ព័ត៌មានសិល្បៈ និងកម្សាន្ត

កំពូឡតារាក្បាច់គុន ឈិន ឡុង ត្រៀមប្រារព្ធព្រឹត្តិការណ៍មហោស្រពភាពយន្ត Action ជាលើកទី៦ នាខែក្រោយ

 

(បរទេស)៖ កម្មវិធីមហោស្រពភាពយន្តបែបវាយតប់ ដែលផ្តូចផ្តើមរៀបចំឡើងដោយផ្ទាល់ពីសំណាក់តារាសម្ដែង Jackie Chan ឬ ឈិនឡុង នឹងចាប់ផ្ដើមប្រារព្ធឡើង សម្រាប់ឆ្នាំ២០២១នេះ ដែលវាជាឆ្នាំទី៦។ មហោស្រពភាពយន្តវាយតប់ ឬបាញ់ប្រហារអន្តរជាតិលើកទី៦ នេះនឹងប្រារព្ធឡើងនៅក្នុងក្រុង Datong (តាថុង) ភាគខាងជើងខេត្តសានស៊ីប្រទេសចិន ចាប់ពីថ្ងៃទី៦ ដល់ថ្ងៃទី៨ ខែសីហាខាងមុខនេះ។

កម្មវិធីមហោស្រពនេះ ត្រូវបានរៀបចំដោយមានទស្សនិកជនចូលដោយផ្ទាល់ផង និងតាមរយៈប្រព័ន្ធអនឡាញផង មូលហេតុគឺដើម្បីកាត់បន្ថយអ្នកចូលទស្សនា នៅអំឡុងពេលវិបត្តិកូវីដ-១៩។ កម្មវិធីមហោស្រពភាពយន្តបែបវាយតប់ គឺទទួលបានឧបត្ថម្ភពីតារាសម្ដែងក្បាច់កុងហ្វូលោក Jackie Chan (ជេកគី ចាន់) ផ្ទាល់ ដែលបានរួមគ្នារៀបចំឡើងជាមួយនឹងប៉ុស្តិ៍ទូរទស្សន៍ CCTV6ផងដែរ។ គោលបំណងនៃការប្រារព្ធកម្មវិធីនេះឡើង គឺដើម្បីផ្ដល់កិត្តិយសដល់អ្នកផលិតភាពយន្តទាំងឡាយដែលបានចូលរួមចំណែកក្នុងការផលិតភាពយន្តប្រភេទ បាញ់ប្រហារ និងក្បាច់គុននៅជុំវិញពិភពលោក។

ក្នុងកម្មវិធីនេះ នឹងមានការចាក់បញ្ចាំងភាពយន្ត Action ទាំងក្នុងប្រទេសចិននិងភាពយន្តបរទេស ហើយក៏នឹងមានការផ្ដល់ពានរង្វាន់ “Iron Man Awards” (អាយរ៉ន មេន អឺវ៉ត) ជូនដល់ភាពយន្តនិងផលិតករឆ្នើមផងដែរ៕

ប្រភព៖ China Daily

 

មតិយោបល់