ព័ត៌មានជាតិ

ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ កំពុងស្រាវជ្រាវលើករណី ការសាង សង់ប្រាសាទ ដូច អង្គរវត្តនៅលើទឹកដីថៃ

ភ្នំពេញ៖ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ រួមទាំងកុងស៊ុលកម្ពុជាប្រចាំនៅប្រទេសថៃ កំពុងស្រាវជ្រាវលើករណី ការសាង សង់ប្រាសាទ ដូច អង្គរវត្តនៅលើទឹកដីថៃ។ នេះបើតាមប្រសាសន៍លោកជំទាវ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បញ្ជាក់ឱ្យ BTV ដឹងនៅយប់ថ្ងៃទី៥ ខែកក្កដា។

តាមរយៈការផ្សព្វផ្សាយនៅក្នុងបណ្ដាញសង្គមនានាបានឱ្យដឹងថា ប្រាសាទដូចអង្គរវត្តរបស់កម្ពុជាកំពុងសាងនៅទឹកដីថៃ។ ការសាង សង់ប្រាសាទ ដែលចម្លងចេញពីរូបរាងប្រាសាទអង្គរវត្តរបស់កម្ពុជានេះ គឺ ស្ថិតនៅខេត្តបុរីរ៉ាំ ប្រទេសថៃ។

តាម ការលើកឡើងនៅក្នុងបណ្ដាញសង្គម ក៏បានឱ្យដឹងដែរថា វិស្វករដែលសាងសង់ ប្រាសាទដោយ ចម្លងតាមប្រាសាទ អង្គរវត្តរបស់ កម្ពុជានេះ ក៏មានការមិនសប្បាយចិត្ត ចំពោះការរិះគន់លើស្នាដៃរបស់គេដែលកំពុងសាងសង់នេះដែរ។

លោក ជំទាវរដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បញ្ជាក់បន្ថែមថា ក្រសួងបានទាក់ទងទៅកុងស៊ុល កម្ពុជាប្រចាំនៅទីនោះ ឱ្យ ស្រាវជ្រាវ ករណីនេះឱ្យបានល្អិតល្អន់ផងដែរ៕

មតិយោបល់