ព័ត៌មានជាតិ ព័ត៌មានសិល្បៈ និងកម្សាន្ត

ប្រាសាទក្រវាន់ សម្រស់ស្រស់ស្អាត និងកេរ្តិ៍ឈ្មោះពីរោះក្រអូប ដូចបុប្ផាត្រូវទឹកសន្សើម

សៀមរាប: ប្រាសាទក្រវាន់ មាន​លក្ខណៈ​ល្អ​ឥត​ខ្ទោះ បើទោះបី​ជា​ប្រាសាទនោះ ​មាន​លក្ខណៈ​តូចបន្តិច ប៉ុន្តែសក្តានុពលសម្រស់ នៃក្បាច់ចម្លាក់នៅលើជញ្ជាំងឥដ្ឋនីមួយៗ ដោយញ៉ាំងឱ្យមានការចាប់អារម្មណ៍ អំពីសំណាក់ភ្ញៀវទេសចរ ឱ្យអញ្ជើញទៅទស្សនាមិនជិនណាយ នៅរៀងរាល់ថ្ងៃឈប់សម្រាក និង​ឱកាសវិស្សមកាលនានា។

បច្ចុប្បន្ន ​តួរ​ប៉មទាំង​ប្រាំ​នៃប្រាសាទ​នេះ​ ដែល​បែរ​មុខ​ទៅ​ទិស​ខាង​កើត អំណោយផលដល់ការរង់ចាំគយគន់ព្រះអាទិត្យរះ នាពេលព្រឹកព្រហាមស្រាងៗ កំពុងពេញនិយម សម្រាប់ភ្ញៀវទេសចរជាតិ និងអន្តរជាតិ ស្ទើរគ្រប់មជ្ឈដ្ឋាន។ ឈ្មោះ​នៃ​ប្រាសាទ​ក្រវាន់​នេះ រហូត​មក​ដល់​សព្វថ្ងៃ​ គឺ​មិន​ទាន់​ដឹង​ច្បាស់​នៅ​ឡើយ​ទេថា ​តើ​ឈ្មោះ​ដើម​វា​មក​ពី​ប្រភព​ណា?

យោងតាមសៀវភៅតំបន់ទេសចរណ៍ នៃព្រះរាជាណាចក្រកម្ពុជា បោះពុម្ព​ឆ្នាំ២០០៥​ កន្លងទៅ រៀបរៀងដោយលោក កែវ ភួង បានឱ្យដឹងថា ប្រាសាទក្រវាន់​ មាន​ទីតាំង​ស្ថិត​នៅ​ខាង​កើត ​ប្រាសាទអង្គរវត្ត និងខាងត្បូង ប្រាសាទបន្ទាយក្តី។ ប្រាសាទ​នេះ ​ត្រូវ​បាន​កសាង​នៅ​ឆ្នាំ៩២១ ក្នុង​រាជ​ព្រះបាទហស៌វរ្ម័នទី១ ឧទ្ទិស​ដល់​ព្រះវិស្ណុ​ (ព្រះ​នារាយណ៍) ក្នុង​ព្រហ្មញ្ញសាសនា។ ប្រាសាទ​​នេះ ទំនង​ជាត្រូវ​បាន​សាងសង់​​ឡើង ដោយមន្ត្រីកាត់ក្តីជាន់ខ្ពស់ម្នាក់ នាសម័យកាលនោះ។

គួរបញ្ជាក់ថា តាម​ការសរសេរ​នៅ​ក្នុង​សៀវភៅ​បរទេស ភាគ​ច្រើន​ ដែល​ស្តាប់តាមប្រជាជន​ អាន​មិន​ច្បាស់​ទៅ​ជា​សំណេរ ក្រវាញ តែ​តាម​ការពិត​ប្រជាជន​ហៅ​ប្រាសាទ​នេះ​ថា ក្រវ៉ាន់ (អាន​ថា ក្រវ៉ាន់) ព្រោះ​ប្រជាជន​យល់ថា​ ក្រវាន់នេះជា​ឈ្មោះ​ផ្កា ប្រភេទម្យ៉ាង ​ដែល​នៅ​ម្តុំ​នេះ​សម្បូរដុះ។ ដូច្នេះ ក្រវាន់​ ជា​ឈ្មោះ​ផ្កា​មួយ​បែប មានក្លិន​ក្រអូប មាន​ផ្កា​ស្រដៀង​នឹង​រំដួល ប៉ុន្តែ​វា​មានទំហំតូច​ជាង​ផ្ការំដួល ផងដែរ៕

មតិយោបល់