ភ្នំពេញៈ កាលពីយប់ថ្ងៃទី២៤ សីហា ឆ្នាំ២០១៦ តារាសម្ដែងល្បីឈ្មោះកញ្ញា លី ច័ន្ទសីហា បានប្រារព្ធពិធីខួបកំណើត គម្រប់អាយុ២៣ឆ្នាំ ដោយមានគូស្នេហ៍របស់នាងចូលរួមផងដែរ។ ពិធីនេះនាងប្រារព្ធធ្វើត្រឹមតែ៧តុ ប៉ុណ្ណោះ នៅភោជនីយដ្ឋាន Mango នៅកោះពេជ្រ ដើម្បីរឹតចំណងស្នេហ៍ជាមួយគូរដណ្ដឹង មុនថ្ងៃរៀបការ និងដើម្បី បានជួបជុំមិត្តភ័ក្រ្តជិតស្និទ្ធ។
លោកលី សុជន ត្រូវជាឪពុក លី ច័ន្ទសីហា បានអះអាងថាពិធីខួបកំណើត របស់លី ច័ន្ទសីហា មិនហ៊ានធ្វើទេ កាលពីយប់ថ្ងៃទី២៤ សីហា ដោយសារតែនាង និងគូរដណ្ដឹងមិនចង់រំខានភ្ញៀវ ព្រោះកៀកនឹងពិធីរៀបការ នៅដើមឆ្នាំ២០១៧ទៅហើយ។ លោកថាពិធីនេះ ធ្វើត្រឹមតែមិត្តភ័ក្រ្ត ជិតស្និទ្ធ របស់លោក និងលី ច័ន្ទសីហាប៉ុណ្ណោះ ដោយក្នុងនោះលោកថា ចាងហ្វាងផលិតកម្ម ចក្រវាទ្បពេជ្រ និងក្រុមផលិតកររួមមានលោកហង្ស សុវណ្ណារ៉ា ជាដើមគឺត្រូវបានអញ្ជើញចូលរួមមិនសល់ម្នាក់។ លោកថាពិធីខួបកំណើតរបស់នាង ក្រៅពីដើម្បីជួបជុំផលិតករ និងតួសម្ដែងក្នុងរឿង «ចាប៉ីនាគត្រាច់ចរ» ដែលនាងបានសម្ដែងជាតួឯកម្នាក់ ក៏ដើម្បីចងរឹតចំណងស្នេហ៍ ជាមួយគូរដណ្ដឹង ក្នុងថ្ងៃខួប២៣ឆ្នាំរបស់នាង។
លោកថាពិធីនោះ គឺមិនខុសពីឲ្យគូស្នេហ៍ បានជួបតារាសិល្បៈ និងដើម្បីឲ្យមានឱកាសសប្បាយៗ ជាមួយគ្នានោះទេ ជាពិសេសគឺជាកម្មវិធីជួបជុំ សប្បាយរីករាយជាមួយផលិតករ និងតួអង្គក្នុងរឿង«ចាប៉ីនាគត្រាច់ចរ» ដែលនាងបាន សម្ដែងនោះតែម្ដង។ អ៊ីចឹងហើយទើបពិធីខួបកំណើត របស់នាងមិនធ្វើច្រើនតុ ដើម្បីងាយស្រួលចាត់ចែង និងបានសប្បាយជាលក្ខណៈគ្រួសារ និងឯកជនជាមួយអ្នកសិល្បៈស្និទ្ធស្នាល៕
មតិយោបល់