ភ្នំពេញៈ ខណៈដែលមនុស្សកាន់តែច្រើន សម្រុកលើកគ្នាទៅផ្ដល់ជំនួយជាថវិកាជួយដល់អ្នកនាង សំ ប៉ូលីដា និងស្វាមី រាប់តាំងពីតារាសិល្បៈ មហាជន រហូតដល់ថ្នាក់ដឹកនាំ ស្រ្តីម្នាក់បានចេញមុខទម្លាយថា សភាពដែលបានកើតឡើងចំពោះប្ដីប្រពន្ធទាំងពីរ គឺមិនគួរត្រូវបានអាណិតនោះទេ។ ជាពិសេស គឺដោយសារតែអ្នកនាង សំ ប៉ូលីដា ត្រូវគេដឹងថា ប្ដីវាយឲ្យពិការជើង បែរជាកុហកថា រអិលដួល ហើយមានជីវភាពល្អប្រសើរ បែរជាភូតកុហកមហាជនថា រូបគាត់និងប្ដីមានជីវភាពទីទ័ល។
ស្រ្តីដែល Post News សុំសិទ្ធិលាក់ឈ្មោះ បានអះអាងថា សំ ប៉ូលីដា និងស្វាមី មិនមែនជាអ្នកស៊ីឈ្នួលក្នុងហាងយីហោ «១សប្បាយមែន» ស្ថិតក្នុងភូមិព្រែកឫស្សី ឃុំព្រែកឫស្សី ក្រុងតាខ្មៅ ដូចដែលពួកគេកុហកនោះទេ ដោយសារតែហាងមួយនោះ គឺជាកម្មសិទ្ធិរបស់ពួកគេ ក្រោយពីត្រូវបណ្ដេញឲ្យរើហាងចេញពីដីបងធម៌ម្នាក់ ដែលមានជម្លោះនឹងគ្នា ដោយសារតែស្វាមី សំ ប៉ូលីដា ចូលចិត្តលេងអាប៉ោង និងប្រើប្រាស់អំពើហិង្សាលើភរិយាកាលពី៣ខែមុន។ អ្នកស្រីបញ្ជាក់ថា អ្នកនាង សំ ប៉ូលីដា និងស្វាមី ត្រូវបានអតីតបងធម៌ផ្ដល់ដីឲ្យរស់នៅ ស្ថិតនៅភូមិថ្មី ឃុំកំពង់សំណាញ់ ក្បែរបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តកណ្ដាល ម្ដុំផ្ទះលោក គន់ គីម។ ប៉ុន្តែរយៈពេល៣ឆ្នាំ ដែលអ្នកទាំងពីរបើកហាងផឹកស៊ី គឺមិនមានថ្ងៃណាមិនវាយតប់គ្នា មិនឈ្លោះប្រកែកគ្នា ឬផឹកស៊ីឡូឡានោះឡើយ។
អ្នកស្រីថា អ្នកនាង សំ ប៉ូលីដា និងស្វាមី ទើបតែស្ពាយកូនចៅ ចេញពីហាង «១សប្បាយមែន» នៅលើទីតាំងចាស់កន្លែងដីរបស់បងធម៌ មកសេងហាងថ្មី ហើយជួសជុលបន្ថែមនៅលើទីតាំងថ្មីប៉ុណ្ណោះ ដោយអ្នកនាង សំ ប៉ូលីដា មិនមែននៅស៊ីឈ្នួលគេដូចអ្វី ដែលបានភូតកុហក ព្រោះចង់ឲ្យមានការអាណិត និងចង់បានជំនួយទាំងស្រុង។
អ្នកស្រីបញ្ជាក់ថា គ្រាន់តែលេខទូរស័ព្ទបិទនឹងផ្លាកហាងជាលេខគ្រប់ខ្សែរបស់ស្វាមី សំ ប៉ូលីដា និងនៅក្នុងមានតាំងសុទ្ធតែរូបប្ដីប្រពន្ធ សំ ប៉ូលីដា គឺអាចបញ្ជាក់ច្បាស់ហើយថា ស្វាមី សំ ប៉ូលីដា ជាសន្ដិសុខមើលខុសត្រូវហាង ហើយអ្នកនាង សំ ប៉ូលីដា ជាអ្នកមកសុំជ្រកក្នុងពេលមានរបួសដូចការអះអាងឬ យ៉ាងណា? ក្នុងនោះអ្នកទម្លាយក៏បានបញ្ជាក់ថា សំ ប៉ូលីដា មានផ្ទះ២ល្វែងជាប់គ្នានៅម្ដុំឫស្សីកែវជិតទូរទស្សន៍ CTN ទល់មុខនឹងផ្ទះម្ដាយរបស់អ្នកនាងនោះផង។ ស្រ្តីដដែលបានហៅការត្អូញត្អែររបស់ សំ ប៉ូលីដា ថា គ្មានកន្លែងជ្រកថា ជាការបោកប្រាស់ក្ដីអាណិតរបស់មហាជន ក្នុងពេលដែលអ្នកទាំងពីរក្រៅពីម្ចាស់ហាងផឹកស៊ីធំដុំ ក៏មានផ្ទះ២ល្វែងទុកចោល និងមានការងារពេញដៃ។
ស្រ្តីដដែលបានបន្តទម្លាយថា សំ ប៉ូលីដា ត្រូវបានបាក់ជើងដោយសារតែលោក ស្វាយ ស៊ីសុថា យកបំពង់ទីបវាយឆ្កែមកវាយក្នុងពេលឈ្លោះគ្នា ដោយរឿងរ៉ាវនេះ ត្រូវបានគេដឹងថា ប្ដីប្រពន្ធទាំងពីរគំរាមមិនឲ្យបុគ្គលិកក្នុងហាងនិយាយក្រោយពេលត្រូវគ្នានោះផង។ អ្នកស្រីបានហៅ សំ ប៉ូលីដា និងស្វាមីថា ឆ្នាំងណាគ្របហ្នឹង ដោយសារតែអ្នកនាងត្រូវប្ដីវាយដំរហូតរាប់ភ្លេច តែនៅតែបន្តរស់នៅ ហើយចំពោះស្វាមីវិញ គឺពូកែសម្ដែងភាពកម្សត់ និងបានរួមមតិកុហកថា ខ្លួនធ្វើការឲ្យគេក្នុងហាងជាកម្មសិទ្ធិខ្លួនឯង រហូតទទួលបានជំនួយក្រាស់ក្រែល។ យ៉ាងណាមិញ ស្រ្តីដដែលបានអះអាងថា ខ្លួនមិនច្រណែន នឹងប្ដីប្រពន្ធមួយគូនេះ ដែលទទួលបានការអាណិតពីសំណាក់មហាជននោះទេ គឺគ្រាន់តែមានការហួសចិត្ត ដែលក្លែងការពិត ហើយមើលស្រាលទឹកចិត្តរបស់មហាជនប៉ុណ្ណោះ។
ឆ្លើយតបនឹងការលើកឡើង អ្នកនាង សំប៉ូលីដា បានអះអាងថា ស្វាមីរបស់ខ្លួនពិតជាធ្លាប់ប្រើប្រាស់ហិង្សា ប៉ុន្តែថា របួសចុងក្រោយ គឺជារឿងរអិលជើងប៉ុណ្ណោះ។ អ្នកនាងបន្តថា ផ្ទះសម្បែងនៅCTN គឺជារបស់ម្ដាយ។ ចំណែកហាង គឺម្ចាស់ហាងប្រគល់សិទ្ធិឲ្យប្ដីប្រពន្ធខ្លួនមើលការខុសត្រូវហាងផឹកស៊ី «១សប្បាយមែន» ទាំងយប់ទាំងថ្ងៃ ទើបមានការច្រឡំថា ខ្លួនជាម្ចាស់ហាង៕
មតិយោបល់