ព័ត៌មានសិល្បៈ និងកម្សាន្ត

មកស្គាល់ ប៊ឺហ្គឺរ ថ្លៃបំផុតលើពិភពលោក គ្រាន់តែរបៀបធ្វើជក់ចិត្តសាហាវ (មានវីដេអូ)

 

(បរទេស)៖ ប៊ឺហ្គឺរ គឺជាប្រភេទអាហារសម្រន់មួយប្រភេទ ដែលមានការពេញនិយមខ្លាំងនៅទូទាំងពិភពលោក ជាពិសេសអ្នកដែលនិយមបរិភោគអាហារ Fast Food ប៊ឺហ្គឺរ គឺជាជម្រើសមួយក្នុងចំណោមជម្រើសជាច្រើនទៀត។ ទន្ទឹមគ្នានេះ ប៊ឺហ្គឺរ ត្រូវបានគេដឹងថា មានតម្លៃពីសមរម្យ រហូតដល់ថ្លៃកប់ពពកតែម្តង ពោលប៊ឺហ្គឺរ ដែលមានតម្លៃថ្លៃបំផុតលើពិភពលោក គឺរហូតដល់ ៦ពាន់ដុល្លារអាមេរិកឯណោះ។

ប៊ឺហ្គឺរមួយឈ្មោះថា «The Golden Boy» តម្លៃ៦,០០០ដុល្លារអាមេរិក បានជាប់ជាកំណត់ត្រាពិភពលោក ដែលមានតម្លៃថ្លៃបំផុតក្នុងឆ្នាំ២០២១។
តាមប្រភពព័ត៌មានបានឲ្យដឹងថា ប៊ឺហ្គឺរដ៏ថ្លៃខាងលើនេះ ត្រូវបានបង្កើតឡើងដោយលោក Robbert Jan de Veen ជាម្ចាស់ភោជនីយដ្ឋាន «Dutch restaurant De Daltons»។ ដំបូងឡើយ គាត់បានអង្គុយនៅក្នុងភោនីយដ្ឋាន បំពេញការងារបន្ដិចបន្ដួច ហើយក៏បើកអ៊ីនធើណេត និងប្រទះឃើញថាកំណត់ត្រាប៊ឺហ្គឺរថ្លៃបំផុតលើពិភពលោក មានតម្លៃ៥,០០០ដុល្លារអាមេរិក ជាមួយនឹងទម្ងន់៣៥២គីឡូក្រាម។ ដូច្នេះ គាត់ក៏មានបំណងចង់បំបែកកំណត់ត្រាចាស់នេះ តែក្នុងវិធីសាស្ត្រថ្មី ដែលធ្វើប៊ឺហ្គឺរមួយមានតម្លៃថ្លៃបំផុត តែមានទំហំសមល្មម និងអាចឲ្យមនុស្សបរិភោគបាន។

លក្ខណៈពិសេសនៃប៊ឺហ្គឺរនេះ គឺគ្រឿងផ្សំសុទ្ធសឹងតែមានតម្លៃថ្លៃ រួមមានស្រាសំប៉ាញ Dom Perignon, នំបុ័ងរុំស្លឹកមាស, សាច់គោជប៉ុន Wagyu, ពងត្រីខ្មៅ Beluga caviar, សាច់ហ៊េម Joselito Bellota និងឈីស Truffle ជាដើម។

យ៉ាងណាមិញ ប៊ឺហ្គឺរនេះ ត្រូវបានដាក់លក់ដំបូងបង្អស់នៅភោជនីយដ្ឋានផ្ទាល់របស់គាត់ កាលពីថ្ងៃទី២៨ ខែមិថុនាកន្លងទៅនេះ ហើយគាត់ក៏បានសម្រេចចិត្តបរិច្ចាគប្រាក់ចំណូលទាំងអស់ទៅជួយធ្វើអំពើល្អក្នុងសង្គមផងដែរ៕

 

មតិយោបល់