ខុសពីផលិតកម្មជាច្រើន ដែលថត MV ដោយរៀបចំសិល្បករមកឲ្យសម្ដែង ដើម្បីរៀបប្លង់ សម្រាប់សកម្មភាពថតបទ “ឃាតករ Corona Virus Covid 19” របស់ផលិតកម្មក្លាស៊ិក កាលពីថ្ងៃទី២៦ មេសា គឺសិល្បកររបស់ផលិតកម្មមួយនេះ បានធ្វើសកម្មភាពចែកទឹកអាល់កុល ឬជែលសម្លាប់មេរោគ ដោយយកមហាជនជាតួសម្ដែងពិតៗ ជាមួយខ្លួនតែម្ដង។ ក្រៅពីចែកទឹកជែល តារាចម្រៀង និង តារាសម្ដែង ដែលរួមមានអ្នកមានឈ្មោះបោះសំទ្បេងផង ក៏បានបង្ហាញពីរបៀបលាងដៃ ដល់មហាជនដែលទទួលជែល នៅទីសាធារណៈនាពេលនោះផងដែរ។
លោក ហួរ សុផល ម្ចាស់ផលិតកម្មក្លាស៊ិក បានអះអាងថា ដោយសារតែបទដែលបកស្រាយ ដោយតារាចម្រៀងក្លាស៊ិក នៅក្នុងបទនោះ និយាយពីផលប៉ះពាល់នៃវិរុសកូរ៉ូណា ទើបលោករៀបចំ សហការជាមួយគ្រួសារតារាកម្ពុជា ហើយបានដឹកនាំក្រុមសិល្បករ ឲ្យដើរចែកជែល និងបង្រៀនពីរបៀបលាងដៃឲ្យត្រូវក្បួនខ្នាត ដើម្បីផ្ដិតយកទិដ្ឋភាពពិតៗ នៅក្នុងថ្ងៃនោះ ធ្វើជារូបភាពក្នុងបទចម្រៀងតែម្ដង។ បើទោះជាពេលបច្ចុប្បន្ន ស្ថានភាពកូវីដ ១៩នៅកម្ពុជាមានសភាពស្ងប់ស្ងាត់ តែលោកថា ស្ថានភាពនៃការប្រយ័ត្នប្រយែង គឺមិនអាចនឹងធ្វេសប្រហែសបានទេ ទើបលោកយល់ថា ការពញាក់អារម្មណ៏មហាជន ឲ្យនៅតែប្រុងប្រយ័ត្ន គឺដាច់ខាតមិនត្រូវធ្វេសប្រហែស។ លោកក៏សម្ដែងអារម្មណ៌អរគុណ ដល់ក្រុមសិល្បករផងដែរ ដែលបានរួមគ្នាធ្វើសកម្មភាពសង្គម ដោយមិនមែនជាការសម្ដែងតែម្យ៉ាង ដើម្បីឲ្យMV នៅក្នុងបទនេះរស់រវើក និងប្រកបដោយអត្ថន័យ។
លោក បញ្ញា សិទ្ធ តារាចម្រៀង ក្លាស៊ិក និងជាតារាមួយដួងនៅក្នុងបទនេះ បានអះអាងថា ខ្លួនពិតជាអារម្មណ៌សប្បាយចិត្តយ៉ាងខ្លាំង ដែលបានចូលរួមធ្វើសកម្មភាពសង្គម ស្របគ្នាដែលសកម្មភាពនោះ ក៌ជាការថតបទចម្រៀង ជាប្រភេទអប់រំផង។
គួរបញ្ជាក់ផងដែរ តារាចម្រៀងដែលបានចូលរួមបកស្រាយបទ “ឃាតករ Corona Virus Covid 19” នោះរួមមាន លោក បញ្ញា សិទ្ធិ, លោក រុន ណាកូ, លោក ឡុង សុខហៀង, កញ្ញា សម្រេច សន្យា, លោក ត្រា យ៉ាកូ, លោក រ័ត្ន បញ្ញារិទ្ធិ, លោក ស័ក្ត, លោក លី សុជន, លោក ណាតូ ជាដើម ខណៈតារាដែលចូលរួមសម្ដែងរួមមាន អ្នកស្រី រីយ៉ាត្រាណេ អ្នកនាង សាណា កញ្ញាឆាងអឺ និង ឃីម រតនៈ ដែលសុទ្ធតែជាសមាជិកគ្រួសារតារាកម្ពុជា។ ដោយឡែកសម្រាប់អំណោយ ជែលជាច្រើនរយដបនេះ គឺជាការប្រគល់ជូនពីលោក ឃីម រតនៈ ដើម្បីឲ្យគ្រួសារតារាកម្ពុជា ផ្ដល់ជូនដល់ក្រុមក្លាស៊ិក ឲ្យធ្វើសប្បុរសធម៌ នៅក្នុងថ្ងៃនោះ៕
មតិយោបល់