ភ្នំពេញៈ តារាចម្រៀង អ៊ុំ គន្ធា បានដាច់ចិត្ត ប្រកាស សូមបិណ្ឌបាត្រ ឲ្យអតីតប្តីខ្លួន លោក ផាន សុផាត ជួយទំនុកបំរុងកូន ផង ព្រោះនាងអស់លទ្ធភាព ហើយ។
រយៈពេល ១៥ឆ្នាំហើយ ដែលតារាចម្រៀងយ៉េៗ អ៊ុំ គន្ធា រស់នៅជាមួយនឹងជំងឺអេដស៍ ដែលធ្វើឲ្យនាងបាត់បង់សមត្ថភាព ក្នុងការធ្វើការ ហើយតាមបណ្តាស្ថានីយ៍ទូរទស្សន៍មួយចំនួន លែងទទួលស្គាល់ ឈ្មោះនាង ក្នុងពិភពសិល្បៈ លែងហៅឲ្យឡើងឆាក ដែលធ្វើឲ្យនាង កំពុងរស់នៅប្រឈមនឹងភាពលំបាក ខណៈដែលកូនធំទៅៗ ត្រូវការថវិកា ធ្វើដំណើរទៅសិក្សា ជាប្រចាំថ្ងៃនោះ។
អ៊ុំ គន្ធា បានថ្លែងប្រាប់ដល់ Post News នៅព្រឹកថ្ងៃទី២៧ ខែសីហា ឆ្នាំ២០១៦ ឲ្យដឹងថា ពេលនេះនាងអស់លទ្ធភាពហើយ ដើម្បីទំនុកបំរុងកូន ព្រោះកូនៗកាន់តែធំទៅៗ ញ៉ាំក៏ច្រើន ចឹងមានតែពឹងអតីតប្តី ឲ្យជួយ ព្រោះនាងគ្មានលទ្ធភាពកំពុងមានជំងឺក្នុងខ្លួនផងនោះ។
អ៊ុំ គន្ធា ថា «ពេលនេះខ្ញុំ ដាច់ចិត្ត សូមបិណ្ឌបាត្រ ឲ្យ លោក ផាន សុផាន ជួយដល់កូនផង ព្រោះខ្ញុំអស់លទ្ធភាព ហើយ សូមឲ្យអតីតប្តីខ្ញុំ ជួយ ១ថ្ងៃ ១ដុល្លារ ឬ សាំង១លីត្រ ដើម្បីឲ្យកូនចាក់សាំង ម៉ូតូទៅរៀន បើមិនបានជួយអង្គរ ១ខែ ១ប៉ាវ នោះ » ។
យ៉ាងណាមិញ អ៊ុំ គន្ធា ក៏សូមប្រកាស ឲ្យស្ថានីយ៍ទូរទស្សន៍ ក្នុងស្រុក ហៅនាងឡើងច្រៀងវិញ ផង ដោយ ១ខែ ហៅម្តងក៏បាន បើមិនបានច្រើន គ្រាន់នឹងបានលុយ ចិញ្ចឹមក្រពះកូន ។
បច្ចុប្បន្ននេះដែរ កូនប្រុសទាំងពីររបស់ អ៊ុំ គន្ធា រៀននៅ សាលា វ៉េសឡាញ់ ថ្នាក់ទី ៩ ក្រោមជំនួយឧបត្ថម្ភ ពី លោក ខៀវ ការញារីទ្ធ រដ្ឋមន្ត្រី ក្រសួងព័ត៌មាន ៕


មតិយោបល់