ព័ត៌មានសិល្បៈ និងកម្សាន្ត

រំឭក​ពីតួ​ឆ្នាស់​ឆ្នើម សុខ​ ​ស្រី​មុំ​​

សុខ ស្រីមុំ ជាតារាភាពយន្តខ្មែរដ៏ល្បី ដែលបានដើរតួសំដែងខ្សែភាពយន្ត ជាង ១០០ រឿង។ បច្ចុប្បន្ននេះ អ្នកស្រី សុខ ស្រីមុំ រស់នៅឯ សហរដ្ឋអាមេរិក ក្នុង រដ្ឋកាលីហ្វញ៉ា ជាអ្នកចំរៀងទេសចរណ៏ ។

ជីវប្រវត្តិសង្ខេប

អ្នកស្រីសុខ ស្រីមុំ ជាអតីតតារាភាពយន្តដ៏មានកេរ្តិ៍ឈ្មោះបោះសម្លេងក្នុងប្រទេស កម្ពុជាកាលពីចុងទសវត្សរ៍ទី៨០និងទសវត្សរ៍ទី៩០ដែលមានទេពកោសល្យ សម្ដែងយ៉ាងសក្តិសមឥតខ្ចោះក្នុងឈុតក្រមិចក្រមើម រឡិករឡក់ ក្និកក្នក់ គួរឱ្យស្ញើចសរសើរ។ អ្នកស្រីកើតនៅឆ្នាំ១៩៧៣ នៅទីក្រុងភ្នំពេញ។ ឪពុកឈ្មោះគ្រួចនារី ជាអតីតអ្នកប្រដាល់សេរីដ៏ល្បីឈ្មោះកាលពីសម័យសាធារណរដ្ឋខ្មែរ(ស្លាប់ក្នុងជំនាន់ប៉ុល ពត) ម្តាយឈ្មោះសុខ យ៉ាន ជាមេផ្ទះ។ អ្នកស្រី ជាកូនទី៤ ក្នុងចំណោមបងប្អូន៦នាក់។ មុនពេលចាប់អាជីពជាតារាសម្ដែងភាពយន្ត អ្នកស្រីសុខ ស្រីមុំ ឈ្មោះហៅក្រៅ ក្លឹង្គមានអតីតភាពជាអ្នកលក់បារីនៅត្រង់ម្ដុំអតីតរោងកុនឋានសួគ៌ (ផ្លូវកម្ពុជាក្រោម) ជិតសាលាបាក់ទូក។ អ្នកស្រីបានរៀបអាពាហ៍ពិពាហ៍ជាលើកដំបូងជាមួយលោក ខៃ ចាន់តារា ហៅ អ៊ួក នៅឆ្នាំ១៩៩៣។ ប៉ុន្ដែពួកគេទាំងពីរក៏បានលែងលះគ្នាក្រោយពីបានទៅរស់នៅសហរដ្ឋអាមេរិកបានប៉ុន្មានឆ្នាំដោយបន្សល់ទុកកូនប្រុសម្នាក់អាយុ ១៩ឆ្នាំ (គិតមកដល់ឆ្នាំ២០១២នេះ)។ នៅឆ្នាំ២០០០ អ្នកស្រីបានជួបជាមួយស្វាមីក្រោយដែលជាជនបរទេសមានអាជីពជាផលិតករ ភាពយន្ដនៅសហរដ្ឋអាមេរិក។ សព្វថ្ងៃនេះអ្នកស្រីសុខ ស្រមុំ កំពុងរស់នៅរដ្ឋកាលីហ្វញ៉ា សហរដ្ឋអាមេរិក។ អតីតតារាភាពយន្តរូបនេះមានអាយុ៣៨ឆ្នាំហើយ(គិតមកទល់ឆ្នាំ២០១១នេះ) ។

