ភ្នំពេញៈ នៅយប់ថ្ងៃទី១៣ សីហានេះ តារាសម្ដែងខៀវ សុខារ៉ាវី បានអះអាងថា មានខ្មាន់កាំភ្លើងចូលទៅបាញ់សាច់ញាតិរបស់អ្នកនាងដល់ហាង Only U របស់នាងនៅជិតផ្សាររាត្រី ជាប់មាត់ទន្លេតែម្ដង ដោយប្អូនជីដូនមួយរបស់នាងដែលត្រូវគេស្គាល់ថា មានអត្តចរឹកស្រីម្នាក់ស្លាប់ បន្ទាប់ពីដឹកបញ្ជូនទៅតាមមន្ទីរពេទ្យ។ មកទល់ពេលនេះមានការបញ្ជាក់ថា ឃាតកដែលបានសម្លាប់ប្អូនជីដូននាងត្រូវចាប់ខ្លួនភ្លាមៗ ប៉ុន្តែមិនទាន់ដឹងថា អ្វីជាមូលហេតុដែលធ្វើឲ្យមានឃាតកម្មនៅក្នុងហាងរបស់នាង ក្នុងពេលដែលនាង និងម្ដាយមិនស្ថិតនៅក្នុងផ្ទះនោះទេ។
ខៀវ សុខារ៉ាវី បានអះអាងប្រាប់សារព័ត៌មានក្នុងស្រុកថា ហេតុការណ៍ដែលបានកើតឡើងបានបណ្ដាលឲ្យម្ដាយរបស់នាងភ័យរហូតដល់សន្លប់ ក្នុងពេលដែលអ្នកស្រីក៏មានជំងឺលើសឈាមប្រចាំថ្ងៃផង។ អ្នកនាងថា ឃាតកបានចូលមកបាញ់ក្នុងហាងរបស់ខ្លួន ក្នុងពេលដែលនាងស្ថិតនៅបន្ទប់ទឹក ហើយក្រោយពេលដែលនាងបានដឹង គឺប្អូនជីដូនរបស់នាងម្នាក់ ត្រូវបានគេបាញ់ឲ្យមានឈាមដាបនៅលើឥដ្ឋបាត់ទៅហើយ។
បើតាមសមត្ថកិច្ច ទីតាំងកើតហេតុ គឺនៅចំណុចផ្ទះលេខ១៦៥E0 ផ្លូវលេខ១ ក្រុមទី៣៦ ភូមិ១ សង្កាត់ផ្សារកណ្ដាលទី១ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។ ហើយជនរងគ្រោះឈ្មោះ សឺន ចាន់ដារ័ត្ន ភេទប្រុស អាយុ២៨ឆ្នាំ មុខរបរ បុគ្គលិកក្រុមហ៊ុនអចលនទ្រព្យចតុមុខ បានស្លាប់នៅមន្ទីរពេទ្យព្រះកេតុមាលា រីឯជនល្មើសឈ្មោះ ខៀវ ថនវណ្ឌឌី ភេទប្រុស អាយុ២៦ឆ្នាំ បច្ចុប្បន្នឃាត់ខ្លួននៅទីបញ្ជាការដ្ឋានអាវុធហត្ថខណ្ឌដូនពេញុ។
ក្នុងហេតុការណ៍នោះ ប្អូនប្រុសបង្កើតរបស់នាង ក៏ត្រូវគេភាន់ច្រលំស្មានថា ជាឃាតក ហើយក៏ឃាត់ខ្លួនអស់មួយសន្ទុះក្នុងពេលចលាចល។ នេះជារឿងដ៏រសើបមួយថ្មីទៀតហើយ ដែលបានកើតឡើងចំពោះគ្រួសារតារាសិល្បៈ គឺអ្នកនាង ខៀវ សុខារ៉ាវី បន្ទាប់ពីនាងត្រូវបានគេដឹងបានបែកស្នេហ៍ជាមួយស្វាមីជាទាហានស័ក្ដធំ៕
មតិយោបល់