(កូរ៉េ)៖ តារាសម្តែងរបស់កូរ៉េត្បូងលោក Jo In Sung បាននឹងកំពុងធ្វើឲ្យមហាជនក៏ដូចជាអ្នកគាំទ្រកោតសរសើរពីទឹកចិត្តរបស់លោកគ្រប់គ្នា បន្ទាប់ពីបានបរិច្ចាគទឹកប្រាក់ ៥០០ លានវ៉ុនស្មើនឹង ៤៣២,៤៤៩.២៥ ដុល្លារអាមេរិក ដើម្បីជួយសាងសង់សាលា នៅក្នុងប្រទេសតង់ហ្សានី។
បើតាមមូលនិធិសុខមាលភាព Milal បានឲ្យដឹងថា តារាសម្តែងរូបនេះ បានផ្តល់ទឹកប្រាក់បរិច្ចាគក្នុងចំនួនយ៉ាងច្រើន ដើម្បីអបអរក្នុងថ្ងៃខួបកំណើតរបស់លោក កាលពីថ្ងៃទី២៨ ខែកក្កដា ហើយសាលាដែលមានឈ្មោះថា Singida NewVision School ត្រូវបានបញ្ចប់ការសាងសង់ នៅក្នុងភាគកណ្តាលប្រទេសតង់ហ្សានីនៅឆ្នាំ២០១២ ជាមួយទឹកប្រាក់ឧបត្ថម្ភចំនួន ៥០០ លានវ៉ុន ពីតារាសម្តែង Jo In Sung។
គួរបញ្ជាក់ដែរថា សាលានេះ ត្រូវបានសាងសង់នៅក្នុងតំបន់ក្រីក្រមួយនៃប្រទេសតង់ហ្សានីដែលមិនសូវមាននូវការផ្គត់ផ្គង់អគ្គិសនីនៅទីនោះ ប៉ុន្តែ បច្ចុប្បន្ននេះ សាលានេះ កំពុងតែទទួលអប់រំសិស្សចំនួន៣៥១នាក់ នៅក្នុងថ្នាក់មត្តេយ្យ៣ថ្នាក់ និង ថ្នាក់បឋមចំនួន៥ថ្នាក់៕
មតិយោបល់