បញ្ហាដែលកើតមានដោយសារតែវីដេអូហ្គេមនៅក្នុងប្រទេសចិនបានកើនឡើងជាលំដាប់ ដោយថ្មីៗនេះ មានបុរសម្នាក់បានចំណាយពេល ៦ឆ្នាំ នៅក្នុងហាងកាហ្វេដើម្បីលេងហ្គេម។
យោងតាមសារព័ត៌មានក្នុងស្រុកចិនមួយបានឲ្យដឹងថា មានបុរសវ័យក្មេងម្នាក់ឈ្មោះ Li Meng បានចំណាយពេល ៦ឆ្នាំ រស់នៅក្នុងហាងកាហ្វេ ដើម្បីលេងហ្គេម ដោយគេគ្រាន់តែទិញអាហារ និងភេសជ្ជៈបន្តិចបន្តូចទុកគ្រាន់ហូបនៅពេលឃ្លាន។
លោក Meng ជានិស្សិតដែលរៀនចប់នៅក្នុងសកលវិទ្យាល័យមួយក្នុងប្រទេសចិន ប៉ុន្តែលោកហាក់ដូចជាស្អប់ខ្ពើមនឹងការងារ ព្រោះថាលោកធ្លាប់បានព្យាយាមស្វែងរកការងារធ្វើដែរ ប៉ុន្តែទីបំផុតនៅតែមិនបាន។ លោកបានរស់នៅដោយពឹងផ្នែកនៅលើខ្លួនឯង ជាពិសេសលោកចូលចិត្តរស់នៅក្នុងពិភពរវើរវាយនៃហ្គេម។
លោក Meng បានចំណាយពេលទាំងថ្ងៃ ទាំងយប់ក្នុងការលេងហ្គេមនៅក្នុងហាងកាហ្វេ ដោយម្ចាស់ហាងកាហ្វេបាននិយាយថា Meng បានយកអាហារមកជាប់ជាមួយនឹងខ្លូន ហើយគាត់លេងវីដេអូហ្គេមអនឡាញ ដោយមិនចាប់អារម្មណ៍នឹងនរណាឡើយ ពោលគឺគាត់ចាប់អារម្មណ៍តែហ្គេមមួយប៉ុណ្ណោះ។
អ្នកយកព័ត៌មាន និងមនុស្សជាច្រើននាក់បានឆ្ងល់ថា តើលោកបានលុយមកពីណាសម្រាប់ចំណាយលើថ្លៃអ៊ីនធើណែត? ម្ចាស់ហាងកាហ្វេបានសួរលោក Meng ដោយស្ងាត់ៗលើរឿងនេះ ពេលនោះបុរសញៀននឹងហ្គេមមួយនេះបាននិយាយថា លោកបានលក់នូវ items ដែលមាននៅក្នុងហ្គេម រួមទាំងមាសដែលលោករកបាននៅក្នុងហ្គេម ដែលទទួលបានប្រាក់ចំណូលពី ជាង ៣០០ដុល្លារអាមេរិក ដោយក្នុងនោះលោកចំណាយ ៨០ដុល្លារអាមេរិកសម្រាប់ថ្លៃអ៊ីនធើណែតកាហ្វេ។
គួរបញ្ជាក់ផងដែរថា នៅក្នុងប្រទេសចិនមិនមែនមានតែបុរសម្នាក់នេះនោះទេ ដែលញៀននឹងហ្គេមនោះ គឺមានមនុស្សជាច្រើននាក់ផ្សេងទៀតក៏ញៀនដូច Meng ដែរ៕
មតិយោបល់