(ភ្នំពេញ)៖ ទស្សនិកជនប្រាកដជាស្គាល់ យាយយ៉យ ម្ចាស់ហើយ ព្រោះលោកយាយគឺជាតារាចម្រៀងអាយ៉ៃជើងចាស់មួយរូបរបស់កម្ពុជា ដែលជាដៃគូជាមួយលោកតា ព្រហ្ម ម៉ាញ។ យ៉ាងណាមិញ រហូតមកទល់នឹងបច្ចុប្បន្ននេះ ត្បិតថាមិនសូវមានកម្មវិធីសិល្បៈ ដែលត្រូវការលោកយាយទៅចម្រៀងអាយ៉ៃយ៉ាងណាក្តី តែយាយយ៉យ ហាក់មមាញឹកខ្លាំងនឹងការងារថតស្ពតពាណិជ្ជមាន ហើយបើងាកទៅមើលពីសម្រស់វិញ គឺឆើតឆាយមិនចាញ់ក្មេងៗឡើយ ពេលតុបតែងខ្លួនម្តង។
តារាជើងចាស់ពោរពេញដោយទេពកោសល្យ និងសមត្ថភាព យាយយ៉យ ត្រូវបានគេស្គាល់យ៉ាងច្បាស់ជាតារាកំប្លែងដែលតែងតែធ្វើឲ្យមហាជនគ្រប់ស្រទាប់បានសើចសប្បាយក្អាកក្អាយ តាមរយៈពាក្យសម្ដី និងកាយវិការកំប្លុកកំប្លែង។ ជាពិសេស តារាជើងចាស់រូបនេះអាចច្រៀងអាយ៉ៃបានយ៉ាងពីរោះ ទាក់ចិត្តឲ្យទស្សនិកជនជាច្រើនចូលចិត្តស្ដាប់ផងដែរ។
ជាក់ស្ដែង បើទោះបី យាយយ៉យ វ័យកាន់តែជ្រេទៅមុខក៏ពិតមែន តែបើមើលទៅលើសាច់ឈាមពិតជារឹងមាំស្វាហាប់ខ្លាំង។ លើសពីនេះទៅទៀត គេចាប់អារម្មណ៍ឃើញទៀតថា គ្រប់ពេលដែលតារាកំប្លែងរូបនេះ ទៅចូលរួមកម្មវិិធីម្ដងៗ តែងតែតុបតែងខ្លួនខ្ញង់ៗ ស្លៀកសម្លៀកបំពាក់សាកសមគ្រប់ឈុត ដែលធ្វើឲ្យសម្រស់តារារូបនេះក្មេងជាងមុនថែមមួយកម្រិតទៀត៕








មតិយោបល់