ក្រោយលែងលះគ្នាជាមួយស្វាមីដែលជាតារាសម្ដែងដូចគ្នា នៅពេលនេះកំពូលតារាស្រីចិន Zhao Liying (ចាវ លីអ៊ីង) បានចំណាយលុយទិញផ្ទះវីឡាដ៏ប្រណីតដែលមានតម្លៃរហូតដល់ជាង ១៥លានដុល្លារ។
កាលពីថ្មីៗនេះសារព័ត៌មានចិន Sina បានចុះផ្សាយថាតារាសម្ដែងស្រីចិន Zhao Liying បានចំណាយ ១៥លានដុល្លារ ទិញផ្ទះវីឡាដ៏ប្រណីតស្ថិតនៅទីក្រុងប៉េកាំង ក្រោយលែងលះគ្នាជាមួយតារាប្រុស Feng Shaofeng (ហ្វឹង ស្ហាវហ្វឹង) បានប៉ុន្មានខែ។
ប្រភពដដែលបានឲ្យដឹងថានៅផ្នែកខាងក្នុង និងខាងក្រៅនៃវីឡានេះ គឺប្រណីតភាពខ្លាំងប្រៀបដូចជាវិមាន ដោយក្នុងនោះមានទាំងបឹងសិប្បនិម្មិត និងសួនច្បារដ៏ធំ។ ក្នុងរយៈពេល៤ឆ្នាំចុងក្រោយនេះ គេបានប៉ាន់ប្រមាណថា Zhao Liying អាចរកប្រាក់ចំណូលបានដល់ជាង ២១១លានដុល្លារ តាមរយៈការធ្វើជាទូតសុឆន្ទៈឲ្យក្រុមហ៊ុនល្បីៗ។ នៅ៥ឆ្នាំចុងក្រោយនេះ ក្នុងបញ្ជីតារារកប្រាក់ចំណូលបានច្រើនជាងគេ គឺមិនដែលបាត់មុខតារាវ័យ ឆ្នាំរូបនេះម្ដងណាឡើយ។ បច្ចុប្បន្នតួឯកស្រីរឿង “និស្ស័យស្នេហ៍ដាវទេព” រូបនេះមានកាន់កាប់ផលិតកម្មភាពយន្តចំនួន៣ និងមានចំណែកភាគហ៊ុនយ៉ាងធំក្នុងក្រុមហ៊ុនចំនួន៧ផ្សេងទៀតផងដែរ។
ការបែកបាក់ស្នេហាហាក់មិនបានធ្វើប៉ះទង្គិចដល់ជីវិតរបស់នាងឡើយ តែផ្ទុយទៅវិញស្រីស្អាតរូបនេះកាន់តែមានសកម្មភាពក្នុងការងារសិល្បៈ និងទទួលថតភាពយន្តថ្មីៗច្រើនជាងមុន ៕
មតិយោបល់