កណ្ដាលៈ យោងតាមផេក ការិយាល័យផ្សព្វផ្សាយតាមបណ្តាញសង្គម បានឲ្យដឹងថា ថ្ងៃ ០៨កើត ខែស្រាពណ៍ ឆ្នាំ ឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី១៦ សីហា ឆ្នាំ២០២១វេលាម៉ោង ០៧និង០០នាទី មានករណីរំលោភលើទំនុកចិត្ត (ខ្ចីម៉ូតូ) នៅចំណុចភូមិ ជ័យជំនះ ឃុំសៀមរាប ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល ។
ជនរងគ្រោះឈ្មោះ ហាស់ ភ័ក្ត្រសុវណ្ណ ភេទប្រុស អាយុ ៣៧ឆ្នាំ មានទីលំនៅភូមិ ជ័យជំនះ ឃុំ សៀមរាប ស្រុក កណ្តាលស្ទឹង ខេត្តកណ្តាល ។ មុខរបរ មន្រ្ដីរាជការ ។ ជនសង្ស័យឈ្មោះ លន់ វណ្ណៈ ភេទប្រុស អាយុ ២៥ឆ្នាំ ទីលំនៅភូមិ អូររំចេក ឃុំ ច្រនៀង ស្រុក បារាយ ខេត្តកំពង់ធំ ។ បច្ចុប្បន្នស្នាក់នៅផ្ទះជួលភូមិ រានថ្ម ឃុំ សៀមរាប ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល ។ មុខរបរមិនពិតប្រាកដ(ឃាត់ខ្លួន)
សម្ភារៈបាត់បង់រួមមាន៖ –ម៉ូតូ០១គ្រឿងម៉ាក HONDA ZOOMER X ស៊េរីឆ្នាំ ២០១៧ ពណ៌ ក្រហម ពាក់ស្លាកលេខ ភ្នំពេញ1GD 5572 ។
នៅថ្ងៃទី១៦ ខែ សីហា ឆ្នាំ២០២១ វេលាម៉ោង ០៧និង០០នាទី ជនសង្ស័យបានទៅធ្វើការសំណង់នៅផ្ទះរបស់ជនរងគ្រោះ ហើយបានខ្ចីម៉ូតូរបស់ជនរងគ្រោះម៉ាក ZOOMER X ពណ៌ ក្រហម ស៊េរីឆ្នាំ២០១៧ ពាក់ស្លាកលេខភ្នំពេញ 1GD 5572 ដើម្បីទៅទិញស៊ីម៉ងត៍នៅផ្សារសៀមរាប ពេលជនសង្ស័យខ្ចីម៉ូតូរបស់ជនរងគ្រោះបាន ជនសង្ស័យបានជិះម៉ូតូទៅលេងល្បែងស៊ីជល់មាន់ (តាមអនឡាញ) នៅម្តុំខាងកើតរង្វង់មូលកួរស្រូវ ស្ថិតនៅសង្កាត់ព្រែកកំពឹស ខណ្ឌដង្កោរាជធានីភ្នំពេញ ពេលទៅដល់ជនសង្ស័យបានលេងល្បែងស៊ីជល់មាន់ភ្នាល់ (តាមអនឡាញ) ចាញ់លុយអស់ជនសង្ស័យ បានយកម៉ូតូរបស់ជនរងគ្រោះ ទៅបញ្ចាំអោយមនុស្សប្រុសម្នាក់ពុំស្គាល់ឈ្មោះ នៅ សង្កាត់ព្រែកកំពឹស ខណ្ឌដង្កោ រាជធានីភ្នំពេញ ក្នុងតម្លៃ ១.០០០.០០០រៀល រួចលេងល្បែងចាញ់អស់ហើយបានគេចខ្លួន លុះដល់ថ្ងៃទី១៨ ខែ សីហា ឆ្នាំ២០២១ ជនរងគ្រោះបានឃើញជនសង្ស័យកំពុងឈនៅចំណុចឃុំជើងកើប ភ្លាមនោះជនរងគ្រោះបានតេទូរស័ព្ទប្តឹងសមត្ថកិច្ច ប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំ សៀមរាប ក្រោយពីទទួលបានព័ត៌មានភ្លាម កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំសៀមរាប បានចុះទៅធ្វើការឃាត់ខ្លួនជនសង្ស័យ បញ្ជូនមកកាន់អធិការដ្ឋាននគរបាល ស្រុកកណ្តាលស្ទឹង ដើម្បីកសាងសំណុំរឿងតាមនីតិវិធី ៕
មតិយោបល់