ព័ត៌មានសិល្បៈ និងកម្សាន្ត

ឆន សុវណ្ណារាជ ស្រាប់តែទម្លាយអាថ៌កំបាំងរបស់ មាស សុខសោភា ដែលខំលាក់ ១២ឆ្នាំមកនេះ!

(ភ្នំពេញ)៖ កំពូលតារាចម្រៀងស្រីដ៏ល្បីល្បាញ មាស សុខសោភា បានបញ្ចប់ភាពនៅលីវ ដោយដឹកដៃគូស្នេហ៍សំណព្វចិត្តចូលរោងការតាមប្រពៃណីតាំងពីថ្ងៃទី ២៨ ធ្នូ ឆ្នាំ ២០០៩ មកម្ល៉េះ ហើយបើគិតមកដល់ពេលនេះ ពួកគេទាំងពីរបានរួមរស់ជាប្ដីប្រពន្ធអស់រយ:ពេល ១២ ឆ្នាំហើយ។

រៀបការក្លាយជាប្ដីប្រពន្ធរាប់សិបឆ្នាំក៏ពិតមែន ប៉ុន្ដែមហាជនអ្នកគាំទ្រមួយចំនួនធំ មិនបានដឹងថាកំពូលតារាចម្រៀងក្នុងដួងចិត្តរបស់ពួកគេបានរៀបការសាងគ្រួសាររួចហើយនោះទេ។ ដោយឡែកស្រាប់តែនៅក្នុងឱកាសខួបអាពាហ៍ពិពាហ៍រយ:ពេល ១២ ឆ្នាំ តារាចម្រៀង ឆន សុវណ្ណារាជ ដែលគេស្គាល់ជាមិត្តសម្លាញ់នឹង មាស សុខសោភា បានទម្លាយរូបថតថ្ងៃចូលរោងការរបស់កំពូលតារាចម្រៀងស្រីរូបនេះ ២ សន្លឹក ធ្វើឱ្យមហាជនភ្ញាក់ផ្អើលមិនស្ទើរនោះទេ។

យ៉ាងណាមិញ ក្រោយពីលោក ឆន សុវណ្ណារាជ ទម្លាយរូបថតមង្គលការរបស់ មាស សុខសោភា និង ស្វាមី ក្នុងនោះគេបានឃើញសាមីខ្លួន ពោលគឺកញ្ញា មាស សុខសោភា បានចូលទៅខមមិនហាក់ហួសចិត្ត និង អស់សំណើចខ្លាំងណាស់ដែរ ដោយសុខៗមិត្តភក្តិរបស់ខ្លួនបានបង្ហោះរូបភាពអាថ៌កំបាំងកាល ១២ ឆ្នាំមុន។ក្នុងនោះ អ្នកនាង មាស សុខសោភា បានខមមិនថា ៖ «ធ្វើស៊ីសាហាវ ពូរាជ»។ ខមមិនរបស់អ្នកនាង មាស សុខសោភា ក៏បានធ្វើឱ្យអ្នកគាំទ្រជាច្រើនបានចូលទៅខមមិនអបអរសាទររូបនាង និង ស្វាមីក្នុងឱកាសខួបអាពាហ៍ពិពាហ៍ ១២ ឆ្នាំនេះដែរ៕

មតិយោបល់