ភ្នំពេញៈ នៅទីបំផុតបេក្ខជន ដែលបានធ្លាក់ចេញពីកម្មវិធី«មុខរបរខ្ញុំ» រដូវកាលទី២ កាលពីយប់ថ្ងៃសុក្រ ថ្ងៃទី២៦ សីហា មិនមែនជាបេក្ខជន សែស សុភ័ក្ត្រ ដូចការទស្សន៍ទាយនោះទេ តែជាបេក្ខជន ជ័យ លាភី ដែលជាបេក្ខជនឆ្នើម តាំងពីដើមកម្មវិធីនោះទៅវិញទេ ។
យ៉ាងណាក៏ដោយការធ្លាក់ចេញរបស់ បេក្ខជនរូបនេះ គឺដោយសារតែ លោកធ្វើបទបង្ហាញពាក់ព័ន្ធនឹង អាជីវកម្មក្នុងទំហំដើមទុន១លានរៀល ទទួលបានពិន្ទុតិចជាងគេប៉ុណ្ណោះ ពីគណកម្មការផ្ដល់ពិន្ទុ ដែលសុទ្ធតែជាម្ចាស់ជំនួញ និងមានជំនាញ អាជីវកម្មល្បីៗ ។
មកទល់ពេលនេះ គេកត់សម្គាល់ថាកម្មវិធី «មុខរបរខ្ញុំ»ដែលបានចាក់ផ្សាយ នៅលើកញ្ចក់ទូរទស្សន៍ PNN មានការចាប់អារម្មណ៍ ក្នុងចំណោម អ្នកចូលចិត្ត មើលច្រើន លើចំណេះដឹងផ្នែកបង្កើតមុខជំនួញខ្លាំងឡើង។ ពីមួយថ្ងៃទៅមួយថ្ងៃ ដែលកម្មវិធីនេះចាក់ផ្សាយពី ថ្ងៃច័ន្ទដល់ថ្ងៃសុក្រ រៀងរាល់ម៉ោង៨យប់ គេឃើញ បេក្ខជនបេក្ខនារី បង្កើតនូវគំនិតថ្មី យ៉ាងសំបូរបែបអមដោយ អ្នកជំនាញផ្នែកមុខជំនួញ ដែលមានបទពិសោធន៍ ធ្វើឲ្យអ្នកទស្សនា មិនត្រឹមតែ រីករាយនឹងការប្រកួតប្រជែង ផ្នែកគំនិតប៉ុណ្ណោះទេ ប៉ុន្តែក៏បានរីកធំធាត់ ចំណេះដឹង ក្នុងការបែកគំនិត បង្កើតនូវ មុខរបរផ្ទាល់ខ្លួនផងដែរ។ ពីថ្ងៃច័ន្ទដល់ថ្ងៃព្រហស្បតិ៍ បេក្ខជនបេក្ខនារីរំលេចគំនិត និងសមត្ថភាព ក្នុងការប្រកួតប្រជែង ហើយយប់ថ្ងៃសុក្រ រៀងរាល់សប្ដាហ៍ គឺយប់កាត់ក្ដីដែលមិនត្រឹមតែ អ្នកប្រកួតប្រជែងនោះទេ គឺសូម្បីតែអ្នកតាមដានក៏រន្ធត់ចិត្តណាស់ដែរ។
កម្មវិធីនេះ បើកឆាកដោយមានអ្នកមានជំនាញ ផ្នែកមុខរបរខ្នាតធំ១០នាក់ ហើយបន្តទម្លាក់មួយសប្ដាហ៍ម្ដងៗ ដោយការទម្លាក់នេះ នៅសល់ ៣សប្ដាហ៍ចុងក្រោយទៀត គឺបេក្ខជនបេក្ខនារី ត្រូវបានកាត់ក្ដីដោយលទ្ធផល ក្នុងការទទួលបាន ប្រាក់ចំណូល របស់ពួកគេតែម្ដង។
ជាក់ស្ដែងបេក្ខជនឈ្មោះ ជ័យ មានលាភ ដែលបានក្លាយជាបេក្ខជនទី៧ ធ្លាក់ចេញពី កម្មវិធីកាលពីយប់ថ្ងៃសុក្រ ទី២៦ សីហា គឺដោយសារតែ ទម្រង់ នៃអាជីវកម្មរបស់គេ ក្នុងទឹកប្រាក់១លាន ដែលកម្មវិធីបានកំណត់ ត្រូវបានអ្នកជំនាញ វាយតម្លៃ ថានឹងទទួលបាន ផលចំណេញតិចជាង បេក្ខជនបេក្ខនារី ផ្សេងទៀតប៉ុណ្ណោះ។ អ៊ីចឹងហើយទើប មុនការធ្លាក់ចេញ ក៏មានន័យថាបេក្ខជនឆ្នើម តាំងពីដើមកម្មវិធីបេក្ខជននេះ ក៏ផ្ដល់ឲ្យ ឃើញនូវគំនិតល្អៗ ក្នុងគម្រោងអាជីវកម្មផងដែរ។
បេក្ខជនឈ្មោះ ជ័យ មានលាភ បានបង្ហាញអារម្មណ៍រំជួលចិត្ត នៅពេលប្រកាសឲ្យធ្លាក់ចេញពីកម្មវិធី។ យ៉ាងណាមិញ លោកក៏បានទទួល ស្គាល់ពី ចំនុចខ្វះខាតរបស់ខ្លួនផងដែរ បើទោះជាលោកបញ្ជាក់ថា ក្ដីរំពឹង២០លានរៀល ដែលលោកបានពីកម្មវិធីត្រូវបានបាត់បង់ ៕
មតិយោបល់