តារាឯកប្រុសថៃដែលជាគ្រាប់ពេជ្រប្រចាំស្ថានីយទូរទស្សន៍ប៉ុស្ដិ៍លេខ៣ ប៊យ ផាកន (Boy Pakorn) បានឆក់យកចិត្តនារីៗជាច្រើន ជាពិសេសលោកមានអ្នកគាំទ្រស្រឡាញ់ពេញចិត្តលោកច្រើន។ ក៏ប៉ុន្ដែអ្វីដែលចាប់អារម្មណ៍មកទល់ពេលនេះគឺ តារាប្រុសរូបនេះ នៅមិនទាន់មានដំណឹងច្បាស់ការណាមួយដែលបញ្ចាក់ថា លោកមានម្ចាស់ចិត្តនោះទេ បើទោះជាកន្លងមកលោកមានទំនាក់ទំនងលេងសើចជាមួយមនុស្សជាច្រើននាក់ក៏ដោយ។
កន្លងមកថ្មីៗនេះ មានដំណឹងលេចលឺថា លោក ប៊យ ផាកន មានទំនាក់ទំនងសង្ស័យជាមួយតារាស្រីជាច្រើនរូប ក៏ប៉ុន្ដែតាមការបកស្រាយរបស់លោក នៅមិនទាន់មាននារីណាម្នាក់ស្ថិតនៅក្នុងបេះដូងរបស់លោកនៅឡើយទេ ពោលគឺមានតែការឆាតសួរនាំជារឿយពីការងារ។ តារាឯកប្រុសរូបនេះ ត្រូវបានចាត់ទុកថា ជាតួប្រុសកំឡោះខ្លួនមួយទៅហើយ ព្រោះភាគច្រើនក្រៅពីមិត្តរួមអាជីព និងក្រុមគ្រួសារ លោកកម្រនឹងបង្ហោះរូបភាពជាមួយនារីណាម្នាក់នៅលើបណ្ដាញសង្គមអ៊ីនស្ដាក្រាមផ្ទាល់ខ្លួនលោកណាស់។
មួយវិញទៀត មូលហេតុដែលលោកនៅខ្លួនមួយសព្វថ្ងៃនេះ លោកបានបង្ហើបប្រាប់អ្នកសារព័ត៌មានថៃថា លោកនៅមិនទាន់មានពេលវេលាគ្រប់គ្រាន់ ដើម្បីឱ្យដៃគូជីវិតរបស់លោកនៅឡើយទេ ព្រោះសព្វថ្ងៃនេះមានការងារជាច្រើនដែលលោកមានតួនាទីត្រូវបំពេញ។ បើតាមការចេញផ្សាយរបស់សារព័ត៌មានថៃមួយបានអះអាងថា ការពិតដែលតារាប្រុស ប៊យ ផាកន មិនព្រមមានដៃគូជីវិតនៅក្នុងវ័យនេះ នោះគឺ លោកនៅស្ដាយភាពជា «តួឯកប្រុស» របស់លោក ដែលមិនចង់ធ្វើបាបចិត្តរបស់អ្នកគាំទ្រ៕
មតិយោបល់