ព័ត៌មានសិល្បៈ និងកម្សាន្ត

កម្រមាន តែជាការពិត! បងប្អូនភ្លោះស្រីមួយគូ មានសង្សារជាបងប្អូនប្រុសភ្លោះមួយគូដែរ

 

បងប្អូនភ្លោះមិនថាប្រុសឬស្រីនោះទេ ពេលកើតមកត្រូវបានគេមើលឃើញថា តែងមានចំណង់ចំណូលចិត្តដូចគ្នា ខណ:មុខមាត់រូបរាងក៏ដូចគ្នា ស្ទើរតែច្រឡំទៅហើយ។ យ៉ាងណាមិញ អាចនិយាយបានថា ជារឿងមួយកម្រមានណាស់នៅលើពិភពលោកយើងនេះ ដែលមានបងប្អូនភ្លោះស្រីមួយគូ មានសង្សារជាបងប្អូនប្រុសភ្លោះមួយគូដែរ។

បងប្អូនភ្លោះស្រីមួយគូ មកពីរដ្ឋ Oregon នៃសហរដ្ឋអាមេរិក បានមានទំនាក់ទំនងស្នេហាជាមួយនឹងបងប្អូនភ្លោះប្រុសមួយគូដែរ ដែលនេះជាករណីកម្រមែនទែននៅលើពិភពលោក។ នាង Venessa និងនាង Kerissa អាយុ២៥ឆ្នាំ បានជួបនឹងមិត្តប្រុសរបស់ពួកនាងទាំងពីរអាយុ២៩ឆ្នាំ តាំងពីខែមិថុនា ឆ្នាំ២០២០មកម៉្លេះ និងបានធ្លាក់ក្នុងអន្លង់ស្នេហ៍គ្នាទៅវិញទៅមកយ៉ាងឆាប់រហ័ស ហើយ៣ខែក្រោយមក ក៏ផ្លាស់មករស់នៅរួមគ្នាតែម្ដង។ សព្វថ្ងៃនេះ ពួកនាងទាំងពីរមានអាជីពជាអ្នកបង្វឹកការហាត់ប្រាណឯកជន និងមិត្តប្រុសវិញ ជាអ្នកធ្វើការផ្នែកវេជ្ជសាស្ត្រកីឡា។ ទន្ទឹមនឹងនេះដែរ រាល់ពេលទៅណាមកណាទាំងអស់គ្នាម្ដងៗ ពួកគេទាំងបួន តែងតែត្រូវបានមនុស្សម្នាសម្លឹងមើលជានិច្ច រហូតដល់មានពេលមួយ មានគេហៅឈប់សួរតាមផ្លូវ ដោយសារតែគិតថា បានឃើញដូចបែងភាគ។

យ៉ាងណាមិញ ជាធម្មតាបងប្អូនភ្លោះស្រីតែងតែចង់រៀបការក្នុងពេលតែមួយជាមួយគ្នា តែសម្រាប់បងប្អូនភ្លោះស្រីមួយគូខាងលើនេះ ហាក់មិនមានគម្រោងរៀបការបែបនោះឡើយ តែពួកគេទាំងពីរនឹងរង់ចាំមើលសិន ថានឹងអាចផ្លាស់ប្ដូរចិត្តឬយ៉ាងណា៕

 

មតិយោបល់