
សិល្បៈរបស់ខ្មែរកំពុងតែជ្រោងនូវភាពរីកដុះដាល លើគ្រប់ផ្នែក ដោយក្នុងនោះសិល្បៈជាច្រើនកំពុងតែរិះរកនូវអ្វីដែលថ្មីដើម្បីជាចំណីចក្ខុគ្រាន់កំដរអារម្មណ៍ទស្សនិកជន។ ភាពរីកដុះដាលនេះជាសញ្ញាមួយប្រាប់ថា សិល្បៈ រួមមាន តន្រ្តី ចម្រៀង ខ្សែភាពយន្ត កំពុងតែជ្រោងមុខមាត់សង្គមជាតិឲ្យជាតិសាសន៍ជាច្រើនលើសកលលោកទទួលស្គាល់ថា សិល្បៈយើងអាចនឹងមានភាពរីកដុះដាលជាងនេះ ។
ទន្ទឹមនឹងមានភាពរីកចម្រើននេះដែរ មានមហាជនជាច្រើនខ្លះទទួលស្គាល់ចំពោះស្នាដៃដែលកូនខ្មែរផលិតឡើង ហើយអ្នកខ្លះទៀតយល់ដោយឡែកពីនេះ ។ ប្រភពមតិរិះគន់ដដែលៗនៅចំពោះមុខបានប្រាប់ដល់គេហទំព័រ ដំណឹង ថា “តន្ត្រី ខ្សែវីដេអូនាពេលបច្ចុប្បន្នកំពុងតែបង្រៀនឲ្យយុវវ័យ ដែលកំពុងតែជ្រួលជ្រើម ចង់ដឹងចង់ឭ ចង់ឃើញកាន់តែធ្លាក់ក្នុងអន្លងកាន់តែជ្រៅនៃការប្រព្រឹត្តិខុសនឹងច្បាប់ប្រពៃណី ច្បាប់សង្គមជាដើម” ។ប្រភពដដែលនោះបានប្រាប់បន្តទៀតថា “ភាគច្រើននៃការដឹកនាំ សម្តែងគឺនិន្នាការទំនោលទៅលើតែការធ្វើឃាត រស់នៅជាមួយគ្នាមុនពេលរៀបការ ការសេបគ្រឿងញៀន និងអំពើផ្សេងទៀត ដែលកំពុងតែចរន្តដំណើរការលើទីផ្សារសិល្បៈនាពេលបច្ចុប្បន្ន” ។ប្រភពមួយផ្សេងទៀតស្ថិតក្នុងមហាជនបានប្រាប់បន្តថា “ការសម្តែងក្នុងខ្សែភាពយន្ត ចម្រៀងកាយវិការកំពុងតែដើរទៅរកចំណុចមួយដូចលោកខាងលិចរួមមាន សហរដ្ឋអាមេរិក អង់គ្លេស និងប្រទេសជិតខាង ដោយប្រើប្រាស់ស្តាយ៍ស្រើបស្រាលដល់ថ្នាក់ បឺតជញ្ជក់មាត់ ដែលរូបភាពទាំងនេះធ្វើឲ្យយុវវ័យដែលមានទំនោលទៅរកផ្នែកនេះ នឹងជ្រួលជ្រើមធ្វើតាមនូវរបៀបដែលគេបង្រៀនតាមរយៈ ទូរទស្សន៍ កាយវីការខារ៉ាអូខេ លើថាសស៊ីឌី” ។ចំណែកយុវវជនមួយរូបជាសិស្សនិស្សិតក្នុងសាកលវិទ្យាល័យក្នុងក្រុងភ្នំពេញសុំមិនបញ្ចេញឈ្មោះ បានប្រាប់ ដំណឹងថា “ការសម្តែងកាយវីការខារ៉ាអូខេ ដែលអ្នកមួយចំនួនគិតថា ជាស្នាដៃដឹកនាំរបស់កូនខ្មែរ ដោយមានលក្ខណៈប្លែកៗនោះសូមអ្នកទាំងនោះកុំច្រឡំថាជាគំនិតដែលចេញពីខួរគាត់ដោយមិនចម្លងពីគេ បើអ្នកងាកក្រោយ ហើយឧស្សាហ៍មើលមើលកាយវីការសម្តែងរបស់សិល្បៈចម្រៀងប្រទេសជិតខាងនោះអ្នកពិតជាភ្លឺភ្នែកជាក់ជាមិនខានឡើយ”។
មហាជនដែលធ្វើការរិះគន់ទាំងនោះ បានធ្វើការផ្តាំផ្ញើរដល់សិល្បៈករសិល្បៈការិនី នឹងអ្នកផលិតទាំងអស់គួរគិតសារជាថ្មីឡើងវិញ នូវការបង្ហាញភាពស្រើបស្រាល នឹងឲ្យយុវវ័យជាច្រើនកំពុងតែធ្លាក់ទឹកដោយទំនោលធ្វើតាមនូវអ្វីដែលសិល្បៈបង្រៀនពួកគេឲ្យធ្លាក់ក្នុងភាពអន្តរាយ។សិល្បៈជាចំណុចដែលធ្វើឲ្យមនុស្សចាប់អារម្មណ៍ជាងគេ ព្រោះថាមនុស្សគ្រប់រូបតែងតែមានសិល្បៈតាំងពីស្ថិតក្នុងពោះមកម្លេះ ។ ប្រភពរិះគន់បានបង្ហើបបន្តទៀតថា “និយាយមកដល់ចំណុចនេះ មិនមែនមានន័យថា ពួកខ្ញុំស្អប់សិល្បៈនោះទេ បើសិនជាខ្ញុំសិល្បៈ ហាក់បីដូចជាខ្ញុំស្អប់ខ្លួនឯង និងឪពុកម្តាយខ្លួនឯងដូច្នោះដែរ”៕
យកព័ត៌មានដោយ៖ បុរសដំណឹង
មតិយោបល់