ព័ត៌មានសិល្បៈ និងកម្សាន្ត

សុវណ្ណ មករា ត្រូវតារាមួយក្រុម ប្រកាសធ្វើឲ្យខ្មាស់គេផ្អើលCTN

ក្នុងចំណោមផលិតករ ដែលមានលទ្ធភាពផលិតរឿងដាក់បញ្ចាំងនៅលើកញ្ចក់ទូរទស្សន៍ទាំងអស់ គេចាប់អារម្មណ៍ថាតារាសម្ដែងលោកសុវណ្ណ មករា ប្រឡូកប្រឡាក់ដោយរឿងអាស្រូវខ្លាំងក្លាជាងគេ ពាក់ព័ន្ធនឹងរឿងលូកលាន់ចំណីក្នុងជង្រុក និងរឿងមិនបើកលុយឲ្យតួ រហូតដល់មានករណីបង្ហោះសារទាលុយពីតារាសម្ដែងលោក អ៊ុន សុធា និងចុងក្រោយគឺករណីបោះបង់ភរិយាទៅជ្រើសយកតារាសម្ដែងដែលលោកឲ្យសម្ដែងក្នុងរឿង។

រឿងអាស្រូវទាំងមូល មិនទាន់បាត់ធំក្លិនផង ពេលនេះតារាសម្ដែងមួយក្រុមបានប្រកាសរួមគ្នាតែម្ដងថា នឹងលើកគ្នាទៅអុកឡុកឲ្យផ្អើល CTN តែម្ដង ដោយសារតែរឿង«បញ្ចប់ស្នេហ៍ត្រឹមអូន»ដែលលោកសុវណ្ណ មករា ផលិតឲ្យCTN នោះ ជារឿងដែលលោក សុវណ្ណ មករា មិនទាន់ដោះស្រាយបំណុលជាមួយតួ។

តារាមួយដែលអះអាងថាសុទ្ធតែជាតួសម្ដែងក្នុងរឿង«បញ្ចប់ស្នេហ៍ត្រឹមអូន» បានប្រាប់ Post Komsan ពាក់ព័ន្ធនឹងបញ្ហានេះ ក្រោយពីបានសម្ដែងក្នុងរឿងនេះចប់ លោកសុវណ្ណ មករា ដែលជាផលិតកររឿងបានសន្យានឹងបើកលុយឲ្យគ្រប់តួសម្ដែងទាំងអស់នៅថ្ងៃទី២២ មីនា។ ប៉ុន្តែមកទល់ពេលនេះកម្រៃដែលពួកខ្លួនត្រូវបាន គឺមិនត្រូវបានអើពើនោះទេ ដោយខលថ្ងៃនេះសុំលើកថ្ងៃនោះ ហើយចុងក្រោយមិនឆ្លើយតបតែម្ដង ទើបបណ្ដាលឲ្យតារាភាគច្រើនច្រាសច្រាល។

តារាសម្ដែងទាំងនោះបានអះអាងថា ពួកគេបានទទួលតំណែងដោយឡែកពីគ្នានៅក្នុងរឿងនោះ ដោយតួខ្លះត្រូវលោកសុវណ្ណ មករា ឲ្យសម្ដែងជាតួម្ដាយ ខ្លះជាតួអ្នកស្រុក ខ្លះតួកូនក្មេង និងខ្លះជាតួរាយរងជាដើម ដោយតារាភាគច្រើនគឺ លោកសុវណ្ណ មករា ជំពាក់មិនក្រោម១ពាន់ដុល្លារនោះទេ ដោយសារតែពួកគេត្រូវសម្ដែងក្នុងកម្រៃ មួយថ្ងៃ៤៥ដុល្លារ ហើយសម្ដែងចន្លោះពីជាង១០ថ្ងៃទៅ២២ថ្ងៃ។

តារាសម្ដែងមួយក្រុមនេះ ប្រកាសថាពួកគេបានឯកភាពរួចហើយ ថានឹងលើកគ្នាទៅអុកឡុកដល់CTN ដោយនឹងស្នើឲ្យCTN ជួយដោះស្រាយ ប្រសិនបើលោក សុវណ្ណ មករា នៅតែមិនបើកលុយឲ្យពួកគេតាមការសន្យារចុងក្រោយនៅថ្ងៃច័ន្ទទី១៩ មិថុនា បន្ទាប់ពីដឹងថាតារាៗអស់ការអត់ទ្រាំ។

តារាសម្ដែងម្នាក់បានបញ្ចាក់ដោយស្នើមិនឲ្យបញ្ចេញឈ្មោះថា តារាៗដែលបានសម្ដែងក្នុងរឿង«បញ្ចប់ស្នេហ៍ត្រឹមអូន»នឹងបញ្ចប់ការអត់ទ្រាំនៅដើមសប្ដាហ៍ក្រោយហើយ ដោយនឹងធ្វើការប្រមូលផ្ដុំគ្នាទៅអុកឡុកដល់ទូរទស្សន៍CTN តែម្ដង ដោយសារតែភាពយន្តនេះត្រូវ CTN ដាក់បញ្ចាំង ក្នុងពេលកម្រៃនៃសម្ដែងមិនទាន់ត្រូវបានដោះស្រាយ។ តារាស្រីម្នាក់ផ្សេងទៀតដែលត្រូវគេស្គាល់ថាបានសម្ដែងជាតួម្ដាយច្រើនមកហើយនិយាយថា«ការពិតយើងចង់ទៅCTN ហើយ តែ សុវណ្ណ មករា វាទើបឆ្លើយថាសុំថ្ងៃច័ន្ទ(ដើមសប្ដាហ៍)ម្ដងទៀត ទើបដំអក់សិន តែបើកុហកដដែលទៀត អត់ទេ គឺធ្វើឲ្យពួកវាខ្មាស់គេផ្អើល CTN ម្មង តួថតតម្លៃប៉ុណ្ណឹងសួរសល់ថាលុយម៉ាន ទិញខោអាវផង ចាយវាយផង គ្រាន់តែយកមកសងគេអស់ហើយ!»។

អ្នកស្រីថាតារាដែលឯកភាពគ្នាទៅតវ៉ាដល់ CTN នោះ គឺមានចំនួនច្រើន ហើយនោះមិនទាន់រាប់បញ្ចូលតួអង្គរាយរងដែលថតមួយប្លង់ៗបាត់មុខហើយល្បីថាសុំបើកលុយមិនបាននោះផង។

ពាក់ព័ន្ធនឹងករណីនេះ លោកសុវណ្ណ មករា មិនអាចសុំការបញ្ជាក់បានទេ តែផ្អែកតាមសម្ដីរបស់លោកកាលសម្ភាសន៍លើកមុនលោកថា ថវិកាលោកបានបើកឲ្យអ្នកកាន់តួទាំងអស់រួចហើយ តែអាចមកពីអ្នកចាត់ការរបស់លោកបង្កកទឹកប្រាក់ ទើបតួភាគច្រើនក្ដៅក្រហាយតែលោក។ លោកថាខ្លួនមិនដែលជំពាក់តួលុយដល់ច្រើនខែទេ យ៉ាងច្រើនកកស្ទះបួនដប់ថ្ងៃ ដោយសារតែខាងទូរទស្សន៍បើកលុយឲ្យមិនទាន់ប៉ុណ្ណោះ។ យ៉ាងណាមិញពាក់ព័ន្ធនឹងបញ្ហានេះ តារាភាគច្រើនដែលមិនបានទទួលកម្រៃនិយាយថាមិនមែនអ្នកចាត់ការណាបង្កកលុយមិនឲ្យក្នុងពេលដែលលោកសុវណ្ណ មករា ប្រគល់លុយឲ្យនោះទេ៕

មតិយោបល់