មានសំនួរជាច្រើនបានចោទសួរទៅកាន់តារាសម្ដែងសាច់សខ្ចី អ្នកនាង កុល ដាវី ថា «មានគម្រោងយកបុត្រទៀតទេ បន្ទាប់ពីជួបបទពិសោធន៍មិនល្អម្ដងរួចមកនោះ?»។ នៅពេលថ្មីៗនេះ តារាសម្ដែងស្រីដ៏មានប្រជាប្រិយភាពរូបនេះ បានបង្ហើបដំណឹងល្អប្រាប់អ្នកគាំទ្រហើយ។
នៅលើហ្វេសប៊ុករបស់អ្នកនាង កុល ដាវី បានបង្ហោះ Location ពីការទៅពិនិត្យ និងតាមដានសុខភាពមួយ នៅក្នុងមន្ទីរសម្ភពឯកជនមួយកន្លែងក្នុងរាជធានីភ្នំពេញ។
បើទោះបីជាមិននិយាយរៀបរាប់វែងឆ្ងាយ ប៉ុន្តែតាមរការបង្ហោះរូប និងការសសេរ Caption របស់អ្នកនាង កុល ដាវី បញ្ជាក់តម្រុយឱ្យដឹងថា នាងកំពុងតែពពោះកូនជាថ្មីម្តងទៀត ខណៈទីតាំងដែលនាងទៅពិនិត្យនោះ គឺជាមន្ទីរពេទ្យដ៏ល្បីមួយកន្លែង ដែលតារាល្បីៗបាននាំគ្នា ទៅសម្រាលកូននៅទីនោះ។
ទោះជាយ៉ាងណា ប្រសិនបើដំណឹងពីការពពោះកូនជាថ្មីរបស់នាង កុល ដាវី នាពេលនេះពិតប្រាកដមែននោះ វាគឺជាដំណឹងដ៏ល្អមួយសម្រាប់នាង និងស្វាមី ជាពិសេសប្រិយមិត្តគាំទ្រ។ ចំណងដៃដ៏ថ្លៃថ្លានេះ នឹងរិតតែចំណងស្នេហ៍រវាងនាង និងស្វាមី កាន់តែស្អិតរមួត ហើយនាងនឹងមានកូនសម្រាប់ប្រឡែក ត្បិតនាងមានវ័យកាន់តែជ្របន្តិចទៅហើយ។
សូមរំលឹកផងដែរថា អ្នកនាង កុល ដាវី បានបាត់បង់ដំណក់ឈាមដំបូងម្ដងរួចហើយ ដែលធ្វើឱ្យប៉ះពាល់ដល់សតិអារម្មណ៍ និងផ្លូវចិត្តអ្នកនាងយ៉ាងខ្លាំង។ ក៏ប៉ុន្តែ អ្នកនាងធ្លាប់បានអះអាងថា នៅពេលសមរម្យណាមួយ ដែលអ្នកនាងមានពេលគ្រប់គ្រាន់ក្នុងការថែទាំសុខភាពបានពេញលេញ នោះអ្នកនាង និងពិគ្រោះជាមួយគ្រូពេទ្យក្នុងការយកបុត្រម្ដងទៀត។ ហើយនេះក៏ជាថ្ងៃដែលអ្នកនាងអាចបំពេញក្តីស្រម៉ៃខ្លួន និងស្វាមីបាន៕
មតិយោបល់