ព័ត៌មានសិល្បៈ និងកម្សាន្ត

(មានវីដេអូ) ម្ចាស់បទ «មាន់រងាវ» សង្គ្រោះបន្ទាន់

តាំងពីថ្ងៃទី៣០កក្កដា អ្នកចម្រៀងជើងចាស់លោកកុល សែម ឈ្មោះដើម សួន សុខ ដែលត្រូវគេស្គាល់ថា ជាម្ចាស់បទ«មាន់រងាវ» «សត្វក្ដាន់បោលគ្ដូង» និងបទ«ពិសាខឆ្នាំក្រោយ» ជាដើម នៅមិនទាន់រួចផុតពីការសង្គ្រោះបន្ទាន់នៅឡើយ បន្ទាប់ពីលោកត្រូវបានបញ្ជូនទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យព្រះកុសមៈ(ពេទ្យលោកសង្ឃ)។

អ្វីដែលដែលគួរឲ្យកត់សម្គាល់នោះ គឺកូនចៅរបស់លោកប្រកាសថា លោកស្ថិតក្នុងសភាពធ្ងន់ធ្ងរ និងដង្ហើយស្វែងរកជំនួសសប្បុរសធម៌ ដើម្បីបានបន្តលទ្ធភាពសង្គ្រោះបន្ទាន់ដល់អតីតតារាចម្រៀងរូបនេះ។

អ្នកស្រីសួន សេដ្ឋា កូនច្បងរបស់លោកបានអះអាងថា លោកកុល សែម ជាឪពុករបស់ខ្លួនមានជំងឺខូចតម្រងនោម និងលើសឈាមយូរឆ្នាំមកហើយ ហើយដោយលោកមិនមានលទ្ធភាពតាមដានជំងឺដិតដល់ទើបធ្វើឲ្យលោកទ្រុឌទ្រោមសុខភាពនៅប៉ុន្មានថ្ងៃចុងក្រោយ។ អ្នកស្រីថា លោកកុល សែម ក្រោយពេលចូលនិវត្តន៍ពីក្រសួងវប្បធម៌ គឺមិនបានប្រឡូក ឬបង្ហាញខ្លួននៅក្នុងពិភពចម្រៀងទៀតទេ។ ម្យ៉ាងដោយលោកមានជីវភាពមិនសូវឡូយឆាយផង ទើបចេះតែរស់នៅលាក់មុខលាក់មាត់ក្នុងភាពសាមញ្ញដោយសឹងតែមិនមានអ្នកណាម្នាក់ដឹងថាលោកគឺជាតារាចម្រៀងជើងចាស់។ អ្នកស្រីថា លោកមានកូនបង្កើត៩នាក់ ប៉ុន្តែកូនចៅម្នាក់ៗមានជីវភាពបានតែត្រឹមរួចខ្លួនប៉ុណ្ណោះ ទើបជាហេតុធ្វើឲ្យក្នុងពេលដែលលោកកុល សែម ធ្លាក់ខ្លួនចូលពេទ្យ គឺម្នាក់ៗស្រវាស្រទិញត្រដាបត្រដួស។ អ្នកស្រីទទូចឲ្យមានការជួយសង្គ្រោះដោយឪពុក ដោយសារតែលោកកុល សែម បានឈានដំណាក់កាលគួរឲ្យបារម្ភទៅហើយ។

មកទល់ពេលនេះអ្នកស្រីលោកកុល សែម នៅតែត្រូវបន្តដាក់អុកស៊ីហ្សែនម្ដងម្កាល និងបញ្ចូលអាហារនបំប៉នជាប់រហូត តាមរយៈទុយោសុងអាហារ ដោយសារតែលោកពិបាកញុាំអាហារអត់បាន ហើយមានអាការៈខ្សោយខ្លាំង ដែលត្រូវបន្តដាក់អុកស៊ីហ្សែន។ អ្នកស្រីបានបង្ហាញពីក្ដីបារម្ភ នៅពេលបរិយាយពីសភាពជំងឺរបស់ឪពុក។ អ្នកស្រីថាបើមានថវិកាច្រើន ដើម្បីបន្តការសង្គ្រោះបន្ទាន់ លោកកុល សែម នឹងអាចមានសង្ឃឹម។ ប៉ុន្តែមកពីកូនចៅសុទ្ធតែអត់ទើបមិនទាន់ច្បាស់ថានឹងមានលទ្ធភាពបន្តការសង្គ្រោះបន្ទាន់ដល់លោកនៅក្នុងមន្ទីរពេទ្យបានយូរប៉ុណ្ណានោះទេ។

ជាមួយនឹងការប្រកាសនេះ Post News សូមអំពាវនាវឲ្យមានការជួយសង្គ្រោះដល់លោក កុល សែម ដែលស្ថិតក្នុងការសង្គ្រោះបន្ទាន់ ក្នុងពេលកូនចៅរបស់លោកទីទ័លក្រនេះផង ដើម្បីបង្ហាញពីកម្លាំងសាមគ្គី និងយកចិត្តទុកដាក់ដល់តារាចម្រៀងជើងចាស់ម្នាក់ដែលកំពុងរងទុក្ខ។ សូមទំនាក់ទំនងផ្ដល់ជំនួយតាមរយៈលេខទូរស័ព្ទ ០១២ ៩៩ ៥៨ ៤៣៕

photo_2016-08-02_07-50-18photo_2016-08-02_07-50-23photo_2016-08-02_07-50-22photo_2016-08-02_07-50-21

មតិយោបល់