ភ្នំពេញៈ នៅថ្ងៃទី៧ ខែសីហានេះ ភរិយាលោកហង្ស ផល្លីមធុរ៉ា បានប្រារព្ធបុណ្យសព៧ថ្ងៃរបស់ ស្វាមីដែលជាអតីតតារាសម្ដែងល្បីឈ្មោះ នៅក្នុងបរិវេណវត្តមហាមន្ត្រី។ តារាសិល្បៈមិនសូវបង្ហាញវត្តមាននៅក្នុង ពិធីបុណ្យនេះ ច្រើនទេ ដោយគេកត់សម្គាល់ថាពិធីបុណ្យ៧ថ្ងៃរបស់លោកហង្ស ផល្លីមធុរ៉ា នៅតែសោះកក្រោះ អ្នកទៅចូលរួម មិនខុសពីពេល ថ្ងៃធ្វើបូជាសពនោះទេ។ យ៉ាងណាក៏ដោយតារាសិល្បៈ រួមមានលោកសុះ ម៉ាច ប្រធានសមាគមសិល្បៈករខ្មែរ និងតារាសិល្បៈ ផ្សេងទៀតក៏បានកៀរគរជំនួយបានជាង៣ពាន់ដុល្លារទៅប្រគល់ដល់ភរិយារបស់លោក ដើម្បីជួយរំលែកដល់ បុណ្យ៧ថ្ងៃនេះផងដែរ។
លោកសុះ ម៉ាច បានអះអាងថាក្រោមការកៀរគររបស់លោក លោកទទួលបានថវិកា២៤០០ដុល្លារ និងប្រាក់ខ្មែរចំនួន១លានរៀល ដោយមិនទាន់រាប់បញ្ចូលថវិកាដែលបានបរិច្ចាគដោយតារាសិល្បៈ នៅក្នុង គ្រុប គ្រួសារតារាកម្ពុជា នៅឡើយទេ។ ថវិកាទាំងនេះ ត្រូវបានប្រគល់ឲ្យដោយតារាសម្ដែង៣រូបនៅឯសហរដ្ឋអាមេរិករួមមានលោកកែវ កុសល លោកសុភា ដេវីត និងលោកយស បូវណ្ណៈ។
ដោយឡែកសម្រាប់ក្នុងគ្រុបគ្រួសារតារាកម្ពុជាក៏មានការបរិច្ចាគចូលបុណ្យនៅក្នុងពិធីនេះច្រើនដូចជាអ្នកនាងសឿ សុធារ៉ា ចំនួន៥០ដុល្លារ កញ្ញាអេមី តារាចម្រៀងផលិតកម្ម M និងមិត្តភ័ក្ត្រនៅប្រទេសអូស្រ្តាលីចំនួន៨០ដុល្លារ អ្នកនាងខាត់ សុឃីម ចំនួន១០ម៉ឺនរៀល លោកសុខគាហៅញាញ់តារាចម្រៀងចំនួន២០ដុល្លារ និងលោកឃីម រតនៈ ហៅ”Johny Khim” ចំនួន២០ដុល្លារ។
លោកថាខ្លួនបានទទួលថវិកាពីតារាសិល្បៈ និងសប្បុរសជនទាំងសរុបចំនួនជាង៣ពាន់ដុល្លារអាមេរិកជូនដល់ភរិយារបស់លោកហង្ស ផល្លីមធុរ៉ា ដោយម្ចាស់បុណ្យបានបង្ហាញនូវអារម្មណ៍សប្បាយរីករាយយ៉ាងខ្លាំង។
យ៉ាងណាមិញ លោកបានសម្ដែងអារម្មណ៍សោកស្ដាយនៅពេលមើលឃើញពិធីបុណ្យរបស់តារាល្បីម្នាក់បែរជាមានសភាពស្ងប់ស្ងាត់។នៅក្នុងពិធីនោះ គេឃើញអ្នកនាងយុគ ចិន្តា ក៏បានពាំនាំថវិការបស់នាយកុយ និងសប្បុរសជនផ្សេងទៀតយកទៅប្រគល់ជួនដល់ម្ចាស់បុណ្យផងដែរ ខណៈដែលថវិកា របស់លោកខៃ ប្រសិទ្ធិ ចំនួន២០០ដុល្លារ ក៏ត្រូវយកទៅប្រគល់ឲ្យដោយលោកសាវិន ហ្វីលីព នាឱកាសនោះដែរ៕
មតិយោបល់