ព័ត៌មានជាតិ ព័ត៌មានសិល្បៈ និងកម្សាន្ត

ឌុច លីដា សម្ភាសន៍ធ្លាក់តំណែងតួឯក

ភ្នំពេញៈ ព័ត៌មានផ្លូវការពីប៉ុស្ដិ៍លេខ៥បានអះអាងខ្សែរឿង«ហង្សបាក់ស្លាប» ដែលក្រុងពាលីចេញថតដោយផលិតករថៃ ការពិតត្រូវសម្ដែងតួឯកដោយកញ្ញាឌុច លីដា នោះទេ ប៉ុន្តែមកពីនាងធ្លាក់តេស្ដក្នុងវគ្គសម្ដែងមួយនៅចំពោះមុខផលិតករថៃ ទើបតំណែងតួឯកបានធ្លាក់ទៅក្នុងដៃកញ្ញាអាលីហ្សាជំនួសវិញ។
ផលិតករមួយរូបបានព្រលយចេញថា កញ្ញាឌុច លីដា ត្រូវបានផលិតករនៅប៉ុស្ដិ៍លេខ៥ដៅឲ្យសម្ដែងជាតួឯកក្នុងរឿង«ហង្សបាក់ស្លាប» ដោយខាងផលិតករខាងខ្មែរឯកភាពទទួលយកទាំងអស់។ ប៉ុន្តែជារឿងមិនល្អ គឺដោយសារតែនាងធ្លាក់តេស្ដចុងក្រោយជាមួយផលិតករថៃដែលជាអ្នកសម្រេចចុងក្រោយទើបនាងមិនអាចទទួលថតរឿងនេះបាន។

ផលិតករដដែលបញ្ជាក់ថា ការពិតកញ្ញា អ៊ុន អាលីហ្សា តារាចម្រៀងដែលបានឡើងកូដក្ដោបក្ដាប់តំណែងតួឯកជាមួយលោកអេតវីន ក្នុងពេលដំបូងបានធ្វើតេស្ដជាប់ក្នុងតំណែងតួម្ដាយនៅក្នុងរឿងទេ ប៉ុន្តែមកពីឌុច លីដា ដែលខាងផលិតករដៅឲ្យធ្វើតួឯក ស្រាប់តែមកធ្លាក់តេស្ដចុងក្រោយជាមួយផលិតករថៃ ហើយផលិតក៏មិនចង់ចំណាយស្វែងរកតួស្រីមកធ្វើតេស្ដនាំឲ្យខាតពេលវេលាផង ទើបសម្រេចឲ្យអាលីហ្សាមកធ្វើតេសតួឯក ហើយនាងក៏បានជំនួសតំណែង ឌុច លីដាតែម្ដង។

ផលិតករដដែលនិយាយថា«លីដាគាត់ធ្វើបានល្អ(ធ្វើតេស្ដសម្ដែង)ទាំងអស់ ប៉ុន្តែមកពីគាត់ដាក់អារម្មណ៍យំត្រង់កន្លែងឈុតមួយដែលផលិតករថៃគាត់ចង់បានអត់បាន ហើយពេលហៅអាលីហ្សាមកសាកប្លង់នឹង អាលីហ្សាធ្វើបាន ទើបអាលីដាត្រូវធ្លាក់នឹង!»។ លោកនៅតែសម្ដែងការសោកស្ដាយដែលឌុច លីដា មិនបានតំណែងតួឯកក្នុងរឿង«ហង្សបាក់ស្លាប» ដោយសារតែក្នុងរឿងនោះតួឯកស្រីគឺជានារីបង្ហាញម៉ូដ និងមានចរឹកមិនខ្វល់ពីអ្នកណា ដែលខាងផលិតករខាងខ្មែរយល់ថាជារឿងសមបំផុតបើឌុច លីដា ជាប់តេស្ត។

យ៉ាងណាក៏ដោយលោកក៏អះអាងថា អាលីហ្សាក៏សមនឹងតំណែងសម្រាប់ខ្សែរឿង ភាគថ្មីប្រចាំនៅប៉ុស្ដិ៍លេខ៥នេះដែរ ដោយគ្រាន់តែមានការភ្ញាក់ផ្អើលនៅពេលមានការទម្លាយថាតារាសម្ដែងល្បីឈ្មោះឌុច លីដា ដែលមានសា្នដៃសម្ដែងច្រើនរឿងរួចមកហើយ បូករួមទាំងរឿងជាមួយផលិតករបរទេសផងដែរ បែរជាមកធ្លាក់តេស្ដការសម្ដែងរឿងភាគនៅប៉ុស្ដិ៍លេខ៥នាពេលនេះប៉ុណ្ណោះ។

ពាក់ព័ន្ធនឹងធ្វើតេស្ដតួឯកធ្លាក់នេះ ឌុច លីដា នៅមិនទាន់ទាក់ទងសុំការបំភ្លឺបានទេ ប៉ុន្តែផលិតករប៉ុស្ដិ៍លេខ៥ដដែលបានអះអាងថានាងមិនបានអន់ចិត្តនឹងការធ្លាក់តេស្ដនោះទេ ដោយនៅតែបន្តទៅធ្វើតេស្ដជាមួយផលិតករថៃក្នុងរឿងដែលត្រៀមចេញថតបន្តបន្ទាប់ទៀត បើទោះជាលទ្ធផលនៅមិនទាន់បានដឹងនៅឡើយ៕

មតិយោបល់