ជីវិតសិល្បៈ និង ស្នាដៃ

អ្នកស្រីបានចូលប្រឡូកសិល្បៈភាពយន្តនៅឆ្នាំ១៩៨៩រួមជំនាន់ស្របាលគ្នាជាមួយនឹងអ្នកស្រីអម្ពរទេវី,អ្នកស្រីចាន់ តារាទី,អ្នកស្រីអ៊ុំ សុវណ្ណនី,អ្នកស្រីចាន់ សេរីរ័ត្ន ,អ្នកស្រីឯក អមរា ជាដើម។ ស្នាដៃដំបូងដែលអ្នកស្រីចាប់ផ្ដើមល្បីឈ្មោះក្នុងពិភពសិល្បៈធ្វើឱ្យទស្សនិកជនស្គាល់ច្បាស់គឺរឿងកាត់បេះដូងដើម្បីបង រួមសម្ដែងជាមួយតួឯកប្រុសគឺលោកសម តារា។ អ្នកស្រីធ្លាប់រួមុំសម្ដែងភាពយន្តជាមួយតួប្រុសជាច្រើននៅជំនាន់នោះដូចជាលោកទេព រិន្ទដារ៉ូ,លោកសម តារា,លោកខៃ ប្រសិទ្ធ,លោកពេជ្រ ភិរុណ,លោកយស បូវណ្ណៈ,លោកសុវណ្ណ មុនី ជាដើម។ ខ្សែភាពយន្តដែលអ្នកស្រីបានចូលរួមសម្ដែងមានដូចជា៖

  1. រឿងកាត់បេះដូងដើម្បីបង
  2. រឿងនាងរំសាយសក់
  3. រឿងខឹងខ្នាញ់ស្រឡាញ់អង្អែល
  4. រឿងស្រណោះក្លិនស្រែម្អម
  5. រឿងមួយសប្ដាហ៍នៃបេសកកម្មខ្មោច
  6. រឿងព្រលឹងអារក្សអន្ទាក់និស្ស័យ
  7. រឿងម៉ាក់អូននៅក្រមុំ
  8. រឿងព្យាណូបាក់ខ្ទង់
  9. រឿងផ្កាចុងសន្លឹក
  10. រឿងមេផ្ទះលេខមួយ
  11. រឿងដួងចិត្តខ្មោច
  12. រឿងច្រឡំខ្ញុំហើយ
  13. រឿងពៅម្លិះលា
  14. រឿងឥន្ទធនូបីពណ៌
  15. រឿងកវីផ្សងស្នេហ៍

ជីវិតថ្មីលើដីអាមេរិក

អ្នកស្រីសុខ ស្រីមុំ បានចាកចេញពីមាតុភូមិទៅរស់នៅសហរដ្ឋអាមេរិកនៅខែកញ្ញា ឆ្នាំ១៩៩៤រួមដំណើរជាមួយលោកយស បូវណ្ណៈ និងសិល្បករមួយចំនួនទៀត។ នៅទីនោះ ដំបូងអ្នកស្រីចេញច្រៀងក្រោយមកទើបមានគេទាក់ទងឱ្យសម្ដែងជាចំរៀងកាយវិការ។ ក្រៅពីនេះអ្នកស្រីត្រូវប្រកបមុខរបរផ្សេងទៀតបន្ថែមលើអាជីពសិល្បៈដើម្បីរក ប្រាក់ចំណូលផ្គត់ផ្គង់ជីវភាព។ កាលពីឆ្នាំ២០០៧កន្លងទៅថ្មីៗនេះក្រោយពីបានឃ្លាតពីមាតុភូមិអស់រយៈពេលជាង១០ឆ្នាំ អ្នកស្រីក៏បានត្រលប់មកលេងស្រុកខ្មែរជាលើកដំបូងជាមួយស្វាមីក្រោយ ជិតមួយខែ ហើយបានចេញមុខជាសាធារណៈក្នុងការប្រគំតន្រ្តីតាមស្ថានីយ៍ទូរទស្សន៍ មួយចំនួន។ ទោះបីជាស្ថិតក្នុងវ័យជាង៣០ទៅហើយក្ដី ក៏អ្នកស្រីសុខ ស្រីមុំ នៅតែរក្សាសម្រស់បានស្រស់ផូរផង់ក្មេងជាងវ័យធ្វើឱ្យទស្សនិកជនគ្រប់ មជ្ឈដ្ឋានស្ញើចសរសើរមិនដាច់ពីមាត់៕

មតិយោបល់