(ភ្នំពេញ)៖ ប៉ុន្មានឆ្នាំចុងក្រោយនេះ គេសង្កេតឃើញថាសិល្បករ-សិល្បការិនីជាបន្តបន្ទាប់បានរៀបការរស់នៅយ៉ាងមានសុភមង្គល ជាពិសេសមិត្តរួមអាជីពជាមួយតារាចម្រៀង សុខ ស្រីនាង តែម្តង។ ប៉ុន្តែតារាចម្រៀងស្រគត់ស្រគុំ សុខ ស្រីនាង បែរជាសុខចិត្តនៅម្នាក់ឯង មិនទាន់ប្រាថ្នាជីវិតគូជាលើកទី ២ ទៅវិញ បន្ទាប់ពីគេដឹងថាបែកបាក់គ្រួសារអស់រយៈពេល៩ឆ្នាំ ដោយនៅតែប្រើជីវិតបែប Single ដដែល។
គេសង្កេតឃើញថា រាល់ពេលទៅចូលរួមកម្មវិធីជួបជុំជាមួយអ្នកសិល្បៈម្តងៗ តារាចម្រៀងរូបនេះតែងតែទៅម្នាក់ឯង ខុសប្លែកពីមិត្តភក្តិផ្សេងទៀតបណ្តើរដៃគូទៅចូលរួមយ៉ាងត្រសង។ រហូតមកទល់នឹងឆ្នាំ២០២១ នេះអ្នកគាំទ្រហាក់កំពុងតែចាំមើលថា តើតារាចម្រៀង សុខ ស្រីនាង នៅបន្តប្រើជីវិតបែបនេះដដែល ឬជ្រើសរើសគូស្នេហ៍មួយនឹងគេ ខណៈនាងនៅតែមិនទាន់បង្ហាញសញ្ញាណាមួយ ចង់មានស្នាហា ឬក៏មិនមានហើយមិនទាន់បញ្ចេញ?
គួរជម្រាបថា សុខ ស្រីនាងបានចូលក្នុងសិល្បៈរយៈពេលជាង ១៦ ឆ្នាំហើយ នាងបានចូលច្រៀងក្នុងផលិតកម្មជាច្រើន តែចុងក្រោយនេះនាងច្រៀងនៅក្នុងផលិតកម្ម រស្មីហង្សមាស ដែលមានបទចម្រៀងល្បីៗជាច្រើនកំពុងអង្រួញបេះដូងយុវវ័យ មិនតែប៉ុណ្ណោះនាងធ្លាប់សម្តែងនៅក្នុងរឿង « រាជនីភូមិគ្រឹះ » និងរឿង « ខ្ញុំមានញាណលើស » ។ស្នាដៃទាំងពីរនេះធ្វើឱ្យ សុខ ស្រីនាង កាន់តែលេចធ្លោខ្លាំងក្នុងវិស័យសម្តែង ឆាប់ៗខាងមុខនេះ សុខ ស្រីនាង នឹងលេចមុខនៅក្នុងរឿងថ្មីមួយទៀតផងដែរ ៕
មតិយោបល់