ព័ត៌មានសិល្បៈ និងកម្សាន្ត

វិចិត្រករចិនមួយរូប គូររូបត្រី 3D យ៉ាងស្ទាត់ជំនាញ ធ្វើឲ្យគ្រប់គ្នាច្រឡំស្មានតែសត្វត្រីពិត

 

(បរទេស)៖ អ្នកលេងបណ្តាញសង្គម មានការចាប់អារម្មណ៍ជាខ្លាំង បន្ទាប់ពីឃើញរូបគំនូរ 3D ជាច្រើន ដែលត្រូវបានគូរដោយស្ត្រីជនជាតិម្នាក់ឈ្មោះថា Feif Dong ខណៈរូបគំនូរទាំងនោះ កំពុងតែធ្វើឲ្យគ្រប់គ្នាយល់ច្រឡំស្មានតែជាសត្វត្រីពិតប្រាកដ។

Feif Dong គឺជាវិចិត្រករដែលមានទេពកោសល្យពិសេសនិងជំនាញក្នុងការបង្កើតគំនូរត្រីស្រស់ស្អាតជាច្រើនប្រភេទ ដោយមើលទៅហាក់ដូចជាមានជីវិតក្នុងជ័រថ្លា។ហើយសិល្បៈនៃការគូររូបត្រីធ្វើពីជ័រ 3D នេះដែរ ត្រូវបានគេស្គាល់ស្ទើរតែមួយទសវត្សរ៍មកហើយ ដោយវិចិត្រករជនជាតិជប៉ុនឈ្មោះ Riusuke Fukahori។
ចំពោះការគូរម្ដងៗ វិចិត្រករ Feif Dong មានការប្រុងប្រយ័ត្នជាខ្លាំង ដោយសារតែកំហុសបន្ដិចក៏អាចបំផ្លាញការងារដែលបានធ្វើអស់ជាច្រើនសប្តាហ៍ឬពេលខ្លះឈានដល់រាប់ខែ ដូច្នេះវាពិតជាទម្រង់សិល្បៈដែលទាមទារការអត់ធ្មត់និងការផ្តោតអារម្មណ៍ដើម្បីធ្វើឲ្យបានត្រឹមត្រូវផងដែរ។បន្ទាប់ពីចាក់ជ័រ ពីមួយស្រទាប់ទៅមួយស្រទាប់ចូលទៅក្នុងអាងតូច ឬចានរួចមក គឺត្រូវទុកឱ្យវាស្ងួតយ៉ាងហោចណាស់៨ម៉ោងទើបចាប់ផ្តើមលាបពណ៌ត្រីដោយប្រើថ្នាំលាប Acrylic។

យ៉ាងណាមិញ វិចិត្រករ Feif Dong តែងតែបង្ហាញពីស្នាដៃរបស់ខ្លួនតាមរយៈគណនីបណ្ដាញសង្គមអ៊ីនស្ដារក្រាមដែលមានអ្នកតាមដានដល់ទៅជាង២៦.០០០នាក់និងលក់គំនូរនៅលើវេបសាយ Etsy ដែលតម្លៃខ្ពស់ទាបទៅតាមទំហំឬការចនានៃគំនូរ៕

 

 

 

មតិយោបល់