ភ្នំពេញៈ នៅយប់ថ្ងៃចន្ទ ទី១ សីហា នេះ តារាចម្រៀងវ័យក្មេងនាង ទេព បូព្រឹក្ស បានអះអាងថា នឹងចេញមុខបកស្រាយជាសាធារណៈ ពាក់ព័ន្ធនឹងការរិះគន់ចំពោះនាងលើវីដេអូចម្រៀង Twerk ក្នុងកម្មវិធីស៊ីអារម្មណ៍របស់ទូរទស្សន៍ភីអិនអិន។ គេមិនដឹងថា នាងនិយាយបរិយាយពីអ្វីខ្លះនោះទេ ដោយគ្រាន់តែនាងបញ្ជាក់ថា រាល់ការរិះគន់ដែលបានធ្វើឡើងចំពោះនាង គឺនាងត្រូវលាតត្រដាងនៅក្នុងយប់នេះ វេលាម៉ោង៨កន្លះយប់ ក្រោមការចោទសួររបស់លោក ប៉ែន ចំរ៉ុង។ ការទម្លាយនេះ ក៏ចាត់ទុកថា ជាលើកទី១ផងដែរ បន្ទាប់ពីមានការរិះគន់យ៉ាងចាស់ដៃ ទៅលើតារាចម្រៀងរូបនេះ ដោយសារតែមានការលើកឡើងថា បទថ្មីរបស់នាងក្រោមចំណងជើងថា «Twerk» គឺជាបទដែលមានចំណុចប្រតិកម្មក្រោយការចេញផ្សាយ។
https://youtu.be/VGAIw-GVveE
កញ្ញា ទេព បូព្រឹក្ស បានអះអាងថា រាល់ការរិះគន់ និងការចាប់អារម្មណ៍ ដែលបានធ្វើឡើងចំពោះនាង គឺនាងនឹងសម្រេចចិត្តលាតត្រដាងឲ្យអស់នៅក្នុងយប់នេះ នៅក្នុងកិច្ចសម្ភាសន៍ជាមួយលោក ប៉ែន ចំរុង តាមរយៈកម្មវិធី «ស៊ីអារម្មណ៍»។ នាងក៏បានរំពឹងផងដែរថា អ្វីដែលខ្លួនបកស្រាយនឹងធ្វើឲ្យអ្វីៗបានប្រសើរ ហើយកែប្រែចំណុចរិះគន់ទៅគាំទ្រចំពោះបទថ្មីរបស់នាងវិញ ដែលមានទម្រង់ជាប្រភេទ Original Song នោះ។
រូបភាពដែលបានបង្ហោះឡើង ក៏បានឃើញនាងតុបតែងកាយជាតួអង្គក្នុងបទចម្រៀង «Twerk» ដែលបានផ្ទុះឡើងនូវការរិះគន់ ក្រោយពេលចេញលក់ផងដែរ ទើបធ្វើការបកស្រាយរបស់នាងនៅរាត្រីយប់នេះ ពិតជាធ្វើឲ្យមានការចាប់អារម្មណ៍។ គូរបញ្ជាក់ផងដែរថា កម្មវិធីស៊ីអារម្មណ៍ ឬ Chit Chat Show របស់ ភីអិនអិន គឺជាកម្មវិធីកម្សាន្តដ៏មានប្រជាប្រិយភាពមួយ បន្ទាប់ពីមានវត្តមានតារាល្បីៗដូចជាលោក ហេង ពិទូ កញ្ញា យូរី កញ្ញា មាស សុខសោភា លោក ចាន់ វឌ្ឍនាការ លោក វង្ស តារារតនា និងលោក អ៊ីណូ ជាដើម ដែលអ្នកទាំងនេះ រមែងលើកឡើងនូវចំណុចរសើបពាក់ព័ន្ធនឹងជីវិតក្រៅឆាករបស់ខ្លួន។
យ៉ាងណាមិញ ចាប់តាំងពីបើកដំណើរការចាក់ផ្សាយកាលពីដើមឆ្នាំ២០១៦មក គេកត់សម្គាល់ថា ការបកស្រាយជុំវិញការរិះគន់របស់ ទេព បូព្រឹក្ស អាចជា Show ដែលមានការទន្ទឹងចង់ទស្សនាជាងគេ ដោយសារតែមុននេះបន្តិច បទចម្រៀងរបស់នាងចេញមក ក៏ផ្ទុះនូវការរិះគន់តែម្ដង៕
មតិយោបល់