកដីខណ្ឌដូនពេញ តាមបណ្តោយមហាវិថីព្រះមុនីវង្ស មុខវត្តកោះ ដឹកនាំប្រជុំជួរដោយលោកស្រី ស៊ឹម ផាណុំ លោក សរ សំណាង ស្នងការរង ក៏មានរថយន្តម៉ាក Highlander មួយគ្រឿង ផ្លាកលេខ ភ្នំពេញ 2BD-9867 បានបើកបរក្នុងស្ថានភាពស្រវឹងខ្លាំង បុកសមត្ថកិច្ចកំពុងតែអនុវត្តរឹតបន្តឹងច្បាប់ចរាចរណ៍ផ្លូវគោក ដែលបណ្តាលឲ្យរងរបួសធ្ងន់ម្នាក់ និងរបួសស្រាល ២នាក់ នៅលើមហាវិថីព្រះមុនីវង្ស មុខវត្តកោះ ខណ្ឌដូនពេញ ៕
មតិយោបល់