ព័ត៌មានសិល្បៈ និងកម្សាន្ត

ឈិត សុវណ្ណបញ្ញា នៅបន្ដជាប់គាំង ស្ងាត់ឈឹងពីសិល្បៈ

ការផ្លាស់ប្ដូរទ្រនំជ្រកថ្មីរបស់តារាចម្រៀងស្រី ឈិត សុវណ្ណបញ្ញា មិនមែនជាសញ្ញាបង្ហាញពីការជោគជ័យក្នុងការស្ដារប្រជាប្រិយភាពរបស់ខ្លួនឡើងវិញបាននោះទេ។ ប្រមាណជាង៣ឆ្នាំមកហើយ ដែលតារាចម្រៀងស្រគត់ស្រគំរូបនេះ មិនទាន់អាចធ្វើភ្លៀងផ្គរនៅថោន ឱ្យអតីតទ្រនំចាស់របស់ខ្លួន មានការភ្ញាក់ផ្អើលឡើយ រយៈពេលជាង៣ខែនេះ បែរជានាងនៅទ្រឹងមួយកន្លែង ដោយសម្ងំស្ងៀមស្ងាត់ទៅវិញ។

ហ្វេនអ្នកគាំទ្រតារាចម្រៀងសុវណ្ណបញ្ញា បានរងការខកចិត្តខ្លាំង នៅពេលដែលទន្ទឹងរង់ចាំស្តាប់ និងមើល MV បទចម្រៀងរបស់បញ្ញា តែបែរជាមានការយឺតយ៉ាវក្នុងការចេញនោះ ទើបម្នាក់ៗនិយាយថា សុវណ្ណបញ្ញា អាចប្រឈមនឹងការខកចិត្តជាលើកទី២ ដោយសារថោន មិនសូវយកចិត្តទុកដាក់។ ត្រង់ចំណុចនេះ មានការសង្ស័យថា ឈិត សុវណ្ណបញ្ញា អាចនឹងបញ្ចប់អាជីពសិល្បៈចម្រៀង ព្រោះមើលទៅនាងកាន់តែឃ្លាតឆ្ងាយៗ ប៉ុន្តែក៏មានអ្នកគាំទ្រជាច្រើន រំពឹងថា ឈិត សុវណ្ណបញ្ញា អាចនឹងមានស្នាដៃថ្មីៗនៅចុងឆ្នាំ ២០២១ ឬដើមឆ្នាំ២០២២ ខាងមុខនេះ ដែលស្ថានភាពកូវីដ១៩រៀងស្ងប់ស្ងាត់បន្ដិច។

ត្បិតមិនប្រឡូកក្នុងសិល្បៈខ្លាំង តែបើក្រឡេកមើលជីវភាពរស់នៅរបស់តារាចម្រៀងស្រីស្រស់រូបនេះវិញ ពិតហាយសូរ មិនធម្មតាឡើយ ជាពិសេសនាងនិយមលេងសម្ភារៈទំនើបៗ ដែលមានដូចជា រថយន្តទំនើបៗជាដើម ហើយបើតាមដឹងមហាជនធ្លាប់ឃើញស្រីស្អាតរូបនេះ ប្រើប្រាស់រថយន្តទំនើបឆ្លាស់គ្នាដល់ទៅពីរឯណោះ។ ចំណែករឿងរ៉ាវបេះដូងវិញ រហូតមកដល់ ពេលនេះ ឈិត សុវណ្ណបញ្ញា នៅតែមិនបើកចំហពីរឿងរ៉ាវស្នេហាឡើយ បើទោះនាងមានវ័យសមល្មមនឹងការកសាងគ្រួសារក៏ដោយ៕

 

មតិយោបល់