ស្វាយរៀងៈ បុរសម្នាក់ បើករថយន្តកុងតឺន័រ ហើយងោកមួយភាំង ក៏រេចង្កូតបោះពួយទៅបុកបង្កាន់ដៃស្ពានប្រសូត្រយ៉ាងពេញទំហឹង ធ្លាក់រថយន្តក្រឡាប់ធ្លាក់ចូលទឹក បណ្តាលឲ្យបុរសម្នាក់ រងរបួសធ្ងន់។ ហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង១២៖៣០នាទី យប់រំលងអធ្រាត្រចូលថៃ្ងទី២៧ ខែសីហា ឆ្នាំ២០១៦ ស្ថិតនៅចំណុចស្ពានប្រសូត្រ ដែលមានទីតាំងស្ថិតនៅក្នុងភូមិប្រសូត្រ១ ឃុំកណ្តៀងរាយ ស្រុកស្វាយទាប ខេត្តស្វាយរៀង។
សមត្ថកិច្ចបានឲ្យដឹងថា បុរសដែលជាអ្នកបើករថយន្តបង្កខាងលើ មានឈ្មោះ ប៉ុល សាវិន ភេទប្រុស អាយុ២៥ឆ្នាំ មុខរបរអ្នកបើកបររថយន្ត ស្នាក់នៅក្នុងភូមិកោះវៀន ឃុំកណ្តោលដុំ ស្រុកច្បារមន ខេត្តកំពង់ស្ពឺ។
ប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុ គេបានឃើញរថយន្តតុងតឺន័រ សណ្តោងរ៉ឺម៉ក ម៉ាក ហ៊ីយ៉ាន់ដាយ ពណ៌ស ជារថយន្តរបស់ក្រុមហ៊ុន ទីកូ បើកបរដោយបុរសម្នាក់ ក្នុងទិសដៅពីកើតទៅលិច តាមបណ្តោយផ្លូវខាងលើ។ លុះបានមកដល់ចំណុចកើតហេតុ ទំនងជាអ្នកបើករថយន្តខាងលើងោកមួយភាំង ក៏រេចង្កូតរថយន្តទៅបុកបង្កាន់ដៃក្បាលស្ពានប្រសូត្រ យ៉ាងពេញទំហឹង ហើយក្រឡាប់ចូលក្នុងទឹកព្រែកខាងក្រោមស្ពាន បណ្តាលឲ្យអ្នកបើកបររថយន្តរងរបួសយ៉ាងធ្ងន់ធ្ងរ។
ក្រោយពីហេតុការណ៍បានកើតឡើង សមត្ថកិច្ចនគរបាលចរាចរណ៍មូលដ្ឋានបានចុះមកធ្វើការពិនិត្យ និងវាស់វែងដល់កន្លែងកើតហេតុ ប៉ុន្តែរថយន្តបង្កដែលធ្លាក់ចូលទឹកខាងលើនេះ នៅមិនទាន់បានស្រង់មកលើគោកនៅឡើយទេ៕
មតិយោបល់