ស្រីស្រស់សម្បុរណ៍ស្រអែមពោលពេញទៅដោយវោហាសព្ទមិនចេះរីងស្ងួត នោះគឺ អាលីយា ដែលជាពិធីការិនីស្ថានីយ៍វិទ្យុ ហើយរសាត់ខ្លួនក្លាយទៅជាតារាសម្តែង និងតារាចម្រៀង មកទល់នឹងពេលនេះ តារាស្បែកស្រអែមរូបនេះប្រឡូកក្នុងសង្វៀនសិល្បៈអស់រយៈពេល ៩ ឆ្នាំទៅហើយ ។

ទោះបីជាកេរ្តិ៍ឈ្មោះមិនសូវល្បីប៉ុន្មានតែដោយការស្រលាញ់សិល្បៈ ហើយសិល្បៈគឺជាវិថីដែលដឹកដៃជីវិតរបស់នាងឲ្យក្លាយទៅជាមនុស្សម្នាក់មានមុខមាត់នៅក្នុងសង្គម មានមនុស្សជាច្រើនទទួលស្គាល់ និងស្គាល់រូបនាងដោយសារតែសិល្បៈនេះ ។ រយៈពេលក្រោយមកមានអ្នកគាំទ្រ និងប្រភពដែលស្និទ្ធស្នាលនឹងតារារូបនេះ បានគិតថា”អាលីយា ប្រហែលជាឈប់ពីសិល្បៈហើយមើលទៅនោះ ព្រោះអីខានឃើញវត្តមាននាងយូរណាស់មកហើយ” ។ អ្វីដែលអ្នកគាំទ្រគិតនោះបែរទៅជាផ្ទុយទៅវិញ អាលីយ៉ាមិនបានឈប់ពីសិល្បៈឡើយ តែបែរទៅជាបើកនូវជំនួញធំ ដែលគ្រោងនឹងបង្ហាញទស្សនិកជន និងអ្នកគាំទ្រទាំងអស់ឲ្យបានឃើញនាពេលខាងមុខ ឆាប់ៗនេះ នោះគឺ ផលិតកម្មចម្រៀង មិនត្រឹមតែ ប៉ុណ្ណោះ នៅមាន ហាងថតរូប ហាងលក់សម្លៀកបំពាក់ ហើយលើសពីនេះទៅទៀតនឹងគ្រោងថតរឿង ទៀតផង ដើម្បីនាំចេញទៅក្រៅប្រទេស នេះគ្រាន់តែជាប្រភពព័ត៌មានមួយដែលស្និទ្ធស្នាលនឹងនាងប្រាប់តែប៉ុណ្ណោះ។ ជួបជាមួយនឹងគេហទំព័រ ដំណឹង អាលីយា បានប្រាប់ថា “អ្វីដែលព្រភពព័ត៌មានប្រាប់ខាងលើនោះវាគឺជាការពិតណាស់ ហើយចំពោះខ្សែរឿងដែលកំពុងតែថតនោះគឺនាងបានបញ្ចាក់ថា ទោះបីជានាងជាតួក្នុងនោះក្តីតែ មិនមែនសម្រាប់រូបនាងល្បីតែម្នាក់ឯងនោះទេ គឺសម្រាប់មហាជន ១៤ លាននាក់ ហើយនឹងនាំរឿងនេះទៅបញ្ជាំងនៅលើទីផ្សារបរទេសទៀតផង ឲ្យគេដឹងថា កុនខ្មែរ មិនមែនស្ថិតក្នុងចំណុចសូន្យ ដែលគេថានោះទេ” ។នាងបានបន្តបញ្ចាក់ទៀតថា “មានព័ត៌មានជាច្រើនបានចុះផ្សាយថា នាងមានអ្នកឧបត្ថម្ភ នោះវាគឺជាការពិតដែរ តែសូមបញ្ជាក់ថាមិនមែនអ្នកធំណាម្នាក់ណាឡើយដែលឧបត្ថម្ភនោះ គឺជា អ្វីដែលនាងអាចធ្វើទៅបាននោះគឺដោយសារតែរាជរដ្ឋាបរទេស មាន អាមេរិក ឥណ្ឌា កាណាដា បារាំង សាំងហ្គាពួរជាដើម ដែលទុកចិត្តលើរូបនាងតែ ប៉ុណ្ណោះ ដោយសារតែនាងមានសមត្ថភាព” ។ នាងបានបន្តបញ្ជាក់បន្ថែមទៀតថា “នាពេលខាងមុខនេះ នាងនឹងធ្វើតន្ត្រីដើម្បីរៃអង្គ្រាសថវិកាដើម្បីជួយអ្នកសិល្បៈចូលនិវត្តន៍ និងជនក្រីក្រ ដែលនឹងធ្វើឡើងនៅសាលស្និសីទចតុមុខ” ។


នាងបានបញ្ជាក់ដោយក្តីសង្ឈឹមយ៉ាងមុតមាំថា “អ្វីដែលនាងធ្វើមិនមែនសម្រាប់ខ្លួននាង ក្រុមគ្រួសារនាង តែគឺ សម្រាប់មហាជន ១៤ លាននាក់” ។ លើសពីនេះទៅទៀត នាងចង់ឲ្យពិភពលោកទាំងមូលទទួលស្គាល់នូវសិល្បៈ ខ្មែរ ឲ្យដឹងថា ខ្មែរ គឺមានអរិយធម៌រីកចម្រើនរុងរឿងដូចសម័យកាលដើមដូចនោះដែរ មិនចាញ់បរទេសនោះឡើយ៕
អត្ថបទ៖ បុរសដំណឹង
មតិយោបល់