ភ្នំពេញៈ តារាចម្រៀងផលិតកម្មហង្សមាស លោក ហ្សូណូ បានចំណាយថវិកាផ្ទាល់ខ្លួន ខ្ទង់ ពាន់ដុល្លារ ដើម្បីផលិតបទនិពន្ធថ្មីរបស់ខ្លួន ត្រៀមបម្រើអារម្មណ៍ទស្សនិកជន ក្នុងពេលខាងមុខដ៏ខ្លី ។
នេះមិនមែនជាលើកទី១ នោះទេ ដែលតារាចម្រៀង ហ្សូណូ ចេញបទថ្មី ផ្ទាល់ខ្លួន ដោយបទនិពន្ធថ្មី របស់ខ្លួន បានចេញតាំងពីនៅ ផលិតកម្ម KH Promotion បទ «ឃ្លាតព្រោះជីវិត» និង តាំងពីនៅក្រុម កូកូណាត់ មកម្លេះ ។
ថ្លែងប្រាប់ Post News នៅរសៀលថ្ងៃទី២០ ខែសីហា ឆ្នាំ២០១៦ នេះលោក ហ្សូណូ បានឲ្យដឹងថា ការប្រើប្រាស់នូវពាក្យថា Original Song ស្តាប់ទៅមិនដឹងថាម៉េចទេ ? បណ្តាប្រទេសផ្សេងៗ ដូចអត់មាន មានតែខ្មែរយើងមួយ ហើយក៏ឆ្ងល់ដែរ ហេតុអ្វី ចាំបាច់ដាក់ពាក្យថា Original Song ? តាំងពីដើមមកខ្មែរយើង មិនបានប្រើពាក្យនេះទេ បើទោះបីជា មានបទនិពន្ធថ្មី របស់ខ្លួន ជាច្រើននោះ ។
បទចម្រៀងគឺបទចម្រៀងហើយ ស្រុកគេចេញមក ជារបស់គេហើយ យើងទៅនាំគ្នានិយាយអ៊ីចឹងធ្វើអី ? ដោយសារតែយើង ធ្លាប់ចម្លង បទគេវាច្រើនលើសលប់ពេក ដល់ពេលធ្វើបទខ្លួនឯង មួយបទទៅៗ មិនដឹងរកពាក្យអ្វី និយាយឲ្យងាយស្រួល ក៏ដាក់ ពាក្យថា Original Song ទៅ តែសម្រាប់ខ្ញុំ គឺស្នាដៃនិពន្ធបទថ្មី ព្រោះជាពាក្យខ្មែររបស់យើង។ នេះជាសម្តីរបស់ ហ្សូណូ បានថ្លែង។
ទន្ទឹមជាមួយនឹងការលើកហេតុផលនោះ ដោយសារតែ ហ្សូណូ បានចេញបទថ្មីរបស់ខ្លួន ក្រោមចំណងជើងថា «បងចាំ» ដែលក្រុមការងាររបស់លោក កំពុងដុតដៃដុតជើង ផលិតបទមួយនេះ ឲ្យមានលក្ខណៈ ស្តង់ដា ។
ហ្សូណូ ថា«បទចម្រៀង បងចាំ គឺជាបទមួយដែលមានសាច់រឿងពិត ហើយខ្ទង់ចំណាយ គឺអស់ ខ្ទង់ពាន់ដុល្លារហើយ ហើយបទរបស់ខ្ញុំនេះ ថតមិនទាន់ចប់ទេ អាចនឹងចំណាយ ១ពាន់ថែមទៀត ក៏ថាបានដែរ» ។
លោក ជួន សុវណ្ណវាសនា ដែលជាផលិតករម្នាក់ ធ្លាប់បានចូលរួមផលិតបទឲ្យ ហេង ពិទូ និង កំពុងដឹកនាំការផលិតឲ្យ ហ្សូណូ បានមានប្រសាសន៍ថា នៅលោកខាងលិច គេមិនដែលប្រើប្រាស់ពាក្យថា Original Song នោះទេ ហើយបទ «បងចាំ» នេះ លោកក៏ប្តេជ្ញាចិត្ត ធ្វើមិនឲ្យចាញ់ប្រទេសជិតឡើយ តាមបទពិសោធន៍របស់លោក កន្លងមក និងសង្ឈឹមថាបទមួយនេះ នឹងផ្ទុះនៅពេលដែលវាយលុកទីផ្សារ ខាងមុខ ៕
ទស្សនាបទ «បងចាំ» ដូចខាងក្រោមនេះ៖
ខាងក្រោមនេះជា Story Board បទ «បងចាំ»
មតិយោបល់