ព័ត៌មានសិល្បៈ និងកម្សាន្ត

កាន់តែក្តៅ! ពិធីករ សុខ រ៉ាស៊ី ប្រកាសដាក់ពាក្យបណ្តឹងលោក អុិន សុភិន ជុំវិញរឿងលុយកាក់

 

(ភ្នំពេញ)៖ កាន់តែក្តៅដូចទឹកពុះ នៅពេលនេះពិធីករល្បីឈ្មោះមួយរូប ប្រចាំស្ថានីយទូរទស្សន៍ហង្សមាសគឺ លោក សុខ រ៉ាស៊ី បានប្រកាសថា ខ្លួនកំពុងតែពិភាក្សាជាមួយនឹងមេធាវី ដើម្បីដាក់ពាក្យបណ្ដឹងតាមផ្លូវច្បាប់ ប្ដឹងលោក អ៊ិន សុភិន ចាងហ្វាងផលិតកម្មមហាហង្ស និងជាអ្នករៀបចំកម្មវិធីប្រកួត «Miss Grand Cambodia ២០២០» ពីបទ «រំលោភលើសេចក្ដីទុកចិត្ត»។

ការសម្រេចចិត្តយកផ្លូវច្បាប់មកដោះស្រាយបញ្ហានៅពេលនេះ គឺបន្ទាប់ពីភាគីខាងលោក សុខ រ៉ាស៉ី អះអាងថាលោក អ៊ិន សុភិន បានគេចវេសជាច្រើនលើក មិនដោះស្រាយបញ្ហាលុយជំពាក់ ពេលជួលឆាកតន្រ្តី និងសម្ភារៈផ្សេងៗទៀត អំឡុងពេលរៀបចំកម្មវិធី «Miss Grand Cambodia 2020» ដែលមានទំហំទឹកប្រាក់ជិត២ម៉ឺនដុល្លារ កាលពីថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២០ កន្លងទៅ ខណៈដែលបញ្ហានេះលោក សុខ រ៉ាស៊ី បានទុកពេលវេលាឲ្យជិតមួយឆ្នាំមកហើយ ដើម្បីមានលទ្ធភាពដោះស្រាយ ប៉ុន្តែពុំទទួលបានលទ្ធផល។

តាមរយ:សារបង្ហោះលើគណនីហ្វេសប៊ុកផ្ទាល់របស់ខ្លួន លោកសុខរ៉ាស៊ី បានបង្ហោះសារយ៉ាងដូច្នេះថា «ថ្ងៃនេះ ខ្ញុំសូមបញ្ចាក់ថា រឿងនេះ លុយ ខ្ញុំលែងចង់បានលុយហើយ ខ្ញុំសុខចិត្ត អោយច្បាប់ ចាប់ បុគ្គលនេះ ដាក់គុកចុះ កុំអោយដើរបោកបញ្ឆោត លួងលោម សិល្បៈករដ៏ទៃទៀត អោយចាញ់បោកដូចខ្ញុំ ហើយ កុំអោយ ខូចឈ្មោះ អ្នកដឹកនាំ ម្ជាស់ផលិតកម្ម ម្ចាស់កម្មវិធី គេល្អល្អ! ព្រោះតាមដឹង បុគ្គលនេះធ្លាប់មានរឿងរ៉ាវច្រើនណាស់ ជាមួយតួសម្តែងពេលថតរឿងទៀត! ពេលអាន ឆាតទៅ គេថា គេសុំា ហ្នឹងរឿង ហ្នឹងហើយ ព្រោះគេធ្លាប់មាន រឿងអញ្ចឹងរហូត!»៕

 

មតិយោបល់