ភ្នំពេញ: តារាសិល្បៈ ២ដួង គឺតារាចម្រៀង លោក រាជ បូរី និងតារាសម្ដែងជើងចាស់ អ្នកស្រី ហួត សារ៉ាវី ដែលទើបនឹងចែកឋានទៅ បានធ្វើពិធីបុណ្យ ៧ថ្ងៃព្រមគ្នា ដោយពិធីបុណ្យរបស់លោករាជ បូរី ប្រារព្ធនៅវត្តចាក់អង្រែក្រោម និងពិធីបុណ្យ ៧ថ្ងៃរបស់អ្នកស្រី សារ៉ាវឌី ធ្វើនៅបរិវេណ វត្តចាក់អង្រែលើ។
ក្នុងការប្រារព្ធពិធីបុណ្យ ៧ថ្ងៃរបស់តារាទាំង ២ដួងនេះ នៅល្ងាចថ្ងៃទី២១ មេសា ២០១៦ គេឃើញវត្តមាន តារាសិល្បៈចាស់ ក្មេង ចូលរួមជាហូរហែរ បើទោះជាភាគច្រើន នៃតារាសិល្ បៈមិនបានបង្ហាញវត្តមាន យ៉ាងច្រើនកុះករ ដូចពិធីបុណ្យខួបកំណើត ឬកម្មវិធីសប្បាយៗ ដែលធ្លាប់បង្ហាញឡើង ក៏ដោយ។ ក្នុងនោះ ក៏គេឃើញតារាសិល្បៈ ជាច្រើន ក្រុមដឹកនាំគ្នា ទៅជួយធ្វើបុណ្យ និងទៅចូលរួម ដើម្បីបង្ហាញពីកម្លាំងសាមគ្គី ផងដែរ។
គួរបញ្ជាក់ផងដែរថា លោក រាជ បូរី ត្រូវបានស្លាប់ ក្នុងហេតុការណ៍ ក្រឡាប់រថយន្ត កាលពីយប់ថ្ងៃទី១៦ មេសា ២០១៦ កន្លងទៅ នៅប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ និងអ្នកស្រី សារ៉ាវឌី ដែលជាតារាចម្រៀង និងជាអតីតតារាសម្ដែង តាំងពីជំនាន់អ្នកនាង អម្ពរ ទេវី និង កែវ កល្យាណ ជាដើម បានស្លាប់ក្នុងហេតុការណ៍គ្រោះថ្នាក់មួយ នៅខេត្តព្រៃវែងកាលពីយប់ថ្ងៃទី១៤ មេសា ដោយខាង អាជ្ញាប៉ូលិស បញ្ជាក់ថា ជាគ្រោះថ្នាក់ចរាចរណ៍ តែគ្រួសារខាងជនរងគ្រោះ អះអាងថា ជាឃាតកម្មរំលោភ រួចសម្លាប់ បំបិតមាត់។
យ៉ាងណាមិញ មកទល់នឹងពេលនេះ គ្រាន់តែមានការអះអាងថា នឹងធ្វើការស៊ើបអង្កេតជាថ្មី តាមពាក្យបណ្ដឹងរបស់កូនស្រីជនរងគ្រោះប៉ុណ្ណោះ ប៉ុន្តែលទ្ធផលថា ជាឃាតកម្ម ឬយ៉ាងណានោះ នៅមិនទាន់មានការទទួលស្គាល់ជាផ្លូវការទេ៕
មតិយោបល់