ភ្នំពេញៈ នៅថ្ងៃទី២៧ សីហា នេះ គេឃើញតារាចម្រៀងម្ចាស់ជ័យលាភីលេខ២ ប្រចាំកម្មវិធី «ផ្កាយរះក្នុងសួន» ចេញថតបទថ្មីយ៉ាងសកម្មកក្នុងបរិវេណសកលវិទ្យាល័យន័រតុន។ អ្វីដែលគេកត់សម្គាល់នោះ គឺសកម្មភាពថត MV របស់លោកមានការចូលរួមសម្ដែងពីសំណាក់និស្សិតពេទ្យ រហូតដល់១០០នាក់ ហើយការចំណាយក្នុងការចេញថត ត្រូវបានគេអះអាងថា ចំណាយច្រើន ដែលជាថវិកាផ្ទាល់ខ្លួនរបស់លោក។
លោក ជ័យ សុវ៉ាត និយាយថា បទដែលលោកចេញថតនេះ គឺមានចំណងជើងថា «ជីវិតនិស្សិតពេទ្យ» លោកបញ្ជាក់ថា នេះជាស្នាដៃនិពន្ធថ្មីរបស់លោកទាំងស្រុង ទាំងទំនុកច្រៀង និងម៉េឡូឌីថ្មី។ លោកថា បទនេះ គឺជាការនឹកឃើញ ចេះតែច្រៀងលេងៗ ហើយដោយកត់សម្គាល់ថា ចង្វាក់ដែលបានប្រឌិតឡើងអាចធ្វើជាបទភ្លេចល្អ ក៏សម្រេចផលិតជាចម្រៀង ហើយនិពន្ធទំនុកច្រៀងនិយាយពីនិស្សិតពេទ្យឲ្យល្អតែម្ដង។ លោកបន្តថា បទនេះនឹងបញ្ចេញនៅលើ Youtube នៅថ្ងៃទី១៥ កញ្ញា ខាងមុខ ហើយបទនេះដែរ ក៏នឹងក្លាយជាបទដែលលោកគ្រោងច្រៀងបង្ហាញនៅក្នុងព្រឹត្តិការណ៍កម្រាលព្រំដ៏អស្ចារ្យរបស់សាលាន័រតុននៅថ្ងៃទី១៧ កញ្ញាខាងមុខនោះដែរ។
លោក ជ័យ សុវ៉ាត បន្តថា បទ«ជីវិតនិស្សិតពេទ្យ» នឹងក្លាយជាបទចម្រៀងថ្មី ហើយអាចនិយាយថា មិនធ្លាប់មាននៅក្នុងពិភពចម្រៀងនោះ ព្រោះបានរៀបរាប់ពីការលំបាករបស់និស្សិតពេទ្យគ្រប់គ្នា ដែលត្រូវតស៊ូតាំងពីឆ្នាំទី១ រហូតដល់ឆ្នាំទី៨ ទម្រាំអាចបញ្ចប់ការសិក្សាមួយនេះបាន។ លោកថា បទនេះនឹងរំពឹងថា ជោគជ័យ ដោយសារតែភាពជាក់ស្ដែង គឺមនុស្សតិចណាស់បានដឹងពីការលំបាករបស់និស្សិតពេទ្យ និងផ្អែកថា និស្សិតពេទ្យនៅក្នុងប្រទេសកម្ពុជាភាគច្រើនពិតជាគាំទ្របទនេះ។ លោកថា ដោយសារខ្លួនជានិស្សិតពេទ្យឆ្នាំទី៤ស្រាប់ និងបានដឹងពីទុក្ខលំបាកក្នុងការសិក្សាជំនាញនេះ ទើបអាចនិពន្ធបទថ្មី ដែលឆ្លុះបញ្ចាំងពីជីវិតតស៊ូរបស់អ្នកចង់រៀនពេទ្យបាន។ អ្វីដែលលោកសប្បាយចិត្តនោះ គឺលោកទទួលការចូលរួមពីនិស្សិតពេទ្យនៅក្នុងសាកលវិទ្យាល័យន័រតុនរហូតដល់១០០នាក់មកចូលសម្ដែងនៅក្នុង MV នេះ។
យ៉ាងណាមិញ លោកថា សកម្មភាពដែលលោកចេញថត មិនមែនជាឈុតទាំងស្រុងក្នុងបទ «ជីវិតនិស្សិតពេទ្យ» នោះទេ គឺលុះត្រាតែបទដែលគ្រោងនឹងប្រូម៉ូតនេះទទួលបានការគាំទ្រ ទើបលោកនឹងចុះថត MV ឲ្យពេញលេញម្ដងទៀត ហើយនឹងមានការរៀបចំឲ្យនិស្សិតពេទ្យបន្ថែមទៀតចូលរួមសម្ដែង។ លោកទទូចឲ្យគាំទ្រ ដោយសារបទនេះជាស្នាដៃដំបូង ដែលលោកនិពន្ធ និងច្រៀងដោយផ្ទាល់ ហើយលើកឡើងពីជីវិតដ៏កម្សត់របស់និស្សិតពេទ្យភាគច្រើន ដែលតស៊ូទម្រាំបានបញ្ចប់សាកលវិទ្យាល័យ៕
https://youtu.be/SNyQ0inqajg
មតិយោបល់