ព័ត៌មានសិល្បៈ និងកម្សាន្ត

ឈិន​ឡុង នឹង​ចូល​សម្ដែង​ក្នុង​រឿង The Expendables 3

តារា​សម្ដែង​ដ៏​ល្បីឈ្មោះ និង​មាន​ប្រជាប្រិយភាព​របស់​ចិន លោក Jackie Chan (​ឈិន​ឡុង) នឹងចូលរួម​សម្ដែង​នៅក្នុង​ភាពយន្ត​រឿង “The Expendables 3” នេះ​បើ​យោងតាម​សេចក្ដីរាយការណ៍​របស់​សារព័ត៌មាន​ចិន Ming Pao និង Yahoo​។​

the-expendables-3-jackie-chan-jumps-on-board

​ប្រភពព័ត៌មាន​ខាងលើ​បាន​បញ្ជាក់ថា លោក ឈិន​ឡុង បាន​ចុះ​កិច្ចព្រមព្រៀង​ក្នុង​ការថត​រឿងនេះ​ជា​លោក Sylvester Stallone (​រ៉ា​ម​បូ)ដែលជា​អ្នកដឹកនាំ និង​ក៏​ជា​តួ​សម្ដែង​នៅក្នុង​សាច់រឿង​នេះ​ផងដែរ​។​
​កាលពី​ឆ្នាំ​កន្លងទៅ មាន​ក៏មាន​ព័ត៌មាន​ដូចនេះ​ផងដែរ​ថា លោក ឈិន​ឡុង​នឹងមាន​វត្តមាន​ក្នុង​រឿង The Expendables 2 ប៉ុន្តែ​បែរជា​គ្មាន​រូបលោក​ទៅវិញ​។
​ប្រភពព័ត៌មាន​ខាងលើ​បាន​ឲ្យ​ដឹង​ទៀតថា អ្នក​ដែល​ជិតស្និទ្ធ​នឹង​លោក ឈិន​ឡុង បាន​បង្ហើប​ប្រាប់ថា លោក រ៉ា​ម​បូ បាន​អញ្ជើញ ឈិន​ឡុង ឲ្យ​ចូលរួម​ក្នុងការ​សម្ដែង​វគ្គ​ថ្មី​នេះ ហើយ​លក្ខណៈ​នៃ​កិច្ចព្រមព្រៀង​ក៏បាន​ធ្វើ​រួចរាល់​ហើយ​ដែរ​។​
​ប៉ុន្តែ​បើទោះជា​យ៉ាងនេះ​ក្ដី ក៏​នៅ​មិនទាន់​ប្រាកដ​បាន​ថា លោក ឈិន​ឡុង​ពិត​ជាមាន​វត្តមាន​នៅក្នុង​រឿង The Expendables 3 នោះទេ ព្រោះថា លោក​មិនបាន​ប្រកាស​ជា​សាធារណៈ​។​
​នៅក្នុង​សាច់រឿង​នេះ ក៏មាន​តារា​សម្ដែង កំពូល​ក្បាច់គុណ​មួយរូប​ផងដែរ​គឺ​លោក Jet Li (​លី​លាន​ជា)។​
​គួរបញ្ជាក់​ផងដែរ​ថា រឿង The Expendables 3 នឹង​ចាប់ផ្ដើម​ថត​នៅក្នុង​ខែវិច្ឆិកា ឆ្នាំ ២០១៣ ហើយ​នឹងដាក់​បញ្ចាំង​នៅក្នុង​ខែសីហា ឆ្នាំ ២០១៤៕

expendables-2

មតិយោបល់