ព័ត៌មានជាតិ

ការលាងបន្លែ ឱ្យមានសុវត្ថិភាពចំពោះសុខភាព

ការជ្រើសរើសទិញបន្លែ និងលាងបន្លែគឺជារឿងសំខាន់មួយដែរ ព្រោះពេលខ្លះក៏យើងមិនដឹងថា បន្លែដែលគេយកមកលក់នោះ ជាបន្លៃដែលគ្មានសារធាតុពុល និងថ្នាំសម្លាប់សត្វល្អិត ឬក៏​មាននោះឡើយ ជំនួសឱ្យការដែលត្រូវមានសុខភាពល្អ វាប្រែក្លាយជាការបង្កសារធាតុពុលនៅក្នុងរាងកាយកាន់តែច្រើនឡើងទៅវិញ ទើបថ្ងៃនេះ យើងមានវិធី លាងសម្អាតបន្លែឱ្យស្អាត គ្មាននៅសេសសល់សារធាតុពុលមកជម្រាបជូនដូចតទៅ។

ការលាងបន្លែ៖ ពេលជ្រើសរើសទិញបន្លែបានមកហើយ មុនទទួលទាន ឬនាំមកចម្អិនជាអាហារនោះ គួរយកមកលាងឱ្យស្អាតជាមុនសិន។ ក្នុងពេលបច្ចុប្បន្ននេះ​មានអ្នកណែនាំ​ពីវិធីលាង​សម្អាតបន្លែជាច្រើនវិធី ដើម្បីកាត់បន្ថយបរិមាណសារធាតុពុលសម្លាប់សត្វល្អិត ដែលនៅជាប់សេសសល់លើបន្លែនោះឱ្យថយចុះ ដោយមានវិធីជាច្រើនដូចតទៅនេះ៖

១ – ការលាងបន្លែ ដោយប្រើសូដ្យូមបៃខាបូនេត 1 ស្លាបព្រាបាយសម្រាប់ទឹកក្តៅឧណ្ហៗមួយចានដែក (20លិត្រ) ត្រាំបន្លែទុកចោល 15 នាទី វានឹងកាត់បន្ថយសារធាតុពុលបាន 90 – 95% ជាវិធីដែលមានសុវត្ថិភាព។ បន្ទាប់ពីត្រាំបន្លែក្នុងសារធាតុរលាយសូដ្យូមបៃខាបូនេតក្នុងទឹករួចហើយ គួរយកបន្លែនោះទៅលាងទឹកចេញឱ្យបានច្រើនដង ដើម្បីជម្រះយកសារធាតុពុល​ដែល​នៅសេសសល់ចេញឱ្យអស់ តែវាមានបញ្ហានៅត្រង់ថា វិធីនេះនឹងធ្វើឱ្យវីតាមីន A នៅក្នុងបន្លែបាត់បង់អស់ខ្លះ។

២ – ការត្រាំបន្លែនៅក្នុងទឹកលាយទឹកសាជូរ ដោយប្រើទឹកសាជូររលាយក្នុងទឹក។ ត្រាំបន្លែដែលបេះរួចហើយប្រមាណ 15 នាទី នឹងអាចកាត់បន្ថយបរិមាណសារធាតុពុលបាន 60 – 84%។

៣ – ការត្រាំបន្លែក្នុងទឹកថ្នាំលាងបន្លែ ដោយត្រាំទុកចោលប្រមាណជា 15 នាទី នឹងកាត់បន្ថយបរិមាណសារធាតុពុលសម្លាប់សត្វល្អិតបាន 54 – 68% តែវិធីមិនណែនាំឱ្យប្រើឡើយ ព្រោះ​ទឹក​ថ្នាំលាងបន្លែនឹងជ្រាបចូលទៅក្នុងបន្លែ អាចបណ្តាលឱ្យមានគ្រោះថ្នាក់បាន។

៤ – ការលាងបន្លែដោយបើកទឹកឱ្យហូរឆ្លងកាត់ បន្លែដែលជាស្លឹកៗ ចូរដាក់នៅក្នុងកញ្រ្ចែងដែលមានប្រឡោះធំៗ រួចបើកទឹកពីក្បាលរ៉ូប៊ីណេឱ្យខ្លាំងល្មម យកដៃជួយដុសសម្អាត​លើ​បន្លែ​នីមួយៗ ដោយលាងសម្អាតប្រមាណជា 2 នាទី នឹងជួយកាត់បន្ថយសារធាតុពុលសម្លាប់សត្វល្អិតបាន 54 – 63% ។

៥ – ការត្រាំបន្លែក្នុងទឹកស្អាត គួរលាងបន្លែឱ្យស្អាតពីវត្ថុកខ្វក់មួយទឹកជាមុនសិន និងបេះជាសន្លឹកៗដាក់ត្រាំនៅក្នុងចានដែកយូរប្រមាណ 15 នាទី នឹងកាត់បន្ថយបរិមាណ​សារធាតុពុល​សម្លាប់​សត្វល្អិតបាន 7 – 33% ។

៦ – ការស្រុះបន្លែដោយទឹកក្តៅ នឹងកាត់បន្ថយបរិមាណសារធាតុពុលបាន 50% ចំណែកការស្ងោរវិញក៏កាត់បន្ថយសារធាតុពុលបានស្មើនឹងការស្រុះបន្លែដែរ តែ 50% ទៀតនៃសារធាតុពុល​បានចេញពីបន្លៃមកក្នុងទឹកសម្ល។

៧ – ការបកសំបក ឬការបកស្រទាប់ក្រៅរបស់បន្លែចេញ ដូចជា ស្ពៃក្តោប ជាដើម បើបកស្រទាប់ខាងក្រៅចេញនឹងមានសុវត្ថិភាពខ្លាំងជាង។

៨ – ការប្រើម្សៅខ្ល័ររីនត្រាំបន្លែ ដើម្បីសម្លាប់មេរោគ និងបំផ្លាញស៊ុតសត្វល្អិត (ព្រូន និងដង្កូវជាដើម) ដោយការរំលាយម្សៅខ្ល័ររីនកន្លះស្លាបព្រាកាហ្វេសម្រាប់ទឹក 20 លិត្រ និងត្រាំទុកចោល​ប្រមាណ 15 – 30 នាទី នឹងសម្លាប់មេរោគបានល្អណាស់៕

មតិយោបល